រដ្ឋមន្ត្រីក្រសួងកសិកម្មឆ្លើយតបទៅនឹងការរិះគន់របស់ក្រុមប្រឆាំងពីការថយចុះ និងបាត់បង់ផលត្រី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបទៅនឹងការរិះគន់ និងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋាននានាដែលថា ការថយចុះ និងបាត់បង់ផលត្រី ដោយសារការអសមត្ថភាពរបស់ក្រសួងកសិកម្ម រដ្ឋបាលជលផល មន្ត្រីប្រព្រឹត្តអំពើពុករលួយនេសាទឧបករណ៍ខុសច្បាប់ កាប់បំផ្លាញព្រៃលិចទឹកកាន់កាប់ធ្វើកម្មសិទ្ធិខុសច្បាប់ និងគ្មានវិធានការលែងពូជត្រី។ ឯកឧត្តមរដ្ឋមន្រ្តីថា បុគ្គលទាំងនោះមិនបានអាននូវអ្វីដែលជារបត់នយោបាយក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលលើអនុវិស័យនេះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រួបឯកសារ)

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៨ ខែមិថុនានេះថា លោកគិតថា គេអាចមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការសម្តែងមតិ រួមទាំងការស្វែងរកមន្រ្តីពុករលួយ ដើម្បីបញ្ជូនទៅតុលាការ។ អ្វីដែលសំខាន់នោះ បុគ្គលនេះត្រូវចេះអាននូវអ្វីដែលជារបត់នយោបាយក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលលើអនុវិស័យនេះ ពីការអនុវត្តវិមជ្ឈការមុនឆ្នាំ២០០៦ មកអនុវត្តមជ្ឈការក្រោយឆ្នាំ២០០៦។ រាជរដ្ឋាភិបាលសម្រេចធ្វើវិមជ្ឈការក្រោយឆ្នាំ២០១៦ ដោយត្រូវប្រគល់សិទ្ធិអំណាចទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តជាអ្នកដឹកនាំបង្រ្កាបបទល្មើស ជលផល និងព្រៃឈើ។ ក្នុងករណីនេះ គឺក្រសួងអាចអន្តរាគមន៍លុះត្រាតែមានសំណូមពរចាំបាច់តែប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា “ការបាត់បង់ធនធានធម្មជាតិកន្លងមក មានហេតុផលជាច្រើនដូចដែលខ្ញុំបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ ព្រោះជាលក្ខណៈសត្យានុម័ត មិនមែនក្រសួងជាអ្នកធ្វើនោះទេ ព្រោះបានផ្តើមចេញពីដំណើរនៃការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចជាតិ កំណើនទីក្រុង ទីប្រជុំជន ការកកស្ទះដីល្បាប់តាមបណ្តាផ្លូវទឹក និងព្រែកនានា នៅតាមដងទន្លេជាដើម”។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ដោយឡែកកាធ្វើវារីវប្បកម្មរបស់យើងនាពេលបច្ចុប្បន្ន គឺស្ថិតនៅរាយបាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់គ្នាបានទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយដើម្បីប្រមូលធ្វើការផ្គត់ផ្គងទីផ្សារ និងការដឹកជញ្ជូនផងដែរ។ នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលយើងកំពុងពិនិត្យ និងដោះស្រាយជាលក្ខណៈអន្តរក្រសួង ក្នុងនេះមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧតុនិយម ធនាគារអភិវឌ្ឍជនបទនិងកសិកម្ម និងអាជ្ញាធរដែនដីផងដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា “បើទោះបីកម្ពុជាជួបបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ទាក់ទងទៅនឹងការធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០)បានប្រព្រឹត្តទៅ ទទួលបានវឌ្ឍនភាព ដោយមានសន្ទុះគួរឱ្យកត់សម្គាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ៖
-២០១៥ ទទួលបាន ១៤៣ ១៤១ តោន
-២០១៦ ទទួលបាន ១៧២ ៥០០ តោន
-២០១៧ ទទួលបាន ២០៧ ៤៤៣ តោន
-២០១៨ ទទួលបាន ២៥៤ ០៤៨ តោន
-២០១៩ ទតួលបាន ៣០៧ ៤០៨ តោន
(មានកំណើនទិន្នផលវារីវប្បកម្មប្រចាំឆ្នាំជាមធ្យម ២០,៦% ចាប់ ពីឆ្នាំ២០១៥-២០១៩) និង
-នៅឆ្នាំ២០២០ កើនឡើងដល់ ៤០០ ៤០០ តោន មានកំណើន ៣០% ធៀបទៅនឹងឆ្នាំ២០១៩។

កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនវារីវប្បករកម្ពុជាយើង គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូរអភិវឌ្ឍន៍អន្តរជាតិនានាផងដែរចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានទទួលស្គាល់ថា …មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែបន្តជួបប្រទះបញ្ហា ប្រឈមមិនទាន់អាចដោះស្រាយបាននៅឡើយ។ ដោយមូលហេតុសំខាន់ៗដូចជាៈ ការថមថយផលត្រីពីធម្មជាតិ ដោយសារ កំណើនប្រជានេសាទ បច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើសមានល្បិចកលក្នុងការធ្វើនេសាទខ្ពស់ ការរេចរិលបរិស្ថាន និងការបាត់បង់ជម្រកត្រីសម្រាប់ពងកូន ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី កិច្ចសហការ និងសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសជលផលនៅមានកម្រិត ក្រោយពីប្រមុខ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់នៃការផ្ទេរសិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ។

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ថា វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុកនៅមានតម្លៃខ្ពស់។ នាំចេញតម្លៃសេវាក្នុងការផលិត កែច្នៃ និងស្តុកក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម តាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍- ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយដូចបានរៀបរាប់ខាងលើ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner