ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប និងបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក

ភ្នំពេញ: ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ។

ឯកឧត្តម ប្រាជ្ញ ចន្ទ

ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាលែងពីតំណែង ដោយទទួលបានសំឡេងព្រមចំនួន៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។

ឯកឧត្តម ឡេង ប៉េងឡុង

តាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋសភាបានឱ្យដឹងថា ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីរូប (ឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន)ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប.ទៅកាន់រដ្ឋសភាហើយដែលត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាទៅតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគ.ជ.ប។ បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏ត្រូវស្បថចូលកាន់តំណែងផងដែរ ប៉ុន្តែកាលបរិច្ឆេទមិនទាន់បានដឹងនៅឡើយទេ។

គួររំលឹកថា តាមប្រវត្តិការងារសង្ខេប ឯកឧត្តម ប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចន្លោះពីឆ្នាំ១៩៩១ដល់ ២០០១ ជាអភិបាលខេត្តបាត់ដំបង,ពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំ,ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប.នាពេលនេះ។ គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចជ្រើសរើសយកឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជំនួសឯកឧត្តម ស៊ិក ប៊ុកហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប.។

គួររំលឹកថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប.។

ឯកឧត្តម ស៊ិក ប៊ុកហុក

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅបានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប. និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ ការលែងពីតំណែងគជប របស់ឯកឧត្តម ស៊ិក ប៊ុនហុក គឺដោយសារបញ្ហាសុខភាព និងមានវ័យចំំណាស់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner