ស្រួង ភាវី បង្កការភ្ញាក់ផ្អើលនៅកូរ៉េជាថ្មី ក្រោយឈ្នះជើងឯកពានដ៏ធំ អមប្រាក់រង្វាន់ ២០លានវ៉ុនលើកដំបូង

អត្ថបទដោយ៖
សារ៉ាន ទីងី

(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានបង្កការភ្ញាក់ផ្អើលនៅសាធារណរដ្ឋកូរ៉េជាថ្មីទៀតហើយ បន្ទាប់ពីលោកស្រីដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship (ប្រកួតប៊ីយ៉ាប្រភេទ ៣គ្រាប់ ឬហៅថា ការ៉ុម) ផ្នែកនារីលើកដំបូង អមជាមួយប្រាក់រង្វាន់ ២០លានវ៉ុន (ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ) ក្រោយយកឈ្នះកីឡាការិនីជើងខ្លាំងម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។


កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំខាងលើបានឲ្យដឹងថា នេះគឺជាការប្រកួតកម្រិតពិភពលោកមួយ ដែលក្រុមហ៊ុនធំៗនៅកូរ៉េ បានចុះកុងត្រានាំយកកីឡាករ-កីឡាការិនីល្បីៗ ជុំវិញពិភពលោកមកប្រកួតតំណាងក្រុមហ៊ុនរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ។ ជាក់ស្ដែងនេះគឺជាលើកដំបូងហើយ ដែលលោកស្រីបានចូលរួមការប្រកួតពានរង្វាន់ Blue One Resort LPBA Championship បន្ទាប់ពីលោកស្រីបានចុះកុងត្រារយៈពេល ១ឆ្នាំជាមួយក្រុមហ៊ុន Blue One Resort កាលពីថ្មីៗកន្លងទៅ។


ភាវី បន្ដថា ការប្រកួតពានរង្វាន់ដ៏ធំនេះធ្វើឡើងរយៈពេលជាង ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៤-២១ ខែមិថុនា ឆ្នាំ២០២១ នេះ ដោយមានកីឡាការិនីជាង ៧០នាក់ចូលរួម។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាច្រើនដំណាក់កាល កីឡាការិនីកម្ពុជារូបនេះបានឡើងវគ្គជាបន្ដបន្ទាប់ រហូតដល់វគ្គ ១៦នាក់ចុងក្រោយ ភាវី គឺជាកីឡាការិនីបរទេសម្នាក់ ក្នុងចំណោម ២នាក់ ជាមួយកីឡាការិនីជប៉ុន A Sakai ដែលបានឈានដល់វគ្គនេះ ខណៈ ១៤នាក់ទៀត សុទ្ធតែជាកីឡាការិនីម្ចាស់ផ្ទះកូរ៉េខាងត្បូង។


យ៉ាងណាក្ដី ស្រួង ភាវី បានព្យាយាមយកឈ្នះគូប្រជែងជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបជាមួយកីឡាការិនីមានបទពិសោធចាស់វស្សា Kim Gayoung។ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនេះដែរ សិតទី១ កីឡាការិនីម្ចាស់ផ្ទះកូរ៉េ បានបើកការនាំមុខ ១១-៤ពិន្ទុមុន ប៉ុន្ដែនៅសិតទី២, ទី៣ និងសិតទី៤ ភាវី បានព្យាយាមវាយបករហូតដណ្ដើមបានជ័យជម្នះវិញក្នុងលទ្ធផល ១១-៤, ១១-១០ និង ១១-៩ពិន្ទុ ដើម្បីក្លាយជាជើងឯកពានរង្វាន់ Blue One Resort LPBA Championship តែម្ដង។


សម្រាប់ជោគជ័យនេះបានធ្វើឲ្យកីឡាការិនី ស្រួង ភាវី មានមោទនភាពជាខ្លាំង ទោះបីលោកស្រីបានប្រកួតតំណាងក្រុមហ៊ុនកូរ៉េក៏ពិតមែន តែសមិទ្ធផលថ្មីនេះ ក៏ជាការរួមចំណែកយ៉ាងសំខាន់របស់អ្នកគាំទ្រ ដែលតែងតែផ្ដល់កម្លាំងចិត្ត ពិសេសប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនកូរ៉េ ដែលបានស្គាល់ និងផ្ដល់តម្លៃដល់លោកស្រី។ លោកស្រីបានប្ដេជ្ញា នឹងបន្ដការខិតខំបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតអន្ដរជាតិធំៗ និងដណ្ដើមនូវលទ្ធផល ក៏ដូចជាកិត្តិយសជូនគ្រួសារ និងសង្គមជាតិរបស់ខ្លួន។


គួរបញ្ជាក់ថា រយៈពេលជាង ១០ឆ្នាំមកហើយ ដែលលោកស្រី ស្រួង ភាវី បានទៅរស់នៅសាធារណរដ្ឋកូរ៉េ ជាមួយស្វាមី។ បន្ទាប់មកលោកស្រីបានចាប់ផ្ដើមអាជីពជាកីឡាការិនីស្នូកឃ័រប្រភេទការ៉ុម និងបានកសាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺនៅកូរ៉េ និងកម្ពុជា តាមរយៈការដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍ធំៗជាច្រើននៅកូរ៉េ និងលើឆាកអន្ដរជាតិ ទាំងកម្រិតអាស៊ី និងជើងឯកពិភពលោក។ ជាក់ស្ដែងលោកស្រីក៏ជាអតីតម្ចាស់មេដាយសំរឹទ្ធពិភពលោក ឆ្នាំ២០១៨ នៅប្រទេសទួកគីផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner