AVI Voice Ep 26: គម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ

អត្ថបទដោយ៖
AMS

បច្ចុប្បន្ន មានមតិមួយចំនួនបានរិះគន់ចំពោះជំនួយអភិវឌ្ឍន៍របស់ចិនមកកម្ពុជា ពិសេសនៅក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) ដែលអ្នកទាំងនោះ យល់ថានេះជាឧបករណ៍នយោបាយរបស់ចិន។ នៅក្នុងកិច្ចសម្ភាសន៍នេះបណ្ឌិត អ៊ុំ សុជាតិ លើកឡើងពីការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវហុងកុងប្រកបដោយចីរភាពរបស់សាកលវិទ្យាល័យទីក្រុងហុងកុង ដែលរកឃើញថា ផលអវិជ្ជមានរបស់គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ មានបញ្ហាស្នូលធំៗចំនួន០៣ គឺ៖ បញ្ហា ទំនួលខុសត្រូវសង្គម បញ្ហានៃការចោទប្រកាន់ពីអន្ទាក់បំណុល និងបញ្ហាបរិស្ថាន។ តាមរយៈចំនុចខ្សោយទាំងអស់នេះហើយ ដែលបណ្ដាប្រទេសមួយចំនួន ឬក៏បណ្ដាញសារព័ត៌មានដែលមាននិន្នាការប្រឆាំងនឹងចិន បានលើកយកមកវាយប្រហារគម្រោងនានានៅក្នុងគំនិតផ្ដួចផ្ដើមនេះ។ លោកបានបន្ថែមទៀតថា កម្ពុជា ជាប្រទេសតូច ហើយការផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងមហាយក្សចិនគឺជារឿងមួយដែលមិនអាចជៀសរួច តែអ្វីដែលសំខាន់នោះគឺ សម្រាប់រយេៈពេលវែង កម្ពុជាគួរតែយកចិត្តទុកដាក់ដោះស្រាយហានិភ័យខាងលើ និងគួរ Diversify វិនិយោគ  ដើម្បីកាត់បន្ថយនូវហានិភ័យដែលពង្រឹងទំនាក់ទំនងល្អជាមួយនឹងបណ្តាប្រទេសអាស៊ាន ក៏ដូចជាបណ្តាប្រទេសអភិវឌ្ឍន៍នានា ហើយក៏អាចថែរក្សាបានទំនាក់ទំនងល្អជាមួយចិន​។ ភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ខឿនការពារជាតិសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃអនាគត។



សំនួរទី១៖ តើកម្ពុជាបានទទួលគម្រោងសំខាន់ៗអ្វីខ្លះពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ?

ចំពោះប្រវត្តិគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ដែលដំបូងគេហៅថា One Belt One Road Initiative ត្រូវបានលើកឡើងដោយលោកប្រធានាធិបតី ស៊ី ជីងពីង ក្នុងអំឡុងពេលទស្សកិច្ចរបស់លោកនៅប្រទេសKazakhstan កាលពីឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការប្រចាំតំបន់ ដែលជាដំបូងគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមកលោកក៏បានធ្វើទស្សកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកក៏បានប្រកាសជាថ្មីឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ដូចជាការចាប់ផ្ដើមកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សទី២១ ហើយនៅ​ខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង និងអនុម័តដោយគណៈមជ្ឈិមបក្សចិន ដោយចាត់ទុកគម្រោងនេះជាគោលនយោបាយអាទិភាពរបស់ប្រទេសចិន។ នៅខែមីនាឆ្នាំ២០១៥ គម្រោងនេះត្រូវបានទទួល និងអនុម័តដោយក្រុមប្រឹក្សារដ្ឋរបស់ចិនដោយដាក់ចេញជាផែនការលម្អិតលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្ដោតជាសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ។ ហើយកម្ពុជាបានចូលរួមក្នុងគម្រោងគំនិតផ្ដួចផ្ដើមនេះជាមួយនឹងប្រទេសក្រុមដំបូងគេ កាលពីឆ្នាំ២០១៤ កន្លងទៅនេះ។ 

យើងបានដឹងស្រាប់ហើយថា ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានច្រើនណាស់។ បើពិនិត្យទៅលើផលធៀបទំហំវិនិយោគផ្ទាល់ពីបរទេស និង GDP របស់កម្ពុជា ដែលមានត្រឹមតែកម្រិត ២,២% ក្នុងឆ្នាំ១៩៩០ វាបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ ១២០% នៅពេលដែលកម្ពុជាចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ នៅឆ្នាំ២០១៤ ហើយវាបានកើនខ្ពស់បំផុតប្រមាណ ១៣០% នៅឆ្នាំ២០១៩។ ចាប់ពីឆ្នាំពី២០១៦ ទៅប្រទេសចិនគឺជាប្រភពនាំមុខគេសម្រាប់ទំហំវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ការវិនិយោគរបស់ចិនមាននៅគ្រប់វិស័យទាំងអស់ រួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ កំពង់ផែសមុទ្រ ព្រលានយន្តហោះ វារីអគ្គិសនី អចលនទ្រព្យ កសិកម្ម កសិឧស្សាហកម្ម គ្រឿងបង្គុំអគ្គិសនី រ៉ែ និងទេសចរណ៍។ មុនឆ្នាំ២០១៤ បើតាមរបាយការណ៍យុទ្ធសាស្ត្រសមាហរណកម្មរបស់ក្រសួងពាណិជ្ជកម្ម ចន្លោះពីឆ្នាំ២០០៥ ដល់២០១២ មានតិចតួចណាស់ ដែលចិនវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ តែក្រោយពីឆ្នាំ២០១៤ ចិនបានវិនិយោគរាប់សិបពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការវិនិយោគក្នុងវិស័យអចលនវត្ថុ ផងដែរ។ បើក្រឡេកមើល ការនាំចេញរបស់កម្ពុជាទៅប្រទេសចិនដែលមានតែត្រឹមតែ ៣៥៧លានដុល្លារ ក្នុងឆ្នាំ២០១៤ ការនាំចេញរបស់កម្ពុជាបានកើនឡើងដល់ ១០៨៧ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២០ នេះ។ ពិនិត្យទៅមើលគម្រោងធំៗនៅក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន យើងឃើញថានៅកម្ពុជាមានគម្រោងពីរធំៗ៖

ទី១ គឺគម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គិតមកត្រឹមខែកញ្ញាឆ្នាំ២០២០ នៅតំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំប្រមាណជា ១១គីឡូម៉ែត្រការ៉េ មានរោងចក្រសរុបទាំងអស់ ១៦០​ រោងចក្រ ហើយបានផ្ដល់ការងារដល់ប្រជាជនកម្ពុជាប្រមាណជា ៣ម៉ឺននាក់។ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលកន្លងមកផ្ដោតទៅលើតែវិស័យកាត់ដេរ ការផលិត កាបូប ផលិតផលស្បែកសត្វ ភេសជ្ជៈ កង់ ខ្សែសង្វាក់ផលិតកម្ម និងគ្រឿងបង្គុំអគ្គិសនី តាមរយៈការជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងក្រុមហ៊ុន ក៏ដូចជាអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដោយផ្អែកលើសក្ដានុពលជិតកំពង់ផែសមុទ្រទឹកជ្រៅជាប់តំបន់សេដ្ឋកិច្ចពិសេសនេះ តំបន់សេដ្ឋកិច្ចពិសេសនេះនឹងបន្តធ្វើពិពិធកម្មផលិតផលរបស់ខ្លួនថែមទៀត ដើម្បីផលិតបង្គុំ គ្រឿងម៉ាស៊ីនធុនធ្ងន់ សម្ភារៈសាងសង់ សម្ភារៈផ្ទះបាយ ផលិតផលទាញយកកាំរស្មីព្រះអាទិត្យ គ្រឿងបង្គុំរថយន្ត ក៏ដូចជាឧស្សាហកម្មគីមី។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះមានការវិនិយោគក្រៅពីចិនគឺមានការវិនិយោគពីកម្ពុជាផ្ទាល់ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួននៅអាស៊ី។

ទី២គឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដែលមានទឹកប្រាក់ប្រមាណជា ១.៩ ពាន់លានដុល្លារ ដែលកំពុងកសាងទៅដោយក្រុមហ៊ុនរដ្ឋចិនគឺ China Communication Construction Company និងក្រោមលក្ខខណ្ឌ BOT ដែលគេហៅថា Build Operate Transfer ជាមួយនឹងរដ្ឋាភិបាលកម្ពុជាដោយមានក្រុមហ៊ុន China’s Road and Bridge Cooperation ជាអ្នកប្រមូលសេវាប្រើប្រាស់ផ្លូវ។ ផ្លូវល្បឿនលឿននេះ​ គឺជាកម្លាំងចលកររុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនលឿនទៅមុខថែមទៀត ហើយក៏មានគម្រោងធំទៀតដូចជាព្រលានយន្តហោះសៀមរាបកសាងដោយក្រុមហ៊ុន Yunan Invest Holding ព្រលានយន្តហោះភ្នំពេញសហការសាងសង់ដោយក្រុមហ៊ុន Metallurgical Corporationរបស់ចិន និងមានផ្លូវជាតិជាច្រើនជាង ៣០០០គីឡូម៉ែត្រដែលកសាងដោយក្រុមហ៊ុនចិន។

សំនួរទី២៖ កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម «សន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ» ដែលរៀបចំដោយរដ្ឋាភិបាលចិន តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ពីសារៈសំខាន់របស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងការចូលរួមចំណែកការអភិវឌ្ឍ ក៏ដូចជាការទប់ស្កាត់នូវជំងឺកូវីដ-១៩ នៅកម្ពុជា។ ហេតុអ្វីបានជាកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមនេះ? តើកម្ពុជាទទួលបានផលប្រយោជន៍ចម្បងៗអ្វីខ្លះដែរ?

បើពិនិត្យទៅមើលប្រទេសកម្ពុជាយើង ការយល់ដឹង និងការគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ បានចាប់ផ្ដើមតាមរយៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីងពីង នៅកម្ពុជាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនេះ បានទាញចំណាប់អារម្មណ៍ធ្លាក់មកជាហូរហែរ ពិសេសពីសំណាក់ពាណិជ្ជករ និងវិនិយោគិនរបស់ចិន។ ម៉្យាងទៀតគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ វាស៊ីគ្នាទៅនឹងតម្រូវការការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសជម្រើសមូលធនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលអាចនាំឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ប្រែក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងបរិបទតំបន់ មានចំណុចមួយចំនួនដែលនាំឱ្យកម្ពុជាគាំទ្រដល់គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ៖ 

ទី១ នៅប្រមាណទសវត្សរ៍ចុងក្រោយនេះ យើងឃើញថាមានប្រទេសជាច្រើនក្នុងតំបន់មានទំនោរទៅរកប្រទេសចិន តាមរយៈប៉ូលសេដ្ឋកិច្ច និងនយោបាយរបស់ចិន។ 

ទី២ បើប្រៀបធៀបជាមួយនឹងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរបស់សហរដ្ឋអាមេរិក គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានភាពប្រាកដនិយមជាង ជាក់ស្ដែងជាង ដែលនាំមកការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទៅតាមប្រទេស ដែលចូលរួមក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ 

ទី៣ លក្ខខណ្ឌដ៏តឹងតែងសម្រាប់ជំនួយមូលនិធិកម្ចីរបស់បណ្ដាប្រទេស ឬអង្គការមួយចំនួន បានជំរុញឲ្យកម្ពុជាស្វែងរកប្រភពជម្រើសមូលនិធិកម្ចីផ្សេងៗទៀត ជាពិសេសេក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវដោយគ្មាន String Attach។ 

ជាទូទៅ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ គឺផ្ដោតទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រខាងពាណិជ្ជកម្ម ដោយរដ្ឋាភិបាលកម្ពុជា ជាអ្នកសម្របសម្រួល ហើយដាក់ចុះនូវគោលនយោបាយនានាដើម្បីបង្កើតឱ្យមានការអនុវត្តនូវគម្រោងឲ្យបានជោគជ័យ។ រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បង្កើតឲ្យមានវេទិកា Government-Private Forum ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានាជាមួយនឹងវិនិយោគិន។ ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេលវែង ដូចមានក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម សុទ្ធសឹងតែបានជំរុញ និងគាំទ្រផ្សារភ្ជាប់ទៅនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលមានគោលដៅប្រែក្លាយរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីទំរង់ឧស្សាហកម្មដែលប្រើប្រាស់កម្លាំងច្រើន ទៅជាការប្រើប្រាស់ជំនាញនៅក្នុងឧស្សាហកម្ម និងជំរុញផលិតភាពនៅក្នុងស្រុក ក៏ដូចជាការអភិវឌ្ឍបច្ចេកទេសជាន់ខ្ពស់។ 

សម្រាប់ទៅថ្ងៃអនាគត ការបង្កើតឱ្យមាន Digital Silk Road ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ ចំពោះផលប្រយោជន៍ចម្បងៗដែលបានមកពីគំនិតផ្តួចផ្តើមនេះ មានដូចជា៖ 

ទី១ ថ្មីៗនេះ កម្ពុជាបានដាក់ឲ្យអនុវត្តនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ដោយកំណត់យកចក្ខុវិស័យកសាងសេដ្ឋកិច្ចសង្គមឌីជីថលមួយដ៏រស់រវើក ជំរុញសន្ទុះសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាព តាមគន្លងថ្មី។ ហើយនេះ គឺជាម៉ូដែលសេដ្ឋកិច្ចថ្មីមួយដែលមានភាពឆ្លើយតបទៅនឹងភាពធន់ ទៅនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នាពេលអនាគត។ លំហូរវិនិយោគចិនបានកើនឡើងបីដង ក្នុងចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ក្នុងនោះមានការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដូចជាការកសាងផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ  តំបន់សេដ្ឋកិច្ចពិសេសដែលបានរុញច្រានកម្រិត GDP Per Capita របស់ប្រជាជនក្នុងខេត្តព្រះសីហនុកើនដល់ ៣៣៥៨ដុល្លារ កាលពីឆ្នាំ២០១៩កន្លងទៅនេះ។ ម៉្យាងវិញទៀត កម្ចីរបស់ធនាគារ ជាកាតាលីករជំរុញការវិនិយោគ ដែលមានសារៈសំខាន់ណាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយសារតែកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ដូចជាសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅមានកម្រិតនៅឡើយ។ 

ទី២ ការជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដោយផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវបានផ្សារភ្ជាប់កម្ពុជាទៅតំបន់តាមរយៈការដឹកជញ្ជូនក៏ដូចជាសេវាទេសចរណ៍។ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមិនត្រឹមតែផ្ដល់ប្រយោជន៍ឱ្យកម្ពុជាតែប៉ុណ្ណោះទេ តែវាផ្ដល់ប្រយោជន៍ដល់ប្រទេសជិតខាងកម្ពុជាផងដែរ ជាពិសេសការដឹកជញ្ជូន ការដោះដូរពាណិជ្ជកម្មរបស់បណ្ដាប្រទេសអាស៊ាន។ 

ទី៣ គឺការកសាងសមត្ថភាពការវិនិយោគរបស់ចិនបាននាំមកនូវបច្ចេកវិទ្យាថ្មីៗ ការកសាងសមត្ថភាពដែលជួយគាំទ្រសេដ្ឋកិច្ចកម្ពុជាទៅថ្ងៃអនាគត ឧទាហរណ៍ដូចជា ការសាងសង់វិទ្យាស្ថានមិត្តភាពកម្ពុជា-ចិនពហុបច្ចេកវិទ្យា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចាប់ដំណើរការចាប់ពីឆ្នាំ២០១៨។ តាមស្ថិតិតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនៅក្នុងឆ្នាំ២០១៩ មានសិក្ខាកាមប្រមាណ ៧០០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលនានា។ ហើយជាពិសេសេទៅទៀតនេះ ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសចិនសម្រាប់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលរួមមានទាំងឧបករណ៍វិទ្យាសាស្ត្រ អ្នកបច្ចេកទេសផ្នែកសុខាភិបាល និងអនុញ្ញតឲ្យកម្ពុជាទិញ និងផ្ដល់នូវវ៉ាក់សាំងរាប់លានដូស ពីប្រទេសចិនសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅកម្ពុជា។ ការប្រើប្រាស់យន្តការពហុភាគីរបស់ផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដែលមកដល់បច្ចុប្បន្នមានវ៉ាក់សាំងប្រមាណជា ៣៥០លានដូស ត្រូវបានចែកជូនតាមយន្តការកិច្ចសហប្រតិបត្តិការនានា។ ក្នុងនោះ ចិនក៏បានសន្យាផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង និងការបែងចែកវ៉ាក់សាំងប្រកបដោយសមធម៌ ផងដែរ។ 

ទី៤ ចំណុចសំខាន់ចុងក្រោយចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវនេះគឺផលប្រយោជន៍សន្តិសុខជាតិ ដោយចាប់ពីការដួលរលំចក្រភពខ្មែរនៅក្រោយសតវត្សទី១៥ កម្ពុជាតែងទទួលរងនូវការគំរាមកំហែងពីប្រទេសជិតខាង ដូច្នេះហើយការផ្សារភ្ជាប់ខ្លួនរបស់កម្ពុជាទៅកៀកនឹងចិន ឬក៏ការចូលរួមរបស់កម្ពុជាទៅក្នុងផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ អាចធ្វើឲ្យកម្ពុជារក្សាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាសន្តិសុខរបស់ខ្លួនទៅថ្ងៃអនាគតវែងឆ្ងាយថែមទៀត។

***********

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ កញ្ញា តាំង គីមលាង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner