នៅថ្ងៃស្អែក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំកំណត់កាលបរិច្ឆេទ​បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ធ្វើប្រធានគ.ជ.ប

ភ្នំពេញ: គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភានឹងប្រជុំនៅថ្ងៃទី២២ ខែមិថុនាស្អែកនេះ ដើម្បីកំណត់កាលបរិច្ឆេទសម័យប្រជុំរដ្ឋសភាពេញអង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខភាពឯកឧត្តម ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប. ) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទីនិងតំណែង ប្រធាន គ .ជ.ប.។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភានៅព្រឹកថ្ងៃទី២១ ខែមិថុនា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប (រូបឯកសារ)

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានសម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១នៃរដ្ឋសភាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជ្រើសរើសជាបេក្ខភាពប្រធាន គ.ជ.ប. ដាក់ជូនរដ្ឋសភាជាតិបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគ.ជ.ប ត្រូវការសំឡេងគាំទ្រតែ៥០% បូក១ នៃសមាជិករដ្ឋសភាទាំង១២៥រូប។

គ.ជ.ប.មានតួនាទីទទួលខុសត្រូវចំពោះស្ថាប័នរដ្ឋសភាជាតិដែលមានសិទ្ធិកោះហៅប្រធានឬសមាជិក(គ.ជ.ប.)មកសួរដេញដោលផ្ទាល់។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅគណបក្សប្រជាជនកម្ពុជា បានសម្រេចជ្រើសរើសយកឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប. ជំនួសឯកឧត្តម ស៊ិក ប៊ុកហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប.។

គួររំលឹកថា កាលពីថ្ងៃទី១៥ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺឯកឧត្តម​ ប្រាជ្ញ ចន្ទ និង ឯកឧត្តម ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

អ្នកនាំពាក្យរដ្ឋសភាឯកឧត្តម ឡេងប៉េងឡុង បានបញ្ជាក់ថាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ១៦ ខែមិថុនា បានសម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប.។

ឯកឧត្តម ប្រាជ្ញ ចន្ទ (រូបឯកសារ)

ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានគេស្គាល់ថា ជាអតីតអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងចុងក្រោយជាតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ។

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅបានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប. និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភាធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនាដោយសារវ័យ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner