រដ្ឋមន្រ្តីការបរទេសកម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំទ្វេភាគីពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម

ភ្នំពេញៈ កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមហើយកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

មុនកិច្ចប្រជុំទ្វេភាគីនេះ ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសបានជួបពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំបានផ្តោតលើវិស័យបរិស្ថាន និងកិច្ចសហប្រតិបត្តិការ រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ឯកឧត្តម ដូមីនិក រ៉ាអាប់ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសបានទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ ។

បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានរួច រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

ឯកឧត្តម ដូមីនិក រ៉ាអាប់ បានដឹកនាំគណៈប្រតិភូអញ្ជើញតាមយន្តហោះពិសេសបានមកដល់កម្ពុជាដោយសុវត្ថិភាពកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ឯកឧត្តម ដូមីនិក រ៉ាអាប់ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រជុំទ្វេភាគីដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តម ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ដូមីនិក រ៉ាអាប់ នៅកម្ពុជានឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner