សហមេធាវីលោក កឹម សុខា ប្រកាសច្រានចោលអ្នកបង្កើតបក្សថ្មី ដែលតែងយកឈ្មោះលោក កឹម សុខា ទៅប្រើ

ភ្នំពេញ: លោក ចាន់ ចេន សហមេធាវីលោក កឹម សុខា បានបញ្ជាក់ថា អស់ពីក្រុមមួយចូលដល់ក្រុមមួយទៀតហើយ ប៉ុន្មានថ្ងៃថ្មីៗនេះ អស់លោកដែលរៀបនឹងបង្កើតបក្សថ្មី បានទៅដល់ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត។ ដើម្បីសម្រេចបានមហិច្ឆតារបស់ក្រុមខ្លួន អស់លោកទាំងនោះ បាននិយាយបញ្ចុះបញ្ចូលអ្នកគាំទ្រអតីតសង្គ្រោះជាតិថា បក្សរបស់ក្រុមខ្លួននេះ គឺលោកកឹម សុខា ឱ្យបង្កើត ហើយលោកប្រធាន កឹម សុខា នៅពីក្រោយខ្នង។ល។

លោក កឹម សុខា (រូបឯកសារ)

លោកបានគូសបញ្ជាក់បន្ថែមថា ដើម្បីកុំឱ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរមានការភាន់ច្រឡំ ចាញ់បោកការអូសទាញរបស់អស់លោកទាំងអស់នោះ លោកសូមបញ្ជាក់សាជាថ្មីថា លោក កឹម សុខា តាមរយៈមេធាវីនាពេលកន្លងមក បានចេញសេចក្តីថ្លែងការណ៍ ហើយបានផ្សាយជាសាធារណៈជាច្រើនលើក ច្រើនសាមកហើយថា លោកកឹម សុខា មិនគាំទ្រក្រុមណាមួយឱ្យបង្កើតបក្សថ្មី ហើយក៏មិនដែលនៅពីក្រោយខ្នងក្រុមណាមួយដែរ ហើយពេលនេះក៏ដូចគ្នាដែរ។

ជាមួយគ្នានេះ លោកមេធាវី ចាន់ ចេន សូមអស់លោកអ្នកនយោបាយដែលតាំងខ្លួនឯងជាព្រះបាទធម្មិក ជាអ្នកខ្លាំង ប្រជាពលរដ្ឋគាំទ្រច្រើនភ្លុកទឹកភ្លុកដីទៅហើយ សូមឈប់យកឈ្មោះលោកកឹម សុខា ទៅប្រើប្រាស់ដើម្បីបំភ្លៃ បោកប្រាស់អ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរតទៅទៀតទៅ អាណិតអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរខ្លះផង៕
ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner