នាយឧត្តមសេនីយ៍ សៅ សុខា : ស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នង និងជនបរទេសដែលជាមេខ្លោង និងអ្នកពាក់ព័ន្ធហ៊ានចូលមកកាប់ឈើនៅក្នុងស្រុកខ្មែរ

ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួនមេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំការពារព្រំដែនលេខ២ មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន រួមទាំងមេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុចនិងមន្ត្រីមួយចំនួន សរុបចំនួន ៧នាក់ ពាក់ព័ន្ធករណីសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងបទល្មើសព្រៃឈើនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ 

ការចាប់ខ្លួននេះ ដោយក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងថា ជនសង្ស័ហហទាំង ៧នាក់ ដែលចាប់ខ្លួនមានដូចជាៈ

១.ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២, 

២.ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, 

៣.ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច 

៤. ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច

៥.ឈ្មោះ ព្រំ វណ្ណៈ នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន

៦.ឈ្មោះ ផាត សុខឡេង នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន

៧.ឈ្មោះ អ៊ាង ចាន់ឌី មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៦ ខែមិថុនានេះថា ខាងជំនាញកំពុងតែធ្វើការស្រាវជ្រាវជាបន្តទៀតរកអ្នកណាដែលនៅពីក្រោយខ្នង នៃការប្រព្រឹត្តបទល្មើស និងស្រាវជ្រាវជនបរទេសដែលជាមេក្លោងផ្តល់ថវិកាឲ្យ និងជនបរទេសដែលបានឃុបឃិតជាមួយឃនជាតិខ្មែរ ហ៊ានយកគ្រឿងចក្រ ហ៊ានមកកាប់ឈើនៅក្នុងស្រុកខ្មែរ ហើយលោកនឹងធ្វើកិច្ចការងារនេះជាមួយភាគីប្រទេស ជិត ខាងអំពីបញ្ហាការការពារព្រំដែន ការទប់ស្កាត់ជាមួយបទល្មើស។

ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងក្រុមការងាររបស់គណៈកម្មការជាតិដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី និងលោក  ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងដកហូតវត្ថុតាងឈើចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័រ២គ្រឿ ម៉ូតូ២គ្រឿង និងរណាយន្ត១។ 

បច្ចុប្បន្នបានកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ មានដូចជា ១. ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២, ២. ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, ៣. ឈ្មោះវ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច និង៤. ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿងរណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តនីតិវីធី។ ចំណែកក្រុមការងាររបស់គណៈកម្មការជាតិបន្តរុករកគល់ឈើដែលបានកាប់បំផ្លាញ និងវត្ថុតាង មុខសញ្ញាពាក់ព័ន្ធទាំងអស់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

នៅថ្ងៃទី២៥ ខែមិថុនា  ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តរុករកវត្ថុតាងរកឃើញគល់ឈើដែលបានកាត់ចំនួន ៧៧គល់ និងរកឃើញឈើស្រឡៅមូលចំនួន ៣ដើម និងឈើអារជ្រុងស្រឡៅ ចំនួន១៣កំណាត់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី៕

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner