មេដឹកនាំយោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក្រោយអង្គការសហប្រជាជាតិអំពាវនាវអោយហាមលក់អាវុធដល់ប្រទេសខ្លួន

មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងហ្លេង (Min Aung Hlaing) បានធ្វើដំណើរតាមជើងហោះហើរចាកចេញពីប្រទេសខ្លួនហើយ ដើម្បីទៅចូលរួមក្នុងសន្និសិទអន្តរជាតិមួយក្នុងទីក្រុងមូស្គូ ដែលនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២របស់លោក ចាប់តាំងពីការដណ្តើមអំណាចកាលពីខែកុម្ភៈមក នេះបើតាមសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ារាយការណ៍នៅថ្ងៃអាទិត្យម្សិលមិញ ។
លោកឧត្តមសេនីយ៍ មីន អោងហ្លេង នឹងត្រូវចូលរួមក្នុងសន្និសិទស្តីអំពីសន្តិសុខអន្តរជាតិ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី២២ដល់២៤ ខែមិថុនាខាងមុខ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យម្សិលមិញ ។ ចាប់តាំងពីគ្រប់គ្រងអំណាចមក លោក មីន អោងហ្លេង បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់ ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះកាលពីខែមេសា ។
ហើយដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទី២នេះដែរ បានកើតមានឡើងក្រោយមហាសន្និបាទអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្តាហ៍មុន បានថ្កោលទោសរដ្ឋប្រហាររបស់មីយ៉ាន់ម៉ា និងអំពាវពាវអោយមានការហាមឃាត់ការលក់អាវុធដល់ប្រទេសនេះ នៅក្នុងសេចក្តីសម្រេចមួយដែលបង្ហាញពីការប្រឆាំងទូទាំងពិភពលោកចំពោះរបបយោធា ក៏ដូចជាទាមទារអោយមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញរបស់ប្រទេសមីយ៉ាន់ម៉ាផងដែរ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner