ក្រុមលោក ថាច់ សេដ្ឋា ទទួលភ្លើងខៀវពី សម រង្ស៊ី- អេង ឆៃអ៊ាង រៀបចំបង្កើតគណបក្សបេះដូងជាតិ?

ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបង្ហើបឱ្យដឹងថាក្រុមលោក ថាច់សេដ្ឋា ដែលទទួលបានភ្លើងខៀវ ពីទណ្ឌិត សម រង្ស៊ី និងលោក អេង ឆៃអ៊ាង កំពុងដំណើរការរៀបចំនីតិវិធីបង្កើត “គណបក្សបេះដូងជាតិ” ​មានឈ្មោះ សៀម ភ្លុក ជាអ្នកចេញមុខស្នើទៅក្រសួងមហា។ សមាសភាពដឹកនាំគណបក្សនេះមានលោក ថាច់ សេដ្ឋា និងកញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សេត ជាសមាសភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សនេះ។

ប្រភពបានបញ្ជាក់ថា នៅពេលស្នើសុំបង្កើតគណបក្សបេះដូងជាតិបានហើយ គឺលោក ថាច់ សេដ្ឋា នឹងទៅដឹកនាំគណបក្សនេះ។

ចំណែកលោក ហ៊ុន កុសល អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ក្រុមលោកថាច់ សេដ្ឋា កំពុងដំណើរការបង្កើតគណបក្សបេះដូងជាតិ មានឈ្មោះ សៀម ភ្លុក ដែលតែងតែចោទគេចោទឯងជាអាយ៉ងនោះ អ្នកចេញមុខស្នើទៅក្រសួងមហាផ្ទៃ។ តាមរយៈមន្រ្តីមូលដ្ឋានគណបក្សសង្រ្គោះជាតិ ប្រាប់មកថា សមាសភាពដឹកនាំគណបក្សនេះមានលោក ថាច់ សេដ្ឋា និង ស៊ិន ចាន់ពៅរ៉ូហ្សេត ជាសមាសភាពដឹកនាំបក្ស។

លោកបានបញ្ជាក់ថា “បញ្ហានៅត្រង់ថា តើគណបក្សនេះបង្កើតឡើងដោយមានការបើកភ្លើងខៀវពីទណ្ឌិត សម រង្ស៊ី និង អេង ឆៃអ៊ាង ឬយ៉ាងណា? នាង រ៉ូហ្សេត គឺជាកូនប្រសាររបស់ អេង ឆៃអ៊ាង។ ចំណែកលោក ថាច់ សេដ្ឋា គឺជាមនុស្សស្និទ្ធស្នាលមួយរូបរបស់ទណ្ឌិត សម រង្ស៊ី ដែលក្រុមនេះតែងនិយាយភាសារួបរួមរហូតមក។ បើមិនមានការបើកភ្លើងខៀវទេ ប្រជាជនខ្មែរត្រូវតាមដានមើលថា តើនឹងមានការថ្កោសទោសពីភាគី ក្រុមទណ្ឌិត សម រង្ស៊ី អេង ឆៃអ៊ាង ឬទេ? ព្រោះរហូតមកក្រោយការគេរំលាយសង្រ្គោះជាតិ ទណ្ឌិត សម រង្ស៊ី ឬមនុស្សជំនិតៗរបស់គាត់តែងវាយប្រហារ ថ្កោលទោស មិនសំចៃមាត់ អ្នកចេញសុំសិទ្ធិនយោបាយបែកចេញពីគណបក្សសង្រ្គោះជាតិទៅបង្កើតគណបក្សថ្មី”។

ចំណែកលោក ថាច់ សេដ្ឋា បានបញ្ជាក់ថា “ខ្ញុំមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ព្រោះកំពុងមមាញឹករឿងបុណ្យខ្មែរក្រោម។ រឿងគេថា ជារឿងគេថា រឿងគេគិតគឺជារឿងគេគិត ចំពោះខ្ញុំត្រូវធ្វើរឿងរបស់ខ្ញុំអោយចប់សិន គឺរឿងខ្មែរក្រោម ទើបខ្ញុំគិតរឿងផ្សេងទៀត”។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យបង្កើត “គណបក្សបេះដូងជាតិ” ។ ការអនុញ្ញាតឱ្យបង្កើតគណបក្សនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១បន្ទាប់ពីតំណាងស្ថាបនិក គណបក្សបេះដូងជាតិ បានដាក់ពាក្យស្នើសុំបង្កើតកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង បានធ្វើលិខិតជម្រាបជូនលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សបេះដូងជាតិ” ដែលសរសេរជាអក្សរកាត់ “គ.ប.ជ” ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជា នីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សបេះដូងជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner