កីឡាកាយវប្បកម្ម បង្ហាញឆន្ទៈខំប្រឹង ដើម្បីត្រៀមស៊ីហ្គេម នៅវៀតណាម

អត្ថបទដោយ៖
សារ៉ាន ទីងី

ទោះបីកាលបរិច្ឆេទប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កំពុងមានភាពស្រពេចស្រពិលយ៉ាងណាក្ដី ក៏ក្រុមកីឡាកាយវប្បកម្មជម្រើសជាតិកម្ពុជា នៅតែបន្ដខិតខំប្រឹងប្រែងជានិច្ច ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះ ស្របតាមគោលការណ៍ និងការផ្ដល់សេចក្ដីទុករបស់ក្រសួងអប់រំ យុវជន និងកីឡា ។ នេះបើតាមការបញ្ជាក់របស់លោក សុខ វណ្ណៈ អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។

លោក សុខ វណ្ណៈ បានឲ្យដឹងថា បច្ចុប្បន្នកីឡាករកាយវប្បកម្មជម្រើសជាតិកម្ពុជា ៤រូប កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ក្នុងនោះកីឡាករ ២រូប បានហ្វឹកហាត់នៅក្លិបផ្ទាល់ខ្លួន ខណៈ ២នាក់ទៀត ហ្វឹកហាត់នៅក្លិបផ្សារសំណង់១២ ។ ទោះបីក្នុងបរិបទកូវីដ-១៩ កីឡាករទាំងអស់ មិនអាចប្រមូលផ្ដុំជុំគ្នាបាន តែកីឡាករម្នាក់ៗ បានខិតខំរៀងៗខ្លួន ហើយនៅរៀងរាល់ថ្ងៃអាទិត្យ កីឡាករទាំងអស់ តែងណាត់ជួបគ្នា ដើម្បីកែលម្អចំណុចខ្វះខាត ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ។

បន្ទាប់ពីចាប់ផ្ដើមហ្វឹកហាត់រយៈពេលជិត ៣ខែកន្លងមកនេះ សហព័ន្ធសង្កេតឃើញកីឡាករម្នាក់ៗ ពិតជាមានការខិតខំប្រឹងប្រែង ហើយកាយសម្បទា ក៏មានការរីកចម្រើនច្រើនផងដែរ ។ ហេតុនេះ សហព័ន្ធនឹងបន្ដជំរុញ យកចិត្តទុកដាក់ និងតាមដានការហ្វឹកហាត់របស់កីឡាករទាំងអស់ ដើម្បីធានា និងពង្រឹងនូវសមត្ថភាព បច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ទោះបីព្រឹត្តិការណ៍នេះ អាចមានការប្រែប្រួលកាលបរិច្ឆេទប្រកួត ឬអត់ក៏ដោយ ។ លោក សុខ វណ្ណៈ បញ្ជាក់ ។

ចំពោះសមាសភាពក្រុមកាយវប្បកម្មជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់បច្ចុប្បន្ន រួមមានកីឡាករ កែវ សំណាង, ទ្រីង ចាន់, អ៊ុន បូរ៉ាត់ និង អ៊ុត សុធា ដែលដឹកនាំដោយគ្រូបង្វឹកលោក ចាប វ៉ាននី ។ កីឡាកាយវប្បកម្ម ត្រូវបានចាត់ទុកជាប្រភេទកីឡាមានសក្ដានុពលមួយរបស់កម្ពុជា ដែលមានសមត្ថភាពអាចដណ្ដើមមេដាយជូនជាតិ ជាក់ស្ដែងកន្លងមកក្រុមកីឡាកាយវប្បកម្មធ្លាប់ឈ្នះមេដាយមាស ៥, ប្រាក់ ៣, និងសំរឹទ្ធ ២ ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ និងឈ្នះមេដាយមាស ២, ប្រាក់ ១ និងសំរឹទ្ធ ២ ពីការប្រកួតជើងឯកពិភពលោកទៀតផង ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner