អ្នកនាំពាក្យរាជរដ្ឋាភិបាល៖របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន និយាយមិនពិត!

ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធនិងច្រានចោលចំពោះការចេញរបាយការណ៍របស់​អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) ដែលបានដាក់បញ្ចូលឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅក្នុងបញ្ជីឈ្មោះមេដឹកនាំ ដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន គឺជាការមិនពិត និងមិនអាចទទួលយកបាននោះទេ។

ឯកឧត្តម ផៃ ស៊ីផាន

ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីអង្គការអ្នករាយការណ៍គ្មានព្រំដែនបានចាត់បញ្ជូលឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅក្នុងបញ្ជីឈ្មោះមេដឹកនាំដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន។ អង្គការនេះបានលើកឡើងអំពីការរារាំង ធ្វើទុក្ខបុកម្នេញ ទៅលើបណ្តាញព័ត៌មានឯករាជ្យ មិនថាជាអ្នកកាសែតសារព័ត៌មាន ឬ វិទ្យុ ជាដើម។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាការចេញរបាយការណ៍របស់អង្គការ អ្នករាយការណ៍គ្មានព្រំដែន គឺមិនអាចទទួលយកបានទេ ហើយបើប្រៀបធៀបកម្ពុជានៅក្នុងតំបន់ គឺកម្ពុជាដើរមុនគេនៅក្នុងការធ្វើឱ្យរីកសាយនៃវិជ្ជាជីវៈសារព័ត៌មានដែលប្រទេសដទៃអត់មានទេ។ បើប្រៀបធៀបនៅក្នុងតំបន់ កម្ពុជាមានអ្នកនាំពាក្យគ្រប់ក្រសួងគ្រប់ស្ថាប័នពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលសេរីភាពរបស់អ្នកសារព័ត៌មាន។ អ្នកនាំពាក្យទាំងអស់ គឺអាចទំនាក់ទំនងបាន២៤ម៉ោង ដើម្បីសម្រួលដល់ការឆ្លងឆ្លើយរវាងរាស្ត្រ និងរដ្ឋរឹតតែកៀកជាប់គ្នាទាំងអស់ ហើយដើម្បីធ្វើយ៉ាងម៉េចឱ្យព័ត៌មានរបស់រាជរដ្ឋាភិបាលជិតជាមួយនឹងប្រជាពលរដ្ឋ។ ពោលចង់ពន្លឿនអ្វីទៅកំណែទម្រង់របស់រដ្ឋាភិបាល គឺការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាព និងប្រសិទ្ធិភាព។

អ្នកនាំពាក្យដដែលបានបន្តថា ការអប់រំអ្នកសារព័ត៌មាននៅកម្ពុជាខុសប្លែកពីអ្នកសារព័ត៌មាននៅបរទេស។ អ្នកសារព័ត៌មានបរទេសដែលមកធ្វើការនៅស្រុកខ្មែរ គឺជាសកម្មជនទេមិនមែនជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈទេ។ ភាគច្រើនគឺសកម្មជនដែលមានរបៀបវារៈលាក់លៀមនៅពីក្រោយខ្នង ហើយគេមិនបានចូលរួមនៅក្នុងការកសាង ហើយនិងការពង្រឹងនៃការដឹងការយល់ ហើយនិងការចូលរួមរបស់ប្រជាពលរដ្ឋទេ។ គឺព័ត៌មានរបស់គេគ្រាន់តែជាអ្នកបំបែកប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា ចំនួនអ្នកសារព័ត៌មាននៅកម្ពុជាមានចំនួនរីកសាយ និងគុណភាព គឺការចូលរួមនៅក្នុងការកសាងជាតិ ការកសាងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ នៅក្នុងការកសាងជាតិ ចំណុចសំខាន់ គឺកំណែទម្រង់ឱ្យសេវាកម្មផ្តល់ដល់មហាជន ដើម្បីឲ្យមហាជនមានឱកាសក្នុងការចូលរួមជាមួយនឹងការកសាងជាតិ ហើយសេវកម្មនេះប្រកបដោយប្រសិទ្ធិភាព លទ្ធផលល្អ ហើយនឹងគុណភាព។ ឯកឧត្តមបញ្ជាក់ជាចុងក្រោយថា “របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន គឺមិនអាចទទួលយយកបានទេ”៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner