ប្រមុខការទូតកម្ពុជា បញ្ជាក់អំពីចំណងមិត្តភាពយូរអង្វែងរវាងអាស៊ាន-រុស្ស៊ី និងការគាំទ្រយ៉ាងរឹងមាំរបស់រុស្ស៊ីចំពោះមជ្ឈភាពអាស៊ាន

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីចំណងមិត្តភាពយូរអង្វែងរវាងអាស៊ាន និងរុស្ស៊ី និងអំពីការគាំទ្រយ៉ាងរឹងមាំរបស់រុស្ស៊ីចំពោះមជ្ឈភាពអាស៊ាន ដែលបានឆ្លុះបញ្ចាំងតាមរយៈការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីនៅក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។

ការបញ្ជាក់របស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី ការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ីតាមប្រព័ន្ធវីដេអូនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន លោកជំទាវ Retno Marsudi រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្ស៊ី និងឯកឧត្តម Sergey Lavrov រដ្ឋមន្រ្តីការបរទេសនៃសហព័ន្ធរុស្ស៊ី។ ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញវ៉ាក់សាំងឱ្យក្លាយជាទំនិញ សាធារណៈសកល និងការចូលរួមរបស់រុស្ស៊ី ជាពិសេសក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ក្នុងគោលបំណងពន្លឿនដំណើរការនៃ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងបង្កើនភាពរឹងមាំ។

នៅក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់រុស្ស៊ីឱ្យបង្កើនការចូលរួមកម្រិតជាន់ខ្ពស់ និងកិច្ចសន្ទនាប្រកបដោយការស្ថាបនា នៅក្នុងក្របខ័ណ្ឌអាស៊ាន សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានចែករំលែកជាមួយកិច្ចប្រជុំអំពីផែនការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមក្នុង រយៈពេលខ្លីខាងមុខនេះ និងបានស្វាគមន៍ការកំណត់របស់ប្រទេសរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៣ ជា «ឆ្នាំ នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាស៊ាន-រុស្ស៊ី»។ កិច្ចប្រជុំបានផ្តល់នូវឱកាសដើម្បីពិនិត្យនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលសម្រេចបានក្នុង រយៈពេល២៥ឆ្នាំកន្លងមក និងតាមដានលើលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីស្តីពីជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន។ រដ្ឋមន្រ្តីការបរទេសបានពិភាក្សាអំពីបញ្ហានានា ដែលពាក់ព័ន្ធនឹងនិម្មាបនកម្មតំបន់ និងបានរំលឹកឡើងវិញនូវទស្សនៈរួមគ្នាអំពីសារៈសំខាន់នៃការពង្រីក ទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើបញ្ហាដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួម ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

អំពីកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋមន្រ្តីអាស៊ាន បានលើកទឹកចិត្តដល់ប្រទេសរុស្ស៊ីឱ្យគាំទ្រយន្តការឆ្លើយតបតំបន់ចំពោះជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាឱ្យបាននូវវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌។ អាស៊ានបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ការស្ដារឡើងវិញក្រោយជំងឺរាតត្បាតឱ្យបានគ្រប់ជ្រុងជ្រោយ រួមមាន តាមរយៈការពង្រឹងពាណិជ្ជកម្ម និងវិនិយោគ ការគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ ការបើកដំណើរការតភ្ជាប់ និងការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រៀម និងការឆ្លើយតបនឹងជំងឺរាតត្បាត។

កិច្ចប្រជុំក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃមជ្ឈភាពរបស់អាស៊ាន និងបានអះអាងសាជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងនិម្មាបនកម្មតំបន់ដោយយកអាស៊ានជាស្នូល ដែលបើកចំហ មានតម្លាភាពបរិយាប័ន្ន និងឈរលើគោលការណ៍ច្បាប់។ រដ្ឋមន្រ្តីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃយន្តការដឹកនាំដោយអាស៊ានដែលមានស្រាប់ ជាពិសេស កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus)។ រដ្ឋមន្ត្រី បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២១-២០២៥ ប្រកបដោយប្រសិទ្ធភាព និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ នៅខែតុលា ឆ្នាំ២០២១ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងសន្ទនា អាស៊ាន-រុស្ស៊ី។

នៅក្នុងកិច្ចប្រជុំនេះ កិច្ចប្រជុំបានស្វាគមន៍ការបញ្ចប់ការចរចារលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥ ដែលដាក់ចេញនូវអាទិភាព និងវិធានការ ដើម្បីធ្វើឲ្យកាន់តែរឹងមាំនូវភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី។ រដ្ឋមន្ត្រីអាស៊ាន និងរុស្ស៊ី នឹងមានជំនួបម្តងទៀតនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី នៅខែសីហា ឆ្នាំ២០២១ ដែលក្រោយកិច្ចប្រជុំនោះ កម្ពុជានឹងទទួលភារកិច្ចបន្តពីប្រទេសឥណ្ឌូនេស៊ី ធ្វើជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-រុស្ស៊ី សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ (ចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៤)៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner