សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ ចែករំលែកទស្សនៈ​៥ចំណុចក្នុងសន្និសីទតុមូលក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»

​ភ្នំពេញៈនារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញចូលរួមក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយអាស៊ាន-រុស្ស៉ីក្នុងការពង្រឹងនិមាបនកម្ម សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ។

ក្នុងបទអន្តរាគមន៍បស់​សម្តេច​តេ​ជោ ហ៊ុន សែន នាឱកាស​នោះ​ សម្តេចតេជោ បាន​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុងការ​ជំរុញ​ទំនាក់ទំនង​សន្ទនា​រវាង​អាស៊ាន ​និង​រុស្ស៊ី​ជាពិសេសនៅពេលដែល​កម្ពុជា​នឹង​ដើរតួ​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​សន្ទនា​នេះ​ចាប់ផ្តើម​ពី​ខែសីហា ឆ្នាំ២០២១ នេះ​តទៅ ។​

​សម្តេចបានលើកឡើងថា ​កម្ពុជា​ពិត​ជាមាន​មោទនភាព​ចំពោះ​ភាពរឹងមាំ​ និង​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រុស្ស៊ី​ និង​អាស៊ាន​។ ជាការ​ពិត​ រុស្ស៊ី​ គឺជា​ដៃគូ​ដ៏​សំខាន់​ក្នុងការរក្សា​សន្តិភាព​ សន្តិសុខ និង​ស្ថិរភាព ក្នុង​តំបន់​។ ​ជាមួយគ្នានេះ​​រុស្ស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​អាស៊ាន​ដែល​ស្ថិតក្នុង​លំដាប់​ទី​៨​។ ចលនា​ការ​វិ​ជ្ជមាននៃ​ការធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ត្រូវបាន​បង្ហាញឱ្យឃើញ​យ៉ាង​ជាក់ស្តែង​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​សម្តេច​បញ្ជាក់ថា ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​ អប់រំ​​ ទំនាក់ទំនង​ធុរកិច្ច​ និង​ធុរកិច្ច​ និង​កម្មវិធី​ផ្លាស់ប្តូរ​យុវជន​ក៏ត្រូវ​បាន​អនុវត្ត​ជា​បន្តបន្ទាប់​ និង​បានផ្តល់​តម្លៃបន្ថែម​ដល់​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​លើ​ការតភ្ជាប់​រវាង​ប្រជាជន ​និង​ប្រជាជន​។ ឈរលើ​មូលដ្ឋាន​ដ៏​រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការនេះ សម្តេចសូម​អនុញ្ញាត​ចែករំលែក​ទស្សនៈ​មួយចំនួន​អំពី​វិធី​ដែល​គណបក្សនយោបាយរ​បស់​អាស៊ាន ​និង ​រុស្ស៊ីអាច​ជះឥទ្ធិពល​ទៅលើ​និមាបនកម្ម​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការនៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុងនោះ​រួមមាន​៖

​ទី​១.យើង​ត្រូវ​ផ្តោតលើ​កិច្ចការ​ចំពោះមុខ​ដែល​ចាំបាច់​បំផុត​ ។ ពោលគឺ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​ យើង​ត្រូវ​ចាត់ទុក​កិច្ចការ​នេះ​ជា​បេសកកម្ម​រួម​របស់​មនុស្ស​ជាតិ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​សាហាវ​នេះ ហើយ​យើង​ក៏​គួរ​ចៀសវាង​នូវ​រាល់​ផល​រំខាន​ផ្នែក​នយោបាយ​ទាំងឡាយណា ដែល​អាច​កើតមានឡើង​។​

​ទី​២. ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ យើង​ត្រូវ​រួមគ្នា​ជំរុញ​ការ​ងើប​ឡើងវិញ​ប្រកបដោយ​ភាព​ធន់​ទាំងអស់គ្នា​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា​រុស្ស៊ី និង​អាស៊ាន​អាច​រួម គ្នា​ជា​ធ្លុង​មួយ​ក្នុងការ​សម្រេចបាន​នូវ​គោលបំណង តាមរយៈ​ការជំរុញ​រំហូរ​ពាណិជ្ជកម្ម​,​វិនិយោគ និង​ទេសចរណ៍ រួមទាំង​សកម្មភាព​ផ្សេងៗ​ទៀត​។ ទន្ទឹមនេះ​ខ្ញុំ​សូម​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​រុស្ស៊ី ជាមួយនឹង​អាស៊ាន ជាពិសេស​លើ​ការគាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​ទាំង ៥ នៃ​ក្របខ័ណ្ឌ​ការស្តារ​ឡើងវិញ​គ្រប់ជ្រុងជ្រោយ​របស់​អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF)​។​

​ទី​៣.យើង​ត្រូវ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ឱ្យបាន​ទ្វេដង ក្នុងការ​លើកកម្ពស់​ប្រព័ន្ធ​អន្តរ​ជាតិ​មួយ​ដែលមាន​អង្គការសហប្រជាជាតិ​ជា​ស្នូល (UN-Centered International System) និង​ការស្ថាបនា​ឡើង​នូវ​និមាប​នកម្ម​តំបន់​ដែលមាន​ភាព​បើកចំហ​ យុត្តិធម៌​ ស្ថិរភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព​និង​យោគយល់​គ្នា​ទៅវិញទៅមក​។ ការមិន​ជ្រៀតជ្រែកនិង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។ ក្នុងន័យនេះ​ខ្ញុំ​សូមបញ្ជាក់​ជាថ្មី​ម្តងទៀត​នូវ​ការ​ប្រកាន់ខ្ជាប់​ទាំងស្រុង​របស់​យើង​ចំពោះ​គោលនយោបាយ​ម​ជ្ឈ​ភាព​អាស៊ាន ដែលជាគោលការណ៍​មិនអាច​ខ្វះ​បាន​ក្នុងការ ជំរុញ​ទំនាក់ទំនង​ការទូត​ពហុភាគី​នៅក្នុង​តំបន់​នេះ​។​

​ទី​៤. យើង​ត្រូវតែ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ទៅលើ​កិច្ចការ​នានា​ដែល​រួបរួម​យើង​ជា​ធ្លុង​មួយ​ហើយ​ចៀសវាង​នូវ​រាល់​បញ្ហា​ណា​ដែល​អាច​បំបែកបំបាក់យើង ​ខណៈពេល​យើង​ត្រូវ​ទទួលស្គាល់​អំពី​តម្រូវការ​នៃ​ការរក្សា​វេទិកា​សន្ទនា​ដែល​បើកចំហ និង​សេរី​ចំពោះ​ភាពខុសគ្នា​របស់​យើង ។ យើង​ចាំបាច់​ត្រូវតែ​ផ្តោតសំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​ដែល​ជំរុញឱ្យមាន​ការជឿទុកចិត្ត​គ្នា និង​បង្កើន​ទំនុកចិត្ត ព្រោះ​ចំណង​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​កសាងឡើង​ពី​ការជឿទុកចិត្ត ដែលមាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្មារតី​នៃ​សង្គ្រាមត្រជាក់​។​ការងារ​មួយចំនួនទៀត ដូចជា ប្រតិបត្តិ​ការរក្សា​សន្តិភាព​ សន្តិសុខ​អ៊ីនធឺណិត​ ការគ្រប់គ្រង​គ្រោះធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ គឺជា​ចំណុច​មួយ​ដ៏​ល្អ​សម្រាប់​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ​។​

​ទី​៥. ចំពោះ​ទិដ្ឋភាព​វប្បធម៌​ខ្ញុំ​សូម​ផ្តល់​ការគាំទ្រ​ទាំងស្រុង​ចំពោះ «​ម៉ា​រ៉ា​តុង​វប្បធម៌​»​ដែលជា​គំនិត​ផ្តួចផ្តើម​របស់​គណបក្ស​រួបរួម​រុស្ស៊ី​និង​មាន​ភាពស៊ីចង្វាក់​ទៅនឹង ចក្ខុវិស័យ​របស់​កម្ពុ​ជា​ក្នុង​ការកសាង «​ច្រករបៀង​វប្បធម៌​» ដើម្បី​លើកកម្ពស់​សន្តិភាព​ សុខដុមភាព និង​វិបុលភាព​របស់​យើង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បាន​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុងការ​ជំរុញ​ទំនាក់ទំនង​សន្ទនា​រវាង​អាស៊ាន​និង​រុស្ស៊ី​ជាពិសេស នៅពេលដែល​កម្ពុជា​នឹង​ដើរតួ​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​សន្ទនា​នេះ​ចាប់ផ្តើម​ពី​ខែសីហាខាងមុខនេះ​តទៅ ។​កម្ពុជា​សង្ឃឹមថា​គណបក្សនយោបាយ​ទាំងឡាយ​របស់​អាស៊ាន​និង​រុស្ស៊ី​នឹង​ដោះស្រាយ​ឧបសគ្គ​ជាមួយគ្នា​និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើតឡើង​នូវ​ពិភពលោក​មួយ​ដែល​ដ៏​ល្អ​ជាងមុន សម្រាប់​មិត្តភាព​ កិច្ចសហប្រតិបត្តិការ​ សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner