សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលរវាង​ថ្នាក់ដឹកនាំ​នៃគណបក្សកុម្មុយនីស្តចិន និងគណបក្ស​នយោបាយ​លើពិភពលោក

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលបជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» តាមប្រព័ន្ធវីដេអូសន្និសីទ នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម ស៊ី ជីនពីង (Xi Jinping), អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយទាំងអស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយ ដែលតម្រូវឱ្យប្រទេស និងទាំងគណបក្សនយោបាយទាំងអស់នៅលើពិភពលោក រួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិក្នុងស្មារតីនេះ ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈមួយចំនួន អំពីតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន ដូចខាងក្រោម ៖

ទី១-ការតម្កល់ខ្ពស់នូវអាយុជីវិត និងផលប្រយោជន៍ប្រជាជន និងការគ្រោងខ្ពស់សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និង ឯករាជ្យជាតិ នីមួយៗ ។ ក្នុងន័យនេះ, គណបក្សនយោបាយទាំងអស់, ទោះជាមាននិន្នាការណាក៏ដោយ, ត្រូវគិត ពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវលុះទៅនឹងរបៀបវារៈនយោបាយរយៈពេលខ្លីនៃការដណ្ដើមអំណាចឱ្យខាងតែបានតាមគ្រប់មធ្យោបាយ ដោយមិនខ្វល់អំពីសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ និងសុខទុក្ខរបស់ប្រជាជននោះឡើយ ។ ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួចស្រាល់នេះ, គណៈបក្សនយោបាយ គួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ព្រមទាំងបញ្ឈប់ឱ្យបាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រជាជន, ទាំងក្នុងក្របខណ្ឌពិភពលោក ក៏ដូចជាក្នុងប្រទេសនីមួយៗ ។

ទី២-ការរួបរួមគ្នាសង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យបានជោគជ័យ ។ គន្លឹះដ៏សំខាន់មួយនៅកិច្ចប្រឹងប្រែងដើម្បីគោលដៅនេះ គឺការចែករំលែកវ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលការណ៍ «វ៉ាក់សាំងពហុភាគី និយម» ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់ ។ ក្នុងន័យនេះ, សម្ដេច សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយគាំទ្រយ៉ាងក្លៀវក្លាដល់កម្ពុជា តាមរយៈការផ្តល់ជំនួយ, ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ, និងជាពិសេស ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួល និងការផ្តល់អាទិភាពដល់កម្ពុជា ចំពោះរាល់ការបញ្ជាទិញវ៉ាក់សាំង ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដោយឥតលក្ខខណ្ឌ ដូចពាក្យស្លោកថា “មិត្តល្អ ជួយគ្នាក្នុងគ្រាមានអាសន្ន” ។

ទី៣- នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់មិនអាចខ្វះបាន ។ ប្រការនេះ នឹងទាមទារឱ្យមានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗ ដូចជា៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ឈ្នះ-ឈ្នះមួយដ៏សំខាន់ ក្នុងការលើកកម្ពស់សង្គម-សេដ្ឋកិច្ច និងវិបុលភាពនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម និងការវិនិយោគ ។

ឆ្លៀតក្នុងឱកាសនេះ, សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្ដែងជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងមុតមាំចំពោះ “គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” ដែលនឹងនាំមកនូវវិបុលភាព និងសុភមង្គល ជូនដល់ប្រជាជននៅក្នុងបណ្ត ប្រទេស និងតំបន់ ស្ថិតក្រោមវិសាលភាពនៃគំនិតផ្តួចផ្តើមនេះ នៅក្នុងបរិបទនៃការងើបឡើងវិញន សង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដ ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះគណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ក្នុងឱកាសដ៏មហោឡារិកនៃខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងការសម្រេចបានដោយជោគជ័យនូវគោលដៅ ១០០ឆ្នាំ លើកទី១ ក្នុងការកសាងសង្គម-សេដ្ឋកិច្ច ប្រកបដោយវិបុលភាពលើគ្រប់វិស័យសម្រាប់ប្រជាជន និងប្រទេសចិន ។ សម្ដេចថា កិច្ចប្រជុំកំពូលនេះ ពិតជាមានសារៈសំខាន់ជាអនក ក្នុងការបង្កើនភាពជិតស្និទ្ធ សាមគ្គីភាព និងការជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនានា នៅលើពិភពលោក ក្នុងអំឡុងពេលដែលយើងទាំងអស់គ្នាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ។

សម្ដេចតេជោ បានលើកឡើងទៀតថា សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជូនពិភពលោកនូវភាពជោគជ័យ ជាទីមោទនៈ របស់ប្រជាជនចិន ក្នុងការកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជំរុញកិច្ចអភិវឌ្ឍន៍លើ គ្រប់វិស័យនៃសង្គម-សេដ្ឋកិច្ច ជាពិសេសលើវិស័យបច្ចេកវិទ្យាទំនើប និងការប្រែក្លាយចិន ទៅជាមហាអំណាចនៃពិភពលោក ។ ការរក្សាបាននូវស្ថិរភាពនយោបាយ និងការចាត់ទុក សុភមង្គល វិបុលភាព និងសុខមាលភាពរបស់ប្រជាជនជាស្នូល នៅក្នុងការសម្រេចចិត្តនយោបាយធំៗ របស់គណបក្សកុម្មុយនីស្តចិន គឺជាគំរូដ៏ល្អមួយ ដែលគណបក្សនយោបាយដទៃទៀតនៅលើពិភព លោក គប្បីរៀនសូត ។ ក្នុងន័យនេះ, ក្នុងនាមសម្ដេច ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសចាប់ពីចំណុចសូន្យ, ខ្ញុំពិតជាអាចយល់បានយ៉ាងច្បាស់អំពីការតស៊ូ, ការលះបង់ និងការខិតខំពុះពារដ៏លំបាករបស់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន ៕ ដោយ វណ្ណលុក

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner