រាជរដ្ឋាភិបាល កំពុងពិចារណា ចាក់វ៉ាក់សាំងកូវីដ ដល់កុមារ និងចាក់ដូសទី៣ ដល់មនុស្សពេញវ័យ
ក្នុងពិធីទទួលវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ប្រទេសចិន នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបន្ទុកខាងទិញវ៉ាក់សាំង បានប្រាប់អ្នកសារព័ត៌មានថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាល នឹងមានកិច្ចប្រជុំមួយ ដើម្បីសម្រេចថា តើត្រូវចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់កុមារ និងចាក់វ៉ាក់សាំង ដូសទី៣ ដល់មនុស្សពេញវ័យ ដែលបានចាក់វ៉ាក់សាំង ២ដូសរួចមកហើយ ។
ជាមួយគ្នានេះ ឯកឧត្តម វង្សី វិសុទ្ធ បានមានប្រសាសន៍ថា «បើវ៉ាក់សាំង មកតាមការគ្រោងទុក អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ យើងនឹងចាក់វ៉ាក់សាំងអស់ហើយ ចំនួន១០លាននាក់ ។ នៅពេលខាងមុខនេះ យើងក៏នឹងប្រជុំមួយទៀត ដើម្បីគិតគូរ ពីការចាក់វ៉ាក់សាំង សម្រាប់កុមារ និងការចាក់វ៉ាក់សាំង ដូសទី៣ ។ យើងត្រូវគិតទៅមុខ លើ២ចំណុចនេះ ។ វ៉ាក់សាំងនេះ សំខាន់ណាស់ ដើម្បីទប់ស្កាត់ ការឆ្លងកូវីដ នាពេលបច្ចុប្បន្ន ប្រទេសណាក៏ខំដែរ» ។
ឯកឧត្តមបានលើកឡើងថា នៅខែសីហាខាងមុខនេះ កម្ពុជា នឹងសម្រេចបានតាមផែនការ ដែលទទួលបានវ៉ាក់សាំង ២០លានដូស សម្រាប់ចាក់ជូន ប្រជាជនកម្ពុជា ១០លាននាក់ ។
ឯកឧត្តម វង្សី វិសុទ្ធ បានលើកឡើងថា នៅខែមិថុនានេះ យើងទទួលវ៉ាក់សាំង ៥លានដូស ។ នៅខែ កក្កដា ៥លានដូស និងនៅខែសីហា ៤លានដូស ។ ដូច្នេះ យើងនឹងសើរើផែនការ ចាក់វ៉ាក់សាំងឡើងវិញ ដោយពន្លឿន ការចាក់វ៉ាក់សាំង ឲ្យបានឆាប់ ។
ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «នេះជាព័ត៌មានល្អ ហើយជាកត្តាល្អមួយសម្រាប់ប្រទេសកម្ពុជា ដែលមានតម្រូវការចាក់វ៉ាក់សាំងឲ្យបានឆាប់ ហើយឲ្យបានលឿន ក្នុងបរិការមួយដែលកម្ពុជា កំពុងជួបប្រទះ នូវការផ្ទុះរាតត្បាតកូវីដ កាន់តែខ្លាំង ។ នៅម្ខាងទៀត តម្រូវចាំបាច់ ក្នុងការទប់ស្កាត់ កូវីដ កុំឲ្យរាលដាលលឿនពេក ដើម្បីផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាល បើកសេដ្ឋកិច្ចឡើងវិញ ឲ្យប្រជាជនមានការងារធ្វើឡើងវិញ ជាប្រក្រតី ។ នេះជាកត្តាសំខាន់ណាស់» ។
ឯកឧត្តម វង្សី វិសុទ្ធ បន្តថា «សព្វថ្ងៃ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ រាជរដ្ឋាភិបាលកម្ពុជាយើង មាន ៤ការដ្ឋានធំ ។ ការដ្ឋានទី១ គឺការទិញវ៉ាក់សាំង ចាក់វ៉ាក់សាំងនេះឯង ត្រូវធ្វើឲ្យបានលឿន ឲ្យបានឆាប់បំផុត។ ការដ្ឋានទី២ ការដ្ឋានបង្ការ គឺវិធានការ ៣កុំ ៣ការពារ ។ ការដ្ឋានទី៣ គឺការទប់ស្កាត់ ឥឡូវយើង កំពុងពង្រឹងច្រកព្រំដែន ដើម្បីជៀសវាងការនាំចូលជំងឺកូវីដ និងមួយទៀត ពង្រឹងវិធានការទប់ស្កាត់ការផ្ទុះឆ្លងរាលដាលក្នុងប្រទេស គឺការធ្វើតេស្ត ការតាមដានអ្នកសង្ស័យ ការដាក់ចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ការដ្ឋានទី៤ គឺការព្យាបាល»។
សូមរម្លឹកថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងចំនួន ១០ ០២៤ ០០០ ដូស រួមមាន៖ Sinopharm ៣ ២០០ ០០០ដូស Sinovac ៦ ៥០០ ០០០ដូស និង Covishield ឬ AstraZeneca ចំនួន ៣២៤ ០០០ ដូស ។
គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស សរុបបានចំនួន ៣ ៨០៣ ១៦៩ នាក់ ស្មើនឹង ៣៨,០៣% នៃប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ក្នុងគោលដៅ ដែលត្រូវចាក់វ៉ាក់សាំង ចំនួន ១០លាននាក់ ៕
