អភិបាលខេត្តកែប អះអាងថា ខេត្តកំពុងតែដុតដៃដុតជើងយ៉ាងខ្លាំង រៀបចំសន្តិសុខសណ្តាប់ធ្នាប់ ត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាទ្រីយ៉ាត្លុង

ឯ ឧ សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា ក្នុងនាមជាខេត្ត គោលដៅមួយ ក្នុងចំណោមខេត្តទាំង៥ ដែលត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡាទ្រីយ៉ាត្លុង ដូច្នេះហើយខេត្ត កំពុងដុតដៃដុតជើងយ៉ាងខ្លាំង រៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធ្វើយ៉ាងណាកែប្រែអភិវឌ្ឍក្លាយជាខេត្តដែលមានសក្តានុពល ។


ឯ ឧ សោម ពិសិដ្ឋ ពន្យល់ថា ក្រៅពីរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ខេត្តក៏ខិតខំ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ ដូចជាបរិស្ថានអនាម័យតាមដងផ្លូវ ដោយបានបញ្ជ្រាបស្មារតីឲ្យប្រជាពលរដ្ឋយកបេះដូងចូលរួមថែរក្សា អនាម័យ និងបរិស្ថាន ដើម្បីឲ្យសោភ័ណ្ឌភាពខេត្តទាំងមូលអោយក្លាយជាកន្លែងដ៍ទាក់ទាញ សម្រាប់អត្តពលិក មកពីតំបន់អាស៊ាន ដែលត្រៀមចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

ឯ ឧ អភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្នុងនាមជាខេត្តទទួលព្រឹត្តិការណ៍កីឡាទ្រីយ៉ាត្លុងកម្រិតអន្តរជាតិ ស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ ខេត្តមិនត្រឹមតែបណ្តុះស្មារតីឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ បរិស្ថានប៉ុណ្ណោះទេ ខេត្តក៏បានបណ្តុះស្មារតីឲ្យពួកគាត់ចូល រួមស្រលាញ់កីឡា លេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ពិសេសគៀងគរយុវជនជៀសផុតពីអំពើរអប្បាយមុខផ្សេងៗផងដែរ ។


សូមបញ្ជាក់ថា ខេត្តកែប ជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង៥ ដែលមានភារៈកិច្ចទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាទ្រីយ៉ាត្លុង ស៊ីហ្គេម ឆ្នាំ២០២៣ ។ ក្រៅពីនោះខេត្តកែបក៏ជាខេត្តគោលដៅ នៃការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិជាច្រើនផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner