ធនាគារ​អង់គ្លេស HSBC រង​សម្ពាធ​ពី​ក្រុង​ប៉េកាំង បន្ទាប់​ពី​ពាក់ព័ន្ធ​នឹង​ចាប់​ខ្លួន​នាយក​ហិរញ្ញវត្ថុ Huawei

ហ៊ីម រដ្ឋា

ធនាគារ​អង់គ្លេស HSBC រង​សម្ពាធ​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​ពី​សំណាក់​រដ្ឋាភិបាល​កណ្ដាល​នៃ​រដ្ឋធានី​ប៉េកាំង​ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​ថា ធនាគារ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​លោកស្រី Meng Wanzhou នាយក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ Huawei និង​ជា​កូន​ស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​នេះ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៨​កន្លង​ទៅ។

ធនាគារ​អង់គ្លេស​នេះ​មាន​ឈ្មោះ​ពេញ​ថា ក្រុមហ៊ុន​ធនាគារ​ហុងកុង និង​សៀងហៃ (Hongkong and Shanghai Banking Corporation PLC.) មាន​មូលដ្ឋាន​កណ្ដាល​នៅ​រាជធានី​ឡុងដុង ចក្រភព​អង់គ្លេស ហើយ​បាន​មក​ចាប់​ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម​នៅ​ហុងកុង​ និង​ទីក្រុង​សៀងហៃ​នៅ​ឆ្នាំ១៨៦៥។

លោកស្រី​ Mengត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​កាណាដា ក្រោម​សំណើ​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​ដែល​បាន​ចោទ​ប្រកាន់​លោកស្រី​ពី​បទ​ឆបោក​ធនាគារ​អង់គ្លេស HSBC ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន ​Skycomដែល​​ធ្វើ​ពាណិជ្ជកម្ម​នៅ​អ៊ីរ៉ង់​ ហើយ​បើ​យោង​តាម​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ការ​ដែល​មិន​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ Huawei និង​ធនាគារ​ HSBC ល្មើស​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់។ ​អាមេរិក​ទាមទារ​ឱ្យ​តុលាការ​កាណាដា​ធ្វើ​បត្យាប័ន​បញ្ជូន​លោកស្រី Meng មក​កាត់​ទោស​នៅ​អាមេរិក តែ​រឿង​ក្ដី​នេះ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

សារព័ត៌មាន​ចិន​ Global Times បាន​សម្រង់​ពី​ប្រភព​មួយ​ថា ​ធនាគារ​ HSBC បាន​ផ្ដល់​ភស្តុតាង​ ដែល​ជា​បទ​បង្ហាញ​ Powerpoint អំពី​រចនាសម្ព័ន្ធ​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នានា​នៅ​ជុំ​វិញ​ពិភពលោក ដោយ​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​នៅ​អ៊ីរ៉ង់​ផង​ដែរ ទៅ​កាន់​ក្រសួង​យុត្តិធម៌​អាមេរិក។ ការ​ឱ្យ​ភស្តុតាង​នេះ​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​មាន​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់​លោកស្រី Meng បាន។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ធនាគារ​អង់គ្លេស​ធ្វើ​បែប​នេះ​ជា​ថ្នូរ​នឹង​ការ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​របស់​អាមេរិក ក្រោយ​ពេល​ដែល​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​ក្រុមហ៊ុន​រក​ស៊ី​នៅ​អ៊ីរ៉ង់។ ​ HSBC បាន​ចេញ​មុខ​ច្រាន​ចោល​នឹង​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​ព្រឹត្តិការណ៍​ចាប់​ខ្លួន​លោកស្រី Meng បាន​កើតឡើង រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​របស់​ខ្លួន​រាយការណ៍​ពី​ទំនាក់ទំនង​ជំនួញ​ជាមួយ​ធនាគារ HSBC។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ប្រភព​មក​ពី​ HSBC បាន​ប្រាប់​សារព័ត៌មាន​ខាង​លើ​ថា មាន​ក្រុមហ៊ុន​រដ្ឋ​ចិន​មួយ​ចំនួន​ក៏​ឈប់​ប្រើប្រាស់​សេវា​របស់​ខ្លួន​។ ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ ទោះ​ជា​មិន​មាន​ការ​បញ្ជា​ពី​សំណាក់​រដ្ឋាភិបាល​ក៏​ដោយ ក៏​សម្រេច​ឈប់​ទាក់ទង​ជា​មួយ HSBC ដោយ​យក​ហេតុផល​ថា «មិន​ទុក​ចិត្ត» ខ្លាច​ព័ត៌មាន​សម្ងាត់​របស់​ក្រុមហ៊ុន​លេច​ធ្លាយ​ទៅ​កាន់​អាជ្ញាធរ​សហរដ្ឋអាមេរិក។

សម្ពាធ​នេះ​កាន់​តែ​ខ្លាំង​ឡើង​ៗ ក្រោយ​ពេល​ដែល​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ដែនដី​ហុងកុង​កាល​ពី​ឆ្នាំ២០១៩។ HSBC បាន​ប្រាប់ Reuters ថា ភាគី​ចិន​ដី​គោក​បាន​សួរ​ខាង​ធនាគារ​អង់គ្លេស​ត្រង់​ៗ​ថា មាន​ទំនោរ​នយោបាយ​នៅ​ខាង​ណា។

លុះ​ដល់​ឆ្នាំ២០២០ ក្រោយ​ពេល​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជាតិ​នៅ​ទីក្រុង​ប៉េកាំង HSBC មិន​បាន​ប្រកាស​គាំទ្រ​ច្បាប់​នេះ​ភ្លាមៗ​នោះ​ទេ។ នៅ​ពេល​នោះ​ អតីត​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​លោក Leung Chun-ying បាន​សារ​បង្ហោះ​ទៅ​កាន់​ Facebook ថា «ចិន​ និង​ហុងកុង​គ្មាន​ជំពាក់​ HSBC អ្វី​នោះ​ទេ។ ជំនួញ​ចិន​ជាមួយ​នឹង HSBC អាច​នឹង​ផ្លាស់​ប្ដូរ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ដោយ​ធនាគារ​ចិន និង​ធនាគារ​ប្រទេស​ផ្សេង​ទៀត»។

ក្រោយ​ពី​មាន​ការ​លើកឡើង​នេះ ទើប​អតីត​នាយក​គ្រប់គ្រង​ធនាគារ​ HSBC ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​លោក Peter Wong បាន​ចុះ​ហត្ថលេខា​គាំទ្រ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ ហើយ​បង្ហោះ​គាំទ្រ​តាម​បណ្ដាញ We Chat របស់​ចិន។

បើ​ទោះ​បី​ជា​ធនាគារ​នេះ​ធ្វើ​ការ​សម្រប​នយោបាយ​ជាមួយ​នឹង​រដ្ឋាភិបាល​កណ្ដាល​ចិន​យ៉ាង​ណា​ក្ដី ក៏​ធនាគារ​ហាក់​បី​ដូច​ជា​មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ដូច​កាល​ពី​មុន​ទេ។

កាល​ពី​មុន​ព្រឹត្តិការណ៍​ចាប់​ខ្លួន​លោកស្រី Meng នៃ​ក្រុមហ៊ុន Huawei ធនាគារ HSBC មាន​ចំណែក​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ជំនួញ​របស់​ចិន ដោយ​រាប់​ចាប់​តាំង​ពី​ការ​ផ្ដល់​ប្រាក់​កម្ចី ក៏​ដូច​ជា​ការ​ប្ដូរ​ប្រាក់​ជា​ដើម។

ក្រោយ​មក​ជំនួញ​សំខាន់​ៗ​ជា​ច្រើន​របស់​ចិន​ មិន​មាន​ទាក់ទង​នឹង​ធនាគារ HSBC នោះ​ទេ។ ដូច​​កាល​ពី​ខែ​តុលា​ ឆ្នាំ២០២០ ចិន​បាន​លក់​មូលបត្រ​រដ្ឋ​តម្លៃ​ ៦ពាន់​លាន​ដុល្លារ ដើម្បី​ឲ្យ​មាន​ចលនា​ក្នុង​ការ​ប្ដូរ​ប្រាក់​ក្នុង​ធនាគារ​របស់​ខ្លួន។ ធនាគារ​អន្តរជាតិ​ល្បី​ឈ្មោះ​មាន​សឹង​តែ​ទាំង​អស់​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​ការ​ទិញ ប៉ុន្តែ​មិន​មាន​វត្តមាន HSBC ទេ។

នាយក​ប្រតិបត្តិ​របស់​ HSBC លោក Noel Quinn កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ បាន​ទទួល​ស្គាល់​ថា ធនាគារ​របស់​លោក​ជា​គោល​ដៅ​នយោបាយ​ ខណៈ​ស្ថាប័ន​ចំណាស់​ ១៥០ឆ្នាំ​មួយ​នេះ​នឹង​ចៀស​មិន​ផុត​ទេ​ពី​ការ​ប្រកួតប្រជែង​អំណាច​រវាង​សហរដ្ឋអាមេរិក និង​ចិន។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Hu Qimu ប្រធាន​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​បាន​លើកឡើង​ប្រាប់​សារព័ត៌មាន Global Times ថា «HSBC មិន​អាច​រក​លុយ​បាន​ពី​អតិថិជន​ចិន​នោះ​ទេ ប្រសិន​បើ​ធ្វើ​អី្វ​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ចិន។ ប្រសិន​បើ​គ្មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ជា​ធំ​ដុំ​នោះ​ទេ នោះ​ស្ថានភាព​ជំនួញ​នៅ​ចិន​របស់​ធនាគារ​នេះ នឹង​មិន​ប្រសើរ​ឡើង​ឡើយ»។

ធនាគារ​ HSBC រក​ចំណូល​បាន​ពី​អតិថិជន​នៅ​អាស៊ី​ប្រមាណ ៤៦% កាល​ពី​ឆ្នាំ២០២០ ខណៈ​រក​បាន​ពី​អង់គ្លេស​បាន ៣០% និង​អាមេរិក​ខាង​ជើង​បាន​ ១១%៕

HONG KONG, CHINA – 2020/07/30: Clients withdraw money from an ATM machine of British multinational banking and financial services holding company, HSBC in Hong Kong. (Photo by Miguel Candela/SOPA Images/LightRocket via Getty Images)

ប្រភព៖

How Beijing humbled Britain’s mighty HSBC

https://www.reuters.com/investigates/special-report/hsbc-china-politics/

HSBC bet the bank on China. It’s in big trouble if tensions escalate

https://edition.cnn.com/2020/08/05/business/hsbc-china-challenges-intl-hnk/index.html

China’s potential unreliable entity list emerges

https://www.globaltimes.cn/content/1159318.shtml

HSBC appoints new co-heads for Asia, its largest profit center

https://www.globaltimes.cn/page/202106/1225657.shtml

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner