សាស្ត្រាចារ្យប្រវត្តិសាស្ត្រ-បញ្ញវន្តស្រុកខ្មែរឆ្លើយតបទៅក្រុមបញ្ញវន្តរត់ចោលស្រុក៖ កម្ពុជាមានអធិបតេយ្យភាព និងបូរណភាពដែនដីពេញលេញ និងមិនអាចឱ្យបរទេសណារំលោភបំពានបានឡើយ

ភ្នំពេញៈសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងបញ្ញវន្តនៅក្នុងប្រទេសកម្ពុជា បានឆ្លើយតបទៅនឹងក្រុមបញ្ញវន្តរត់ចោលស្រុកមួយចំនួន ដែលបានលើកឡើងដោយគ្មានការពិតអំពីអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា។

លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិបានមានប្រសាសន៍រម្លឹកថា ការនិយាយបែបនេះរបស់បញ្ញវន្តនៅក្រៅស្រុក គឺវាមានសោកដនាថកម្មម្តងរួចមកហើយ សោកនាដកម្មយ៉ាងធ្ងន់ធ្ងរដូចពួក ប៉ុល ពត អៀង សារី ខៀវ សំផនសុទ្ធតែនៅក្រៅស្រុកទាំងអស់ទៅរៀននៅបរទេស។ លោកបន្តថា លោកក៏ជានិស្សិតធ្លាប់នៅបរទេសដែរ តែងតែក្រឡេកមកស្រុកទេសវិញជាមួយនឹងក្តីស្រឡាញ់ ហើយការស្រឡាញ់ដ៏ធំធេងនេះវាឆាប់ឈឺចាប់ណាស់ នៅពេលដែលឮអ្វីមួយមកប៉ះពាល់ទៅលើមាតុភូមិរបស់យើង។ ហេតុដូច្នេះហើយបានជាក្រុមគណបក្សប្រឆាំងតែងយករឿងនេះធ្វើជាឧបករណ៍ ដើម្បីចាប់រំញោចនិស្សិត បញ្ញវន្តនៅបរទេស។ នៅបរទេសឆ្ងាយណាស់ ប៉ុន្តែរំញោចលឿន ពីព្រោះមិនបានឃើញច្បាស់។ ដូចពួក ប៉ុល ពត មិនមែន ប៉ុល ពត អត់ស្នេហាជាតិទេ ប៉ុន្តែឮសូរអ្វីគ្រប់បែបយ៉ាង នៅពេលដែលមកដល់ប្រទេសនាំយកនូវមនោគមន៍វិជ្ជារបស់លោកខាងលិច។ ខ្មែរមិនដែលស្គាល់កុម្មុយនីស្តទេ។ ទីបំផុតរុញប្រទេសកម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមទៅក្នុងរបបប្រល័យពូជសាសន៍ នេះដោយសារតែយល់សភាពការណ៍របស់ខ្មែរមិនច្បាស់។

ជាការឆ្លើយតបទៅនឹងក្រុមបញ្ញវន្តនៅក្រៅប្រទេស លោកបណ្ឌិត ដៀប សុផល បានលើកឡើងថាគ្រាន់តែឮ វាមិនគ្រប់គ្រាន់ទេ ត្រូវតែមើលឱ្យឃើញនៅផ្លូវដែលគណបក្សប្រជាជនកម្ពុជា បានតស៊ូតាំងពីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ កសាងប្រទេសពីផេះផង់ ពីបាតដៃទទេរហូតដល់មានអ្វីៗដល់សព្វថ្ងៃនេះ។ គឺមិនមែនជារឿងមួយ​ធម្មតាទេ។ លោកបណ្ឌិត បានបញ្ជាក់ថា “បើសិនជាយើងមិនតស៊ូទេ វៀតណាមគេត្របាក់យើងតាំងពីយូរហើយ។ នេះគឺជាការតស៊ូមួយដ៏ធំធេងណាស់”។

ជាមួយគ្នានេះ លោកបណ្ឌិត ដៀប សុផល បានផ្ញើសារទៅក្រុមបញ្ញវន្តនៅក្រៅប្រទេសថា “យើងស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីដូចតែគ្នា។ អ៊ីចឹងអ្វីក៏ដោយ ត្រូវមើលឱ្យច្បាស់ គ្រាន់តែឮសូរសំឡេងគេនិយាយវាមិនប្រាកដទេ។ កុំឱ្យលង់ទៅតាមអ្វីដែលគេឃោសនា ពីព្រោះអ្វីៗ វាមានហេតុ និងផល ហើយទម្រាំមានថ្ងៃនេះ គឺយើងតស៊ូណាស់ ទម្រាំបានដូចថ្ងៃនេះ។ បើសិនជាយើងមិនតស៊ូមិនប្រឹងប្រែងទេ បាត់បង់តាំងពីយូរណាស់មកហើយ”។

លោក ឈួ កែវហ៊ានធាន ប្រធានសមាគមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងបានប្រាប់ AMS ថាការយល់ឃើញរបស់បញ្ញវន្ត និងប្រជាពលរដ្ឋខ្មែរមួយចំនួននៅស្រុកក្រៅ គឺជាការយល់ឃើញរបស់បុគ្គលមួយៗ ឬក៏របស់ក្រុមមួយៗ ដែលវាជារឿងធម្មតានៅក្នុងស្រុកដែលមានប្រជាធិបតេយ្យ។ សម្រាប់លោក នៅក្នុងស្រុកខ្មែរវិញក៏មានការយល់ឃើញរបៀបមួយរបស់លោកផ្សេងពីក្រុមបញ្ញវន្តនៅក្រៅប្រទេស ព្រោះជាស្រុកប្រជាធិបតេយ្យក្នុងការបញ្ចេញមតិយោបល់ ក្នុងការនិយាយ ហើយការលើកឡើងរបស់បញ្ញវន្តខ្មែរនៅក្រៅប្រទេស ដូចជាចង់បំបែកខ្មែរធ្វើឱ្យខ្មែរឈ្លោះគ្នារវាងអ្នកនៅក្នុងស្រុក និងក្រៅស្រុកឥតឈប់ឈរ។ លោកបន្តថា មើលទៅពួកគាត់គិតថា គាត់នៅក្រៅប្រទេសជាអ្នកចេះ អ្នកដឹងតែម្តងហើយមើលមកបញ្ញវន្តនៅស្រុកខ្មែរដូចអត់ចេះសោះ។ បើបញ្ញវន្តនៅស្រុកខ្មែរមិនចេះ មិនមែនស្រុកខ្មែរមានការអភិវឌ្ឍន៍មកដល់ពេលនេះទេ។

ប្រធានសមាគមនិស្សិតរូបនេះបានបញ្ជាក់ថា “ប្រជាជនមានសិទ្ធិបោះឆ្នោតជូនគណបក្សណាដែលខ្លួនស្រឡាញ់ ហើយបក្សណាដែលមិនល្អ ថ្នាក់ដឹកនាំមិនល្អក្នុងការដឹកនាំប្រទេស គាត់មានសិទ្ធិអត់បោះឆ្នោតជូន។ តែផ្ទុយទៅវិញសម្រាប់គណបក្សប្រជាជនកម្ពុជា គឺប្រជាជនស្រឡាញ់គោលនយោបាយ និងការការពារបូរណភាពទឹកដី បានប្រជាជនបោះឆ្នោតជូនសម្តេចតេជោ ឬគណបក្សប្រជាជនកម្ពុជា ជាប់រាល់អាណត្តិ ដូចយើងបានឃើញទាំងអស់គ្នា។ ប្រជាជនក៏មានចំណេះដឹងក្នុងការជ្រើសរើសថ្នាក់ដឹកនាំក្នុងការដឹកនាំប្រទេសដែរ។ គណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាលបច្ចុប្បន្នកកើតឡើងដោយការបោះឆ្នោតពីប្រជាជនផងដែរ”។

ចំណែកលោក ហេង ឌីណា ប្រធានសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងប្រាប់ AMS ថា ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេសមួយចំនួនតូច ដែលបានលើកឡើង គឺធ្វើប្រជាភិថុតិ និងចង់រំលើកឱ្យបញ្ញវន្តនៅស្រុកខ្មែរមិនពេញចិត្តអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ តែធាតុពិតរាល់ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាដែល​មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺបានខិតខំប្រឹងប្រែងដឹកនាំនៅក្នុងប្រទេសទាំងគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធក៏លោកបានកសាង ហើយក្នុងសម័យកូវីដនេះ សម្តេចតេជោ ហ៊ុន សែន មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន និងបណ្តាប្រទេសផ្សេងៗ ដើម្បីទំនាក់ទំនងពាកព័ន្ធនឹងថ្នាំវ៉ាក់សាំងចាក់ជួនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោកឃើញចំណុចវិជ្ជមានរបស់រាជរដ្ឋាភិបាលមានច្រើនណាស់ ដូចជា មានអណ្តូងប្រេងនៅខេត្តព្រះសីហនុ និងកន្លែងចម្រាញ់រ៉ែមាសនៅខេត្តមណ្ឌលគីរី។

ប្រធានសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបញ្ជាក់ថា “រឿងនេះផងដែរ ពួកគាត់ចេះតែប្រើប្រជាភិថុតិ ដើម្បីឲ្យអ្នកខាងក្នុងនេះ យល់ច្រឡំលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ តាមអ្វីដែលខ្ញុំមើលឃើញជាក់ស្តែង ការដឹកនាំនាពេលបច្ចុប្បន្ននេះរបស់រាជរដ្ឋាភិបាលមានការរីកចម្រើនច្រើនណាស់ ទាំងគមនាគមន៍ ផ្លូវ ស្ពានច្រើនឆ្លងកាត់ទន្លេដែលពីសម័យមុនអត់បានគ្រប់ជ្រុងជ្រោយអ៊ីចឹងទេ”។

លោក ហេង ឌីណា បានបន្តថា អ្វីដែលក្រុមបញ្ញវន្តនៅក្រៅស្រុក បានលើកឡើងអំពីបញ្ហាអធិបតេយ្យភាពត្រឹមតែសម្រកក្រៅប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធផ្ទៃក្នុងជាតិ គឺស្ថិតក្នុងការគ្រប់គ្រងរបស់បរទេសឈ្លានពានទាំងស្រុង គឺមិនមែនជាការពិតនោះទេ ហើយស្រេចតែមាត់ពួកគេនិយាយ ដើម្បីជាប្រយោជន៍បក្ខពួកខ្លួន និងប្រយោជន៍ផ្ទាល់ខ្លួនអត់គិតពីប្រយោជន៍ជារួម។ អ្វីដែលជារឿងសំខាន់ រាជរដ្ឋាភិបាលក៏ដូចជាសម្តេចតេជោនាយករដ្ឋមន្ត្រី គិតពីប្រយោជន៍ជាតិជាធំ ហើយពួកគេព្យាយាមនិយាយបំផ្លើសដើម្បីឱ្យមហាជនគាំទ្រខ្លួន៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner