ប្រព័ន្ធ QR Code ភ្ជាប់ជាមួយស្លាកសញ្ញាសម្គាល់ការអនុវត្តកសិកម្មល្អកម្ពុជា ដែលបិទនៅលើផលិតផលមានសារៈ ចំពោះអ្នកទិញ

តើប្រព័ន្ធ QR Code ភ្ជាប់ជាមួយស្លាកសញ្ញាសម្គាល់ការអនុវត្តកសិកម្មល្អកម្ពុជា (Cambodia Good Agricultural Practices, CamGAP) ដែលបិទនៅលើផលិតផលមានសារៈប្រយោជន៍ដូចម្ត៉េចខ្លះចំពោះអ្នកទិញ?

១- ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចក្នុងរយ:ពេលកន្លងមក ធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដោយផ្តោតភ្ជង់ជាសំខាន់លើគុណភាព និងសុវត្ថិភាពជាចំបង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវ ឱ្យប្រជា ពលរដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតរួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។

ភ្ជាប់ទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាពលើផលិតផលបន្លែ និងផ្លែឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយកចិត្តទុកដាក់សហការអនុវត្តគោលការណ៍ និងរូបសញ្ញាជាតិនៃការអនុវត្ត CamGAP ដែលមានអគ្គនាយកដ្ឋានកសិកម្មជាអង្គភាពទទួលខុសត្រូវគ្រប់គ្រង និងផ្តល់វិញ្ញាបនបត្រ បញ្ជាក់នូវអនុលោមភាព ហើយដែលមាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ជាសេនាធិការដឹកនាំជំរុញ គាំទ្រ និងលើកទឹកចិត្តអនុវត្តផ្ទាល់ និងការសហការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី-ខេត្ត។ CamGAP ត្រូវបានក្រុមការងារជំនាញអាស៊ានវាយតម្លៃថាបានអនុលោមពេញលេញតាមវិធាននៃការអនុវត្តកសិកម្មល្អអាស៊ាន ដែលជាស្តង់ដារស្ម័គ្រចិត្តមួយត្រូវបានសហគមន៍សេដ្ឋកិច្ចអាស៊ានអនុម័តឱ្យប្រើប្រាស់ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្ម។

បច្ចុប្បន្ននេះ ការជំរុញការអនុវត្ត CamGAP មិនត្រឹមតែបាននិងកំពុងចូលរួមលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ការចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP បានក្លាយជាយន្តការបច្ចេកទេសដ៏សំខាន់មួយដើម្បីធានាឲ្យបាននូវការគោរពប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រូវច្បាស់លាស់តាមនិយាមសុវត្ថិភាពចំណីអាហារចំពោះប្រទេសនាំចូលកសិផលសំខាន់ៗរបស់កម្ពុជា។ ជាក់ស្តែង សម្រាប់ផលិតកម្មស្វាយ និងចេកអំបូងលឿង ការជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជន សហគមន៍ និងម្ចាស់ចម្ការ ចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP គឺដើមចមយ៉ាងសំខាន់ជួយឲ្យការចរចាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទជាមួយភាគីចិន និងភាគីកូរ៉េ អំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែចេកអំបូងលឿងស្រស់ ទៅកាន់ទីផ្សារប្រទេសទាំងពីរសម្រេចទទួលបានជោគជ័យ។

២- ការប្រើប្រាស់ស្លាកសញ្ញា CamGAP៖ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃ ព្រមទាំងការវិភាគសំណាកផលិតផលនៅមន្ទីរពិសោធន៍ ម្ចាស់ចម្ការ ឬកសិដ្ឋានដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីអនុលោមភាពតាមវិធាន CamGAP ពីអគ្គនាយកដ្ឋានកសិកម្ម អាចប្រើប្រាស់ស្លាកសញ្ញា CamGAP រួមជាមួយស្លាកសញ្ញាប្រព័ន្ធតាមដានប្រភពកសិផល (QR Code) បិទលើផលិតផលរបស់ខ្លួនបាន។ ប្រព័ន្ធQR Code ដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានកសិកម្ម ជាប្រព័ន្ធសម្រាប់ធ្វើការតាមដានប្រភពកសិផលដែលទទួលបានការបញ្ជាក់ថាជាកសិផលរបស់ចម្ការ ឬកសិដ្ឋានដែលបានអនុវត្ត CamGAP។

ការប្រើប្រាស់ប្រព័ន្ធ QR Code ទៀតសោតអាចជួយធ្វើឲ្យអ្នកប្រើប្រាស់អាចកំណត់បាននូវផលិតផលដែលទទួលបានការពិនិត្យ និងបញ្ជាក់ត្រឹមត្រូវ ការក្លែងបន្លំរូបសញ្ញា ព្រមទាំងផ្តល់នូវសុក្រិតភាព តម្លាភាព និងបង្កើនភាពជឿជាក់លើផលិផលដែលមានបិទរូបសញ្ញាជាតិ CamGAP។ ម៉្យាងវិញទៀត តាមរយៈប្រព័ន្ធ QR Code នេះអ្នកបរិភោគ អាចដឹងពីប្រភពកសិផលច្បាស់លាស់ កសិករដាំដុះ និងទីតាំងចម្ការជាដើម។ សូមបញ្ជាក់បន្ថែមថាកសិផលចេញពីចម្ការ ឬពីកសិដ្ឋានដែលទទួលបានការចុះបញ្ជីជាចម្ការ ឬកសិដ្ឋានការអនុវត្តតាម CamGAP គឺមានស្លាកសញ្ញា CamGAP និង QR code បិទលើផលិតផលនោះ។

រាល់ការស្កែនលើ QR Code ដែលត្រឹមត្រូវនឹងភ្ជាប់មកប្រព័ន្ធទិន្ន័យរបស់អគ្គនាយកដ្ឋានកសិកម្ម (gap.gdacambodia.org) ហើយ QR Code ដែលត្រឹមត្រូវ គឺមានលេខកូដ និងកាលបរិច្ឆេទសុពលភាព QR Code នោះ ដែលអាយុកាលសុពលភាពនេះអាចប្រែប្រួលទៅតាមអាយុកាលប្រភេទបន្លែ ឬផ្លែឈើ។ ដូច្នេះរាល់ការស្កែន QR Code ទាំងឡាយណាដែលត្រឹមត្រូវនឹងបង្ហាញនូវផ្ទាំងព័ត៌មានដូចដែលបានបញ្ជាក់ខាងលើ ប៉ុន្តែរាល់ការស្កែន QR Code ដែលផុតសុពលភាពនឹងមិនបង្ហាញនូវព័ត៌មានទាំងនោះឡើយ តែជំនួសដោយ QR Code មិនត្រឹមត្រូវ ឬ Invalid QR Code។ ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញទាក់ទងទៅបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លេខ ០១២ ៣២៥ ៥៥៨៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner