Cambodia2050 Ep18: ទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច ភាពគ្មានការងារធ្វើដោយសារវិបត្តិកូវីដ នៅកម្ពុជានិងផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ

អត្ថបទដោយ៖
AMS

លោក ចាន់ សុផល អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានអោយដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2021 នេះប្រហែលជាមិនដល់ 4% ដូចដែលការព្យាករណ៍របស់ក្រុមធនាគារអភិវឌ្ឍន៍អាស៊ីទេ។ សកម្មភាពសេដ្ឋកិច្ចនៅឆ្នាំ 2021 នេះមានការថមថយជាងឆ្នាំ 2020 ទៅទៀត។ កាលពីឆ្នាំទៅ ប្រហែលមួយឆ្នាំមុន ខែ5 ខែ6 ឆ្នាំមុនហ្នឹង មានការព្យួរការងារ រោងចក្រខ្លះសុំបិទប៉ុន្តែរដ្ឋាភិបាលផ្ដល់អនុសាសន៍ថាឲ្យព្យួរសិន ពីព្រោះខ្វះការបញ្ជាទិញ ខ្វះតម្រូវការពីប្រទេសផ្សេងៗ ពីព្រោះតែមានស្ថានការណ៍បិទខ្ទប់ ការចរាចរផ្នែកទេសចរណ៍បានថយចុះយ៉ាងខ្លាំង តម្រូវការទិញសំលៀកបំពាក់ដើរលេងហ្នឹង ក៏ថយចុះទៅតាមហ្នឹង ធ្វើឲ្យអ្នកបញ្ជាទិញធំៗក៏គេបន្ថយទៅ។

កាលនោះមានព័ត៌មានថាជាង 230 រោងចក្រដែលបានដាក់ពាក្យស្នើសុំព្យួរ សរុបទាំងវិស័យកាត់ដេរ វិស័យទេសចរណ៍មានឈ្មោះដល់ទៅ 26 ម៉ឺននាក់ដែលគេបានព្យួរការងារ ដូចជា អ្នករត់តុកៗ អ្នកលក់វត្ថុអនុស្សាវរីយ៍ អ្នកលក់ចំណីអាហារនៅតាមផ្លូវសៀមរាបសម្រាប់ទេសចរណ៍ហ្នឹង យើងបានធ្វើការអង្កេតទូទាំងប្រទេស នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ជាអកុសលមកដល់ពេលឆ្នាំនេះដើមឆ្នាំ 2021ហ្នឹង គឺចាប់ពីខែពីរ ព្រឹត្តិការណ៍ 20 កុម្ភៈហ្នឹង ហើយក៏មានការឆ្លងរាលដាលកើនឡើងរហូតដល់មានការបិទខ្ទប់នៅតំបន់មួយចំនួន ជាពិសេសនៅភ្នំពេញ និង ខេត្តកណ្ដាលនេះដែលធ្វើឲ្យមានការប៉ះពាល់ទៅដល់រោងចក្រមួយចំនួន ហើយក៏មានការឆ្លង ជាពិសេសនោះឆ្លងទៅដល់កម្មករកម្មការិនីរោងចក្រ ដែលជំរុញឱ្យរោងចក្រមួយចំនួននោះត្រូវធ្វើការផ្អាក ហើយការប៉ះពាល់នេះហាក់បីដូចជាធ្ងន់ធ្ងរគួរសម បើខ្ញុំក្ដាប់មិនបានទេ ពីមុននោះជិតមួយរយរោងចក្រដែរ ដែលមានការឆ្លងមានការភ័យខ្លាចផង ប៉ុន្តែក៏យ៉ាងណាមិនមានការបិទច្រើន ឬក៏បិទទាំងស្រុងនោះទេ គ្រាន់តែរោងចក្រមួយចំនួនត្រូវបានផ្អាកខ្លះ និងរោងចក្រមួយចំនួនទៀតនៅតែបន្តដដែល។

ដើម្បីជួយស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់រហ័ស ខ្ញុំដូចជាមិនមានជំនឿអីច្បាស់លាស់ ឬ ទស្សនៈអីដែលថាជឿជាក់មុតមាំប៉ុន្មានទេ ប៉ុន្តែខ្ញុំបានសង្កេតឃើញថា រដ្ឋាភិបាលបានខំប្រឹងគិតគូរខ្លាំងណាស់ ចំពោះរឿងនេះ មានទាំងក្រុមការងារ សុទ្ធតែមានអ្នកជំនាញអ្នកឯកទេសចំណានៗ ដែលបានរួមគ្នាគិតចេញជាយុទ្ធសាស្ត្រ ដោះស្រាយភ្លាមៗ ហើយក៏ឃើញថាកំពុងគិតរិះរកយុទ្ធសាស្ត្រដោះស្រាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្រោយពីជំងឺកូវីដនេះថមថយចុះទៅ គឺឆ្លៀតឪកាសនេះ កសាងខឿនគ្រឹះហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អប្រសើរ រៀបចំកង្វះខាតដែលយើងនៅមាន រៀបចំត្រៀមលក្ខណៈឡើងវិញ ដល់ពេលមានការបើកវិស័យទេសចរណ៍នៅលើឆាកអន្តរជាតិ គឺយើងបាន នឹងធានាថាមានសេវាផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឲ្យវិស័យនេះបានល្អជាងមុន។ ហើយដោយឡែកចំពោះសហគ្រាសផ្សេងៗ ទាំងវិស័យសេវាកម្ម ឧស្សាហកម្ម ចាំបាច់បំផុតគឺ ធ្វើយ៉ាងណាឱ្យមានការសម្រួលផ្នែកធុរៈកិច្ច ឲ្យបានច្បាស់លាស់បន្ថែមទៀត គឺកុំឲ្យមានការរាំងស្ទះទៅដល់ដំណើរការសហគ្រាស ដំណើរការក្រុមហ៊ុនធំៗ ទាំងការចុះបញ្ជី រួមទាំងការតម្រូវការផ្សេងៗ ឲ្យគោរពតាមច្បាប់ពន្ធដារការបង់ពន្ធ គឺថាសម្រួលឲ្យបានច្រើនបន្ថែមទៀត ទៅដល់សហគ្រាសខ្នាតតូចខ្នាតមធ្យម។ ហើយគ្រឹះមួយទៀតសំខាន់នៅក្នុងដំណើរការធុរកិច្ច ក៏ដូចជាឧស្សាហកម្មគឺ អគ្គិសនី អគ្គិសនីនេះនៅតែជាចំណុចមួយជាមូលដ្ឋានធំ សម្រាប់ឲ្យមានដំណើរការរោងចក្រ ដំណើរការសហគ្រាស ទាំងផ្នែកឧស្សាហកម្ម ទាំងផ្នែកសេវាកម្មនេះទៅបាន គឺធ្វើយ៉ាងម៉េចឱ្យអគ្គិសនីធូរថ្លៃ ហើយមានគុណភាព គឺថាមិនងាយដាច់ហើយចរនឲ្យបានខ្លាំងគ្រប់គ្រាន់ និងស្ថិតស្ថេរកុំឱ្យថាឡើងចុះឡើងចុះ ជាពិសេសគឺគុណភាពហើយ និងតម្លៃនេះគឺសំខាន់ណាស់ សម្រាប់ជួយអោយប្រទេសយើង មានការរីកចម្រើនផ្នែកវិស័យឧស្សាហកម្ម ផ្នែកកែច្នៃម្ហូបអាហារអីជាដើម៕

វាគ្មិន៖ លោក ចាន់ សុផល អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ
ប្រធានដឹកនាំផលិត៖ អ្នកនាង ឡាក់ លីលី
អ្នកកែសម្រួលអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner