ជនសង្ស័យ​ ៤នាក់ ក្លែងបន្លំធ្វើជាមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងបានជំរិតយកប្រាក់ពីប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់ខ្លួន

យោងតាមមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនៅថ្ងៃទី២០មិថុនាបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានជាបន្តបន្ទាប់ពីពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ដីពីជនសង្ស័យមួយក្រុម បង្ហាញអត្តសញ្ញាណជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ប្រើមធ្យោបាយ រថយន្ត ម៉ូតូ ធ្វើសកម្មភាពចាប់ពលរដ្ឋសម្លុតយកប្រាក់ជាថ្នូរ នៃការដោះលែងវិញ។

នៅម៉ោង១២យប់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការស្រាវជ្រាវឈានទៅបង្រ្កាបជាក់ស្តែង ក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងធ្វើសកម្ម ភាពចាប់ពលរដ្ឋសម្លុតយកប្រាក់ នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ខ្មែរ ជាមេក្លោងផ្តើមគំនិត, ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ខ្មែរ ជាអ្នកសមគំនិត, ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ ៣១ឆ្នាំ ខ្មែរ ជាអ្នកសមគំនិត និង ឈ្មោះ សល់ ភារ: ភេទប្រុស អាយុ ៣១ឆ្នាំ ខ្មែរ ជាអ្នកសមគំនិត។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាង រួមមាន រថយន្ត១គ្រឿង, ម៉ូតូ២គ្រឿង, អាវុធខ្លី ជ័រ១ដើម, វិទ្យុទាក់ទង ម៉ាក់មូតូរ៉ូឡា១គ្រឿង, ឯកសណ្ឋាននគរបាល២កំប្លេ និង អាវ១, មួកនគរបាល១, ខ្សែក្រវ៉ាត់នគរបាល១, អាវគ្រោះ១មានផ្លាក់សញ្ញាគ្រឿងញៀន, អាវកាក់១ មានផ្លាក់សញ្ញាគ្រឿងញៀន, កាបូកដៃមានសញ្ញានគរបាលគ្រឿងញៀន១, កាតនគរបាលក្លែងក្លាយ ចំនួន៣សន្លឹក, កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍១សន្លឹក, តេស្តទឹកមូត្ររកសារធាតុញៀន ១តេស្ត, កាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ២សន្លឹក, កាតសម្គាល់អាវុធខ្លី១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក, កាតចាក់វ៉ាក់សាំង ១សន្លឹក។ ជនសង្ស័យបានសារភាពថា គេបានធ្វើសកម្មភាពជំរិតប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាច្រើនលើករួចមកហើយ។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner