ខេត្តច័ន្ទបុរី ប្រទេសថៃគ្រោងផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ-19 ដល់អាជីវករលក់ដូរក្នុងផ្សារ និងតែកុងឡានទាំង ថៃនិងខ្មែរ ដែលចេញ-ចូលតាមច្រកទ្វារអន្តរជាតិបានឡែម-ច្រកដូង ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១នេះ នៅក្នុងបរិវេណផ្សារបានឡែម នៃ ស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរីប្រទេសថៃ ដែលមានភូមិសាស្ត្រជាប់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសទាំង២ ថៃ-កម្ពុជា។ ត្រូវបានក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពនិងធ្វើសំណាកដល់ បងប្អូនក្រុមអាជីវករខ្មែរ-ថៃ និងអ្នកបើករថយន្ត ចេញចូលប្រចាំនៅច្រកអន្តរជាតិដូង ដើម្បីត្រៀមទទួលនូវការចាក់វ៉ាក់សាំងនៅដើមខែក្រោយនេះ។

     នេះបើយោងតាមការគូសបញ្ជាក់ពីអ្នកសម្របសម្រួលក្នុងកម្មវិធីធ្វើតេស្តសំណាកដល់បងប្អូនដែលកំពុងតែប្រកបរបរលក់ដូរនិងធ្វើអាជីវកម្មនៅក្នុងផ្សារខាងលើនេះ។ និងដោយមានកិច្ចសហការប្រតិបត្តិការល្អរវាងអាជ្ញាធរខេត្តទាំង២ (ច័ន្ទបុរី-បាត់ដំបង) និង ស្រុកទាំង២ (ប៉ូងណាំរ៉ង-កំរៀង) នៃកម្ពុជា-ថៃកន្លងមកមានភាពប្រសើរផងនោះ។

        ក្នុងនោះ អាជ្ញាធរខេត្តច័ន្ទបុរី នៃ ប្រទេសថៃ  គ្រោងនឹងរៀបចំធ្វើការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-19 ដល់បងប្អូនក្រុមអាជីវករ និងអ្នកបើកបររថយន្តដែលជាពលរដ្ឋខ្មែរដែលបានធ្វើដំណើរឆ្លងព្រំដែន ចេញ-ចូលប្រចាំថ្ងៃ តាមច្រកទ្វារអន្តរជាតិដូង (បានឡែម) ដើម្បីកាត់បន្ថយនូវហានិភ័យ នៃការឆ្លងនិងទប់ស្កាត់ពីការចម្លងជំងឺកូវីដ-19នៅទីនោះ ។

       នេះបើតាមការគូសបញ្ជាក់ ពីលោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ាក់ ជាប្រធានសមាគមលក់ដូរ និងទេសចរណ៍ ព្រំប្រទល់ជាយដែន ថៃ-កម្ពុជា នៃ ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយបានផ្តល់នូវបទសម្ភាសន៍ដោយលើកឡើងថា៖ នេះជាជំហានដំបូង ពីការចាប់ផ្តើមក្នុងការធ្វើតេស្តសំណាកដល់ប្រជាពលរដ្ឋទូទៅនៅទីនេះ និងបងប្អូនជាអាជីវករលក់ដូរក្នុងផ្សារនិងបងប្អូនតៃកុងឡាន ទាំងខ្មែរនិងថៃ ដើម្បីយកវត្ថុសំណាកធ្វើតេស្តរកមេរោគកូវីដ-19 មុននិងឈានដល់ការចាក់វ៉ាក់សាំងជូនដល់បងប្អូនអាជីវករ អ្នកបើកបររថយន្តទាំងនោះ។ក្នុងគោលបំណងដើម្បីកាត់បន្ថយ នូវការកង្វល់ព្រួយបាម្ភពីការរាតត្បាតនិងពីការឆ្លងរាលដាលនៃជំងឺកូវីដ-19នៅក្នុងផ្សារ ដែលបង្កដល់ការធ្វើពាណិជ្ជកម្មនៅជាប់ព្រំដែនរវាងកម្ពុជា និងថៃ។ជាពិសេសនៅតាមច្រកទ្វារអន្តរជាតិដូង(ឡែម)ឬនៅក្នុងផ្សារបានឡែមផ្ទាល់ តែម្តងផងដែរ។

        លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ាក់ ប្រធានសមាគមលក់ដូរនិងទេសចរណ៍ ព្រំប្រទល់ជាយដែនថៃ-កម្ពុជា នៃខេត្តច័ន្ទបុរី ប្រទេសថៃ បានបន្តទៀតថា៖ការចាក់វ៉ាក់សាំង នៅដើមខែកក្កដាជូនដល់បងប្អូនទាំង២ខាងលើនេះ គឺក្នុងគោលបំណងផ្តោតសំខាន់ ចង់ឲ្យការធ្វើពាណិជ្ជកម្ម រវាងកម្ពុជានិងថៃ ជាពិសេស ខេត្តភូមិផងជិតខាងគ្នាខេត្តបាត់ដំបងនិងខេត្តច័ន្ទបុរី និងរវាងស្រុកទាំង២ស្រុកប៉ូងណាំរ៉ងនិងស្រុកកំរៀង ឲ្យកាន់តែមានភាពល្អប្រសើរឡើងវិញឆាប់ៗ ក្នុងពេលដ៏ខ្លីខាងមុខនេះ រួមទាំងការលើកកម្ពស់នូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ តាមរយៈនៃការដោះដូរនូវទំនិញ រួមនិងផលិតផលកសិកម្មផ្សេងៗហើយថែមទាំងជម្រុញពួកគេឲ្យមានការសប្បាយចិត្ត ក្រោយពីទទួលបាននូវការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងកូវីដ-19បានរួចរាល់ចប់សព្វគ្រប់នោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner