រកឃើញគ្រាប់មិនទាន់ផ្ទុះ ជិត១០០គ្រាប់ ក្នុងពេលស្តារប្រឡាយ ក្នុងខណ្ឌដង្កោ (Video Inside)

គ្រាប់មិនទាន់ផ្ទុះជិត១០០គ្រាប់ ត្រូវបានរកឃើញកប់ក្នុងដីក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។ គ្រាប់មិនទំាងផ្ទុះ នោះ ត្រូវបានអាជ្ញាធររាយការណ៍ទៅមន្ត្រីជំនាញស៊ីម៉ាក់មកទទួលយកនៅថ្ងៃនេះ និងមិនទាន់មានរបាយ ការណ៍លម្អិតណាមួយបញ្ជាក់ពីចំនួន និងប្រភេទគ្រាប់ពិតប្រាកដជាគ្រាប់អ្វីខ្លះនោះនៅឡើយទេ។ គ្រាប់ផ្ទុះទាំង ជិត១០០គ្រាប់នោះ ត្រូវក្រុមការងារស្តារប្រឡាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រទះឃើញក្នុងពេលកំពុង ប្រើគ្រឿងចក្រកាយស្តារប្រឡាយម័ល ក្នុងខណ្ឌដង្កោ នៅថ្ងៃទី២៤មិថុនានេះ។

រាជធានីភ្នំពេញ គឺជាអតីតកន្លែង ដែលធ្លាប់មានការវាយប្រហារគ្នាផងដែរ ជាពិសេសក្នុងខែកក្កដាឆ្នាំ១៩៩៧ ដែលមានការបញ្ជួនអតីតក្រុមឧទ្ទាម ប្រដាប់អាវុធខ្មែរក្រហម ចូលមកភ្នំពេញតាមរយៈគណបក្សហ្វ៊ុនស៊ុនប៉ិច នាជំនាន់នោះ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន បានថ្លែងថា គ្រាប់មិនទាន់ផ្ទុះទាំង នោះ គឺជាគ្រាប់ដែលបន្សល់ទុកកាលពីអតីតកាលសម័យសង្គ្រាម និងត្រូវបានក្រុមការងារ បានរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន និងបានប្រើគ្រឿងចក្រអេស្ការវ៉ាទ័រ ធ្វើការកាយរកជាបន្តបន្ទាប់ រហូតបានរកឃើញចំនួន ជិត១០០គ្រាប់នេះ។

ប្រឡាយម័លដែលស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែង២ពាន់៨១៥ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន និងមានទទឹងចាប់ពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ។ បើគិតមកដល់ថ្ងៃទី២៤ មិថុនានេះ ការងារស្តារប្រឡាយម័ល សម្រេចបាន១ពាន់៦០០ម៉ែត្រហើយ ស្មើនឹង៥៩,៩ភាគរយ ដែលគ្រោងនឹង បញ្ចប់ នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋនៃខណ្ឌដង្កោ ខណ្ឌ ពោធិសែនជ័យនិងខណ្ឌមានជ័យ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner