Cambodia2050 Ep20: ស្ថានភាពវិបត្តិកូវីដ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកម្រិតមធ្យម និងកម្រិតទាប គុណភាពប្រព័ន្ធអុីនធឺណិត និងយុទ្ធសាស្ត្រទីផ្សារផលិតផល កសិកម្មជាឆ្អឹងខ្នងដ៏សំខាន់សំរាប់ពលរដ្ឋ

អត្ថបទដោយ៖
AMS


សំនួរ៖ ថ្ងៃនេះកម្មវិធី២០៥០ បានលើកយកប្រធានបទនិយាយទាក់ទងទៅនឹងវិបត្តិកូវីដ នៅក្នុងតំបន់ប្រទេសដែលមានសេដ្ឋកិច្ចកម្រិតមធ្យម និងកម្រិតទាប។ នៅក្នុងនោះយើងក៏បានលើកពីផលប៉ះពាល់ទាក់ទងទៅនឹង សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និង ថាតើត្រូវធ្វើយ៉ាងណាដើម្បីកុំឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ក៏ដូចជានៅតាមទីជនបទ ជាពិសេសប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប ដើម្បីឲ្យគាត់សម្របបាននៅក្នុងសម័យកាលនៃវិបត្តិកូវីដនេះផងដែរ។ វាគ្មិនរបស់យើងនៅក្នុងថ្ងៃនេះគឺលោកសាស្ត្រាចារ្យ គី សេរីវឌ្ឍន៍ ដែលជាអ្នកជំនាញខាងសេដ្ឋកិច្ចនៅវិទ្យាស្ថាន CamEd ។ តើបញ្ហាសេដ្ឋកិច្ចនៅក្នុងតំបន់ជាពិសេសប្រទេសដែលមាន GDP នៅក្នុងកម្រិតមធ្យម និង កម្រិតទាបទាំងនោះ មានផលប៉ះពាល់យ៉ាងណាខ្លះបើធៀបជាមួយនឹងកម្ពុជា ឬក៏មានភាពខុសគ្នាយ៉ាងដូចម្ដេច?

បើយើងនិយាយអំពីវិបត្តិកូវីនេះ យើងឃើញថា មានកើតឡើងនៅក្នុងរយៈពេលមួយឆ្នាំកន្លះរួចមកហើយ តាំងពីឆ្នាំ 2020 នៅចុងខែមករា ពេលចូលឆ្នាំចិនរួច រហូតមកដល់ពេលនេះ។ ការរីករាលដាលនៃជំងឺនេះ បានធ្វើឲ្យពិភពលោកមានការខ្ទេចខ្ទាំសេដ្ឋកិច្ច ដែលយើងចាត់ទុកថា ជាវិបត្តិមួយដែលកើតឡើងប្រហាក់ប្រហែលទៅនឹង វិបត្តិនៃជំងឺអេដស៍ ដែលមានការកើតឡើងនៅក្នុងឆ្នាំ 1991។ វិបត្តិដោយសារជំងឺកូវីដ19 មានការរីករាលដាលលឿនជាងជំងឺអេដស៍ ហើយងាយស្រួលនៅក្នុងការឆ្លងជាងជំងឺអេដស៍ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គ្រាន់តែយើងនៅជិតគ្នា។ ក្នុងន័យនេះមានន័យថា ផលប៉ះពាល់សំខាន់បំផុតទៅលើវិស័យសេដ្ឋកិច្ចគឺ ប៉ះទៅលើវិស័យសេវាកម្ម វិស័យសេវាកម្មបើយើងប្រៀបធៀបជាមួយនឹង បណ្ដាលប្រទេសទាំងអស់ ប្រទេសដែលរងគ្រោះរងផលប៉ះពាល់ធ្ងន់ជាងគេគឺ បណ្ដាប្រទេសដែលមានភាគរយនៃ GDP ខ្ពស់ទៅលើវិស័យសេវាកម្ម ដូចជា ប្រទេសសង្ហបុរី ប្រទេសអារ៉ាប់នៅតំបន់ឌូបៃជាដើម នោះគឺសុទ្ធតែជាប្រទេសដែលរងផលប៉ះពាល់។ យើងក្រឡេកមកមើលវិញថា តើវិស័យដទៃទៀតមានផលប៉ះពាល់ដែរឬទេ? ប្រសិនបើវិស័យសេវាកម្មនេះ មានផលប៉ះពាល់ វិស័យនានាក៏មានផលប៉ះពាល់ដែរ គ្រាន់តែមានការប៉ះពាល់តិចហើយនិងច្រើន។ វិស័យឧស្សាហកម្មក៏មានការរងផលប៉ះពាល់ដោយសារតែ នៅក្នុងរោងចក្រសហគ្រាសទាំងនោះ មិនអាចឲ្យកម្មករប្រមូលផ្ដុំគ្នានៅក្នុងការបំពេញការងារ ការថមថយនៃការបញ្ជាទិញ ដោយសារតែអ្នកទិញ មានការថមថយនូវប្រាក់ចំណូល វិបត្តិទាំងអស់នេះ វានឹងគៀងទៅជាសកលបន្តិចម្ដងៗ ហើយគ្រប់វិស័យទាំងអស់ នឹងប្រឈមផលប៉ះពាល់ដូចគ្នា។ 

សំនួរ៖ ទាក់ទងទៅនឹងប្រទេសកម្ពុជារបស់យើងវិញ យើងឃើញហើយថា ប្រមាណជាងមួយឆ្នាំមកហើយដែលកូវីដបានកើតឡើងនៅក្នុងសកលលោក ប៉ុន្តែកម្ពុជាយើងហាក់បីដូចជាមានភាពល្អប្រសើរ យើងអាចទប់បានរយៈពេលរហូតដល់ទៅជាងមួយឆ្នាំ តែជាអកុសលនៅដើមឆ្នាំ 2021 នេះគឺកម្ពុជាត្រូវបានទទួលរងគ្រោះដោយការរីករាយដាលក៏ដូចជាឆ្លងចូលទៅក្នុងសហគមន៍។ តើឯកឧត្តមអាចជម្រាបជូនបានទេថា កម្ពុជាយើងប៉ះពាល់ធ្ងន់ធ្ងរដល់កម្រិតណាដែរ នៅក្នុងវិស័យសេដ្ឋកិច្ចទាំងមូល? តើក្នុងនោះវិស័យណាខ្លះដែលមានផលប៉ះពាល់ខ្លាំងជាងគេ ហើយយើងត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីអាចរស់ និងសម្របខ្លួនបាន ជាពិសេសគឺប្រជាពលរដ្ឋ នៅក្នុងគ្រាលំបាកនេះ។

សម្រាប់ប្រទេសកម្ពុជាយើងកាលពីឆ្នាំ 2020 ត្រូវបានគេកោតសរសើរថា ជាប្រទេសដែលអាចទប់ស្កាត់បាននៃការឆ្លងកូវីដ១៩បាន ប៉ុន្តែដោយសារតែព្រឹតការណ៍បីកន្លងមក នៅក្នុងខែតុលាផង ខែវិច្ឆិកាផង ហើយឥឡូវឆ្លងដល់ខែកុម្ភះថ្ងៃទី 20 នេះគឺជាព្រឹត្តិការណ៍មួយដ៏ធំ ដែលមានការឆ្លងយ៉ាងសម្បើម ដែលបន្តមកដល់ពេលនេះមានរយៈពេល៦ខែមកហើយ ដែលយើងនៅតែគ្រប់គ្រងមិនទាន់បាន ហើយនៅក្នុងនោះដែរ កម្ពុជាក៏បានបិទទីក្រុងមួយចំនួន បិទការធ្វើដំណើរឆ្លងខេត្តមួយចំនួនដើម្បីចូលរួមក្នុងការទប់ស្កាត់។ នៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ យើងឃើញថា សេដ្ឋកិច្ចកម្ពុជាយើងមានដំណើរការទ្រុឌទ្រោម ហើយផលដែលប៉ះពាល់ជាមួយនឹងបញ្ហាសេដ្ឋកិច្ចនោះគឺ ក្រុមមនុស្សដែលមានចំណូលទាបដែលគាត់មិនមានប្រាក់សន្សំសម្រាប់ការចាយវាយពីព្រោះ នៅពេលនេះគេហៅថា ជារយៈពេលនៃការប្រើប្រាស់ប្រាក់សន្សំ មិនមែនជារយៈពេលនៃការចាយវាយនៃប្រាក់ចំណូលនោះទេ ដោយសារតែចំណូលទាបជាងចំណាយ។ វិស័យដែលប៉ះពាល់ធ្ងន់ធ្ងរនោះគឺវិស័យសេវាកម្ម  នៅក្នុងនោះក្រុមសហគមន៍ ដែលមានផលបះពាល់គឺ ក្រុមដឹកជិញ្ជូន ដូចជាក្រុមម៉ូតូកង់បី ក្រុមម៉ូតូឌុប ក្រុមផ្ដល់សេវាកម្មភោជនីយដ្ឋាន និងខាងលក់ដូរបន្តិចបន្តួច។ ក្រុមសណ្ឋាគារជាក្រុមមួយរងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែក្រុមសណ្ឋាគារជាក្រុមដែរមានប្រាក់សន្សំខ្ពស់ ដែលគាត់អាចធានាបាននូវការចាយវាយ នូវការរស់រានរបស់គាត់ ដោយសារតែគាត់ដកប្រាក់សន្សំមកប្រើ បើយើងគិតអំពីប្រាក់ចំណូលគឺ ប្រាកដជាថមថយ។ មួយទៀតគឺក្រុមសហគមន៍ទេសចរណ៍ ក្រុមសហគមន៍ទេសចរណ៍របស់យើងក៏ជួបនូវវិបត្តិដែរ ដោយសារតែសហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ហើយចំណោលរបស់គាត់គឺ ការអាស្រ័យផលទៅលើវិស័យកសិកម្មការចិញ្ចឹមសត្វបន្តិចបន្តួច និងកម្រៃពីសេវាកម្មទេសចរណ៍ ដូចនេះនៅពេលដែលសេវាកម្មទេសចរណ៍ត្រូវបានជាប់គាំងគឺ ក្រុមពួកគាត់ជាក្រុមដែលត្រូវទទួលរងផលប៉ះពាល់ផងដែរ។

សំនួរ៖  តើយើងអាចប្រៀបធៀបបានទេ សម្រាប់អ្នកដែលគាត់រស់នៅក្នុងទីក្រុងភ្នំពេញ និងអ្នកនៅតាមបណ្ដាលខេត្តគឺគាត់រស់នៅអាស្រ័យផលទៅលើធនធានធម្មជាតិក៏ដូចជា ការបង្កបង្កើនផលនៅនឹងកន្លែង ឬក៏អាស្រ័យផលទៅតាមតំបន់នានា ដែលជាអេកូទេសចរណ៍។ តើសម្រាប់ពួកគាត់ដែលនៅមូលដ្ឋានជនបទបែបនេះ ហើយនិងអ្នករស់នៅទីក្រុង តើមានផលប៉ះពាល់ខុសគ្នាយ៉ាងដូចម្តេចដែរ?

បើយើងប្រៀបធៀបអំពីចំណូលរបស់ប្រជាពលរដ្ឋដែលមានចំណូលក្រោមកម្រិតមធ្យមគឺ ក្រុមម៉ូតូកង់បីគាត់រកចំណូលទទួលទានក្នុងមួយថ្ងៃសម្រាប់មួយថ្ងៃរបស់គាត់។ ទីពីរគឺក្រុមនៅតាមតំបន់ជនបទ ដែលជាប្រជាពលរដ្ឋប្រកបរបរស្រែចម្ការ បានត្រឹមតែមួយចម្អែតក្រពះដូចគ្នានោះ ឃើញថា ក្រុមប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ស្រែចម្ការប្រកបរបរចិញ្ចឹមជីវិតសម្រាប់មួយក្រពះនោះគឺ ដូចជាមិនសូវមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ មានន័យថា អ្វីដែលគាត់ផលិតបានគឺ សម្រាប់ទទួលទាន។ បើយើងនិយាយអំពីការដាច់ស្បៀងអាហារគឺមិនប្រឈមទេ។ ទីពីរគឺ ការរាតត្បាតនៃជំងឺកូវីដក៏មិនទៅដល់តំបន់ភូមិស្រុករបស់គាត់ដែរ ការរស់នៅរបស់គាត់ហាក់ដូចជា មានភាពសុខសាន្ដជាង ក្រុមប្រជាពលរដ្ឋដែលបម្រើសេវាកម្មមួយចំនួនដែលពួកគាត់មិនមានប្រាក់ចំណូល ដើម្បីទិញអាហារទទួលទាន នេះគឺជាផលប៉ះពាល់របស់ពួកគាត់ ហើយនៅមានក្រុមមួយចំនួនទៀតគឺ ក្រុមប្រជាពលរដ្ឋដែលខ្ចីប្រាក់ពីធនាគារដើម្បីប្រកបរបរ ក្រុមនេះក៏មានផលប៉ះពាល់ ហើយការលក់ដូរតាមអាជីវកម្មខ្នាតតូចៗក៏ប្រឈមដោយសារតែពួកគាត់ប្រកបរបរទទួលទាន ដើមទុនរបស់ពួកគាត់គឺបានខ្ចីពីធនាគារ បើទោះជាមិនខ្ចីពីធនាគារ ក៏ទុនរបស់ពួកគាត់មានតិចតួចអញ្ចឹងនៅពេលដែលគាត់ប្រកបមុខរបរមិនបានចំណូលគឺ ពិតជាផលរងគ្រោះសម្រាប់ពួកគាត់មែនទែន។

សំនួរ៖ ដោយឡែកទាក់ទងទៅនឹង ផលប៉ះពាល់ជារួមនៅក្នុងផ្នែកសេដ្ឋកិច្ចប្រទេសកម្ពុជាយើងវិញ តើឯកឧត្តមបណ្ឌិតអាចជម្រាបជូនបានទេ ឬក៏អាចប៉ានប្រមាណបានទេបើសិនជាយើងគិតសម្រាប់ដើមឆ្នាំ 2021 នេះនឹងឆ្នាំ 2020 កន្លងមក។ តើវាមានសភាពការណ៍នៃផលប៉ះពាល់យ៉ាងណាដែរ?

បើយើងនិយាយអំពីសកម្មភាពសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2020 និងឆ្នាំ 2021 តាមការព្យាករណ៍របស់ ADB របស់ WORL BANK រួមទាំងខាងរដ្ឋាភិបាលផងនោះ យើងឃើញថា មានកំណើនទាបបំផុត 2% នឹងអាចឡើងទៅដល់ 4% ក៏ប៉ុន្តែអ្វីដែលខាងខ្ញុំបានធ្វើការស្រាវជ្រាវ ទី1ការប៉ាន់ស្មានទៅតាមទិន្នន័យដែលមាន ទី2 យើងបានធ្វើការសង្កេតដោយចុះផ្ទាល់ទៅតាមភូមិសាស្ដ្រមូលដ្ឋាន យើងយល់ឃើញថា សេដ្ឋកិច្ចប្រទេសកម្ពុជានៅឆ្នាំ 2021 និងឆ្នាំ2020 ក៏មិនខុសគ្នាដែរ បើទោះជារបាយការណ៍របស់ក្រសួងឧស្សាហ៍កម្មបង្ហាញថា ចំនួនរោងចក្រនិងផលិតកម្មក្នុងរោងចក្រមានកំណើនពិតមែន ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនដែលធ្វើការនៅក្នុងរោងចក្រ ក៏ប្រឈមនឹងវិបត្តិកូវីដ អត់មានការងារធ្វើ ត្រូវបានសម្រាកនៅផ្ទះមួយចំនួនផងដែរ។ ទីពីរ គឺវិស័យសេវាកម្មសណ្ឋាគារទេសចរណ៍នានា ត្រូវបានរាំងខ្ទប់ហាក់បីដូចជាធ្ងន់ធ្ងរជាងឆ្នាំ 2020 ជាលទ្ធផលខាងខ្ញុំបានធ្វើការព្យាករណ៍ថានៅឆ្នាំ 2021 ក៏មិនមានកំណើនលើសពី1%ទេ តែលទ្ធផលនេះមិនអាចថាជាផ្លូវការបានទេ។ ជាក់ស្តែង គឺអាស្រ័យលើកម្ពុជា បន្តសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងរយៈពេល 6 ខែបន្តទៀត។ ឥឡូវនេះយើងទើបពីចូលនៅក្នុងខែកក្កដាឆងមាសទី 2 នៃសេដ្ឋកិច្ច នេះគ្រាន់តែជាការប៉ាន់ស្មានបឋមដែលផ្អែកទៅលើទិន្នន័យដែលយើងមាន។

សំនួរ៖ សម្រាប់ប្រជាពលរដ្ឋរបស់យើងត្រូវសម្របខ្លួនរស់នៅដោយវិធីណា ប្រសិនបើការរីករាលដាលនេះនៅតែបន្តទៅ។ តើការរីករាលដាលនេះវាមានផលប៉ះពាល់សម្រាប់ប្រទេសកម្ពុជាយើងត្រូវត្រៀមខ្លួនបែបណា ទាំងស្ថាប័នពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា តើគាត់រស់នៅដោយវិធីណាអាចអោយសេដ្ឋកិច្ច និងជីវភាពរបស់ពួកគាត់អាចរក្សាលំនឹងបាន?

កាលពីកន្លងមករដ្ឋាភិបាលបានបិទខ្ទប់នៅក្នុងខែមេសាម្ដងរួចមកហើយ ការបិទខ្ទប់នេះ គឺជាការបិទច្រមុះនៃសេដ្ឋកិច្ចគ្រួសារ ដែលភាគច្រើនជាក្រុមប្រជាពលរដ្ឋមានចំណូលទាប។ ការផ្ដល់បប្រាក់ឧបត្ថម្ភ ពីរដ្ឋាភិបាលក៏បានធ្វើឡើងមួយចំនួនដែរ ក៏ប៉ុន្តែការផ្ដល់ប្រាក់ឧបត្ថម្ភ មិនមែនជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាក្នុងការទប់ស្កាត់នៃវិបត្តិកូវីដនោះទេ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលស្នូល គឺការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ទល់ជាមួយនឹងការរាឆ្លងនៃជំងឺនេះ តែទោះជាយ៉ាងណាក៏ដោយក៏មិនមានការវាយតម្លៃណាមួយដែលបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព 100% ដូច្នេះរដ្ឋាភិបាលនៅតែប្រកាសពីវិធានការរបស់ក្រសួងសុខាភិបាលនៅក្នុងការរស់នៅ បានអនុញ្ញាតឲ្យទីក្រុងបើកឡើងវិញធ្វើឲ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញ ហើប្រជាពលរដ្ធត្រូវយល់ដឹងអំពីការអនាម័យ និងការស់នៅក្នុងបរិបទថ្មី។ ហើយវីរុសនេះ ខ្ញុំជឿថាបន្តិចទៀត នឹងអាចក្លាយទៅជាដូចវីរុសផ្ដាសាយដែរ ដូច្នេះការចាក់សាំងគឺជាវិធានមួយ។ ហើយទីពីរគឺការរៀនអនាម័យ កន្លងមកការរស់នៅរបស់បលរដ្ឋនៅមានចំណុចកង្វះខាតការអនាម័យក្នុងការរស់នៅ ប្រជាពលរដ្ឋយើងត្រូវរៀនសូត្រអំពីការអនាម័យ និងការរក្សាគម្លាត បន្តិចម្ដងបន្តិចម្ដង សូម្បីតែវិស័យអប់រំ និងវិស័យនានា ក៏យើងបានប្រើប្រាស់នូវប្រព័ន្ធអនឡាញដែរ គឺមានន័យថាវាគឺជាបរិបទថ្មីនៃការបង្កើតនូវបរិបទនៃពាណិជ្ជកម្ម បរិបទនៃការរស់នៅដែលធ្វើឲ្យសេដ្ឋកិច្ចរបស់យើង អាចងាកមកដំណើរការឡើងវិញ នេះគឺជាកត្តាដែលជួយ សម្រាប់អ្នកមានចំណូលទាប នៅក្នុងវិបត្តិនេះ។ ខ្ញុំជឿថា កន្លងមកនេះប្រជាពលរដ្ឋក៏មានពិសោធន៍មួយចំនួនផងដែរ ប៉ុន្តែប្រជាពលរដ្ឋយើងគាត់ឆាប់ភ្លេចណាស់ កាលណាមានវិបត្តិគាត់ឆាប់ភ័យ ដល់ពេលសេដ្ឋកិច្ចបានធូរស្បើយគាត់ឆាប់ដើមភ្លេច ធ្វើឲ្យគាត់មានការជួបជុំគ្នានៅក្នុងការទទួលទានស្រា ជួបជុំគ្នាមនុស្សច្រើនដែលធ្វើឲ្យមានការផ្ទុះឡើងតាមតំបន់សហគមន៍ ជាពិសេសគឺនៅផ្សារអូឡាំពិចនិងផ្សារបឹងកេងកងដែលថ្មីៗនេះកើតមានឡើង។

សំនួរ៖ ប្រសិនបើមានការរីករាលដាលខ្លាំងរដ្ឋាភិបាលអាច នឹងបន្តបិទខ្ទប់ទៀត តើវានឹងរងផលប៉ះពាល់យ៉ាងម៉េចដែរ នៅក្នុងសម័យកាលនេះ សម្រាប់លោកបណ្ឌិតផ្ទាល់ជាអ្នកជំនាញសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចផ្ទាល់ តើមានយោបល់និងការណែនាំយ៉ាងដូចម្ដេច ដល់ប្រជាពលរដ្ឋកម្ពុជាយើង និងការចាប់ផ្ដើមអាជីវកម្មបែបណាសម្រាប់ពួកគាត់ផងដែរ?

ខ្ញុំជឿថាទោះជាមានការផ្ទុះឡើងវិញក៏រដ្ឋាភិបាលមិនអាចបិទសេដ្ឋកិច្ចឲ្យជិត ដូចកាលពីមុនដែរ ដោយសារតែរដ្ឋាភិបាលមានពិសោធន៍ ហើយនឹងមានការតាមដានទៅលើជំងឺនេះបានខ្ពស់ជាងមុន ពីព្រោះដោយសារតែការតាមដានជំងឺមិនមែនអាជ្ញាធរមូលដ្ឋានទេ គឺក្រសួងសុខាភិបាល ជាពិសេសគឺលោកជំទាវ ឱ វណ្ណឌីន បានធ្វើការសកម្មខ្លាំងណាស់ ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលបានផ្ទេរភារកិច្ចនេះ មួយចំណែកធំសម្រាប់ការគ្រប់គ្រងតាមដាននៃការឆ្លង ទៅលើអាជ្ញាធរមូលដ្ឋានវិញ។ យើងឃើញពីរបៀបការងារពីរដ្ឋាភិបាលក្និងការគ្រប់គ្រងវិបត្ដិនេះបានធ្វើការផ្លាស់ប្ដូរ ចែករំលែកទៅអាជ្ញាធរមូលដ្ឋាន។ ដូចនេះ ទោះជាមានការរផ្ទុះ និងមានការបិទនៅក្នុងតំបន់មួយចំនួន ហើយតំបន់ណាដែលមិនមានការបិទខ្ទប់រដ្ឋាភិបាលលើកទឹកចិត្តឲ្យមានដំណើរការសេដ្ឋកិច្ចដដែល គ្រាន់តែយើងត្រូវរក្សារនៅវិធានការតាមក្រសួងរដ្ឋាភិបាលអនុវត្តឲ្យបានម៉ឺងម៉ាត់។ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ខ្ញុំសូមស្នើទៅដល់បងប្អូនប្រជាពលរដ្ឋយើង មេត្តាកុំទាន់ភ្លេចខ្លួនពីជំងឺកូវីដ ពីព្រោះជំងឺនេះមិនងាយភ្លេចយើងទេ មានតែយើងទេអាចភ្លេចជំងឺនេះ យើងត្រូវតែរក្សានៅវិធានការរបស់ក្រសួងសុខាភិបាល និងការណែលនាំរបស់រដ្ឋាភិបាល។ បរិបទថ្មីនៃអាជីវកម្មយើងឃើញថា ប្រជាពលរដ្ឋចាប់ផ្ដើមចេញដំណើរហើយ នៅក្នុងការប្រកបមុខរបស់ online ។ ឥលូវនេះ យើងឃើញថា ការចំណាយក្នុងការប្រកបមុខរបរ online ក៏មានការកើនឡើងដែរ ដែលរដ្ឋាភិបាលទាមទារត្រូវតែយកចិត្តទុកដាក់ជួយសម្រួល បើរដ្ឋាភិបាលមិនជួយសម្រួលដល់ពួកគាត់ទេ នឹងជួបវិបត្តិ។ ហេតុអ្វីបានជាយើងលើកបែបនេះ ទីមួយគឺ ប្រជាពលរដ្ឋយើងមិនមានទម្រង់នៅក្នុងការលក់ដូរតាមប្រព័ន្ធអនឡាញនោះទេ។ ដូច្នេះការលក់ដូររបស់ពួកគាត់ភាគច្រើនប្រើទៅលើ Facebook ដែលការផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនិញនានានៅលើ Facebook ត្រូវបានហើយថ្លៃ នេះគឺជាចំណុចទី 1 ដែលយើងដោះស្រាយមិនទាន់បានទេ។ ទីពីរគឺ បញ្ហាអ៊ីនធឺណិត ប្រព័ន្ធ Internet យើងនៅមានដែនកំណត់ សម្រាប់ប្រទេសកម្ពុជាអ្នកប្រើ internet បន្តិចបន្តួច មានប្រជាជនតិចទួចហើយ យើងនៅតែប្រើមិនទាន់បានទៀត។ វាជាកត្តាមួយក្នុងការរារាំងនៃសន្ទុះសេដ្ឋកិច្ចរបស់យើងដែរ ដូច្នេះដើម្បីដោះស្រាយនូវបញ្ហាសេដ្ឋកិច្ចនៅក្នុងបរិបទថ្មីនេះ សូមរដ្ឋាភិបាលលើកទឹកចិត្តឲ្យក្រុមហ៊ុនសេវាអ៊ីនធឺណិតផ្ដល់សេវាឲ្យបានខ្ពស់ជាងហ្នឹង កុំឲ្យក្រុមហ៊ុនចរបស់គាត់បានយលុយពីអតិថិជនជាច្រើន តែការផ្ដល់មកនូវសេវា Internet ដែលមានភាពយឺតយ៉ាវនោះ។ បើយើងក្រឡេកមើលទៅលើសហគមន៍នៅតាមតំបន់ជនបទវិញ យើងឃើញគម្លាតរវាងថ្លៃទំនិញនៅតំបន់ជនបទ និងថ្លៃទំនិញនៅទីក្រុង គឺមានភាពខុសគ្នា។ នៅទីក្រុងតម្រូវការធំជាងការផ្គត់ផ្គង់ដោយសារតែវិបត្តិកូវីដធ្វើឲ្យទំនិញឡើងថ្លៃ នៅជនបទឈ្មួញកណ្ដាលបានទម្លាក់ថ្លៃដោយសារយកលេះវិបត្តិកូវីដអោយថ្លៃកសិផលរបស់កសិករយើងមានតម្លៃទាប អ្នកដែលទទួលបានផលចំណេញគឺឈ្មួញកណ្ដាល។ ចំណុចទាំងអស់នេះ គឺរដ្ឋាភិបាលត្រូវគិត កាលណាទំនិញថ្លៃទាបនៅជនបទ សូមឱ្យមានថ្លៃទាបនៅក្នុងទីក្រុង ដើម្បីកាត់បន្ថយការចំណាយរបស់កសិករបើមិនដូចនោះទេ ឈ្មួញកណ្ដាលនិងនាំយកទំនិញពីប្រទេសជិតខាងចូលមកទៀត ហើយកសិករនៅតែរងគ្រោះ អ្នកទីក្រុងនៅតែរងគ្រោះ អ្នកចំណេញគឺប្រទេសជិតខាង ហើយនិងឈ្មួញកណ្ដាល នេះគឺជាចំណុចសំខាន់ដែលរដ្ឋាភិបាលគួរពិចារណាបន្ថែមទៀត។

សំនួរ៖ ចុងក្រោយនេះ តើលោកបណ្ឌិត មានអ្វីផ្ដាំផ្ញើរញើទៅដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀតទេ។

ខ្ញុំមានមានចំណុចមួយទៀត គឺវិស័យអចលនទ្រព្យនិស្ស័យនេះ ត្រូវបានរដ្ឋាភិបាលវាយតម្លៃថា គឺជាវិស័យមួយដែលមានភាពរឹងមាំជាមួយនឹងជំងឺកូវីដ ក៏ប៉ុន្តែអ្វីដែលខ្ញុំយល់ឃើញ វិស័យអចលនទ្រព្យនេះគឺជាវិស័យមួយដែលប្រឈមជាមួយ នឹងការលូតលាស់សេដ្ឋកិច្ចទៅវិញ។ ការលូតលាស់សេដ្ឋកិច្ចតាមបែបទីផ្សារអចលនទ្រព្យវាលឿន ហើយនិងជាកត្តាមួយរារាំងទៅដល់ការផលិតនៅក្នុងប្រទេស។ វិស័យផលិតកម្មនៅក្នុងប្រទេសយើងចាប់ផ្ដើមមានការថមថយ នៅពេលដែលអ្នកជំនួញទាំងអស់មានដើមទុន គាត់លេងវិនិយោគលើវិស័យផលិតកម្ម បែរជាទៅវិនិយោគលើវិស័យចលនទ្រព្យ។ ទីពីរ វិស័យនេះគឺជាចំណែកធ្វើឲ្យចំណូលកើនឡើងលឿន និងធ្វើឲ្យមានអតិផរណានៅក្នុងប្រទេស ដែលជាហេតុធ្វើឲ្យអ្នកមានផលប៉ះពាល់គឺ ក្រុមមនុស្សដែលមានចំណូលទាប។ កត្តានេះមានន័យថា បន្តិចទៀតប្រសិនបើរដ្ឋាភិបាលនៅតែបណ្ដោយឲ្យវិស័យអចលនទ្រព្យ នៅតែដើរតួនាទីខ្លាំងបែបនេះទៀត គឺគម្លាតរវាងអ្នកមាននិងអ្នកក្រចាប់ផ្ដើមមានកាន់តែធំ ហើយបញ្ហាដែលកើតមានឡើងបន្តទៀត គឺយើងនឹងបាត់បង់ផលិតកម្ម។ ឱកាសនៅក្នុងការផលិតកម្មគឺចាប់ផ្ដើមថមថយ ពេលនោះបើសិនជាមានវិបត្តិក៏យើងនៅតែទិញគេដដែល។ ដូច្នេះហើយប្រទេសយើងដីកសិកម្មត្រូវបានទុក ដើមទុនមួយចំនួមសម្រាប់វិនិយោគទៅលើវិស័យកសិកម្មក៏ត្រូវបានបង្កកទុកលើវិស័យដី។ ដូច្នេះ យើងនឹងមានវិបត្តិទៅលើផលិតកម្ម នេះគឺជាកត្តាមួយដែលអាចបាត់បងនៅឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជាដែរ។ នេះគឺជាចុងក្រោយ ដែលខ្ញុំបានប្រមើមើលឃើញហើយ សូមស្នើទៅមហាជនក៏ដូចជារដ្ឋាភិបាលពិនិត្យមើល និងរៀបចំដែនដីឲ្យបានច្បាស់លាស់បញកជាក់ថា ដីណាជាដីកសិកម្ម ហើយដីកសិកម្មក៏មិនអាចក្លាយទៅជាដីលំនៅឋានដែរ គាត់ត្រូវតែបែងចែកតំបន់លំនៅឋានឲ្យបានច្បាស់លាស់ដើម្បីធ្វើការអភិវឌ្ឍលំនៅឋាន ហើយប្រព័ន្ធកសិកម្មត្រូវរៀបចំយ៉ាងម៉េច បើមិនដូច្នោះទេដីស្រែក្បែរជើងភ្នំក៏ក្លាយជាតំបន់អភិវឌ្ឍន៍ ពុះឡូត៍ដេលនោះ គឺជាចំណុចមួយដែលមិនអាចទៅរួចហើយ ប្រជាពលរដ្ឋ នឹងអាចរងគ្រោះនៅពេលដែលគាត់ទៅទិញដី ទិញផ្ទះនៅទីនោះអាចរងផលប៉ះពាល់ ដោយសារតែវិបត្ដិដែរ។

សំនួរ៖ ចំណុចនេះ ខ្ញុំសូមអនុញ្ញាតបន្តសួរទៅកាន់ឯកឧត្តមបណ្ឌិត ទាក់ទងទៅនឹងវិស័យកសិកម្ម វិស័យកសិកម្មប្រទេសកម្ពុជាយើង យើងឃើញថា មានការល្អប្រសើរ និងមានកំណើននៃការនាំចេញច្រើន។ សម្រាប់ឯកឧត្តមផ្ទាល់យល់ឃើញយ៉ាងណាដែរ តើត្រូវធ្វើដូចម្ដេចដើម្បីឲកាន់តែមានផលល្អប្រសើរ?

វិស័យកសិកម្មគឺជា វិស័យមួយល្អជួយសេដ្ឋកិច្ចកម្ពុជាយើងនៅពេលមានវិបត្ដិ ប៉ុន្តែបញ្ហាបច្ចេកទេសកសិកម្មនៅតែជាបញ្ហាប្រឈមសម្រប់វិស័យនេះ បើទោះជាយើងឃើញមានការនាំចេញមែន តែការនាំចេញរបស់កម្ពុជាទៅប្រទេសចិនមានការកើនឡើងដោយសារតែកម្ពុជានិងចិនជាដៃគូគ្រោះគ្រប់ជ្រុងជ្រោយជាមួយគ្នា ជាការជួយគ្នាផង ជាតម្រូវការរបស់ប្រទេសផង តែបើយើងក្រឡេកទៅមើលដំណាំកសិកម្មមួយចំនួនដែលយើងនាំចេញទៅប្រទេសថៃ ប្រទេសវៀតណាម ក៏ត្រូវបានដឹកយកទៅចាក់ចោល។ នៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ស្វាយជាច្រើនត្រូវបានយកទៅចាក់ចោលខណៈពេលដែលមានចម្ការ 6 ដែលអនុញ្ញាតឲ្យនាំចេញទៅប្រទេសចិន អញ្ចឹងកសិករឮថាចិនទិញស្វាយពីកម្ពុជា នាំគ្នាដាំ ដែលព័ត៌មាននេះក្រសួងកសិកម្មមិនបានសព្វផ្សាយទេ អញ្ចឹងកសិករនាំគ្នាទៅដើមស្វាយចុងក្រោយស្វាយបានផលច្រើនយកទៅចាក់ចោលទាំងអស់ ដោយថៃមិនទិញ វៀតណាមមិនទិញ ចិនមិនអនុញ្ញាតឲ្យទិញដោយសារតែគយគេអនុញ្ញាតឲ្យតែចំការចំនួន ៦ ដែលបានអនុញ្ញាតពីរដ្ឋាភិបាលចិនតែប៉ុន្នោះ។ នេះគឺជាការរងគ្រោះដល់កសិករយើង ដែលយើងគ្មានពត៌មានច្បាស់លាស់នេះគឺជាបញ្ហាប្រឈមរបស់វិស័យកសិកម្មរបស់កម្ពុជា។ ទីពីរ យើងឃើញថា កំណើនកសិកម្មខ្ពស់ដោយសារតែវិស័យសេវាកម្មនិងវិស័យផលិតកម្មមានការធ្លាក់ចុះ អញ្ចឹងការរួមចំណែកនៃវិស័យកសិកម្ម យើងឃើញមានកឱណើនខ្ពស់ ក៏ប៉ុន្តែបើយើងគិតអំពីតម្លៃបន្ថែមដែលកសិករបានផលិតឡើងនោះគឺ មានតិចតួចនៃតម្លៃសរុប។ មានការកើនឡើងបរិមាណ ឬក៏ទិន្នផលនៃវិស័យកសិកម្មមានការកើនឡើងមែន ប៉ុន្តែតម្លៃកសិកម្មគឺមានការថយចុះ ដោយសារតែកសិករទទួលបានផលពីវិស័យនេះ ហើយលក់នៅក្នុងថ្លៃទាប ដូចដែលយើងបានដឹងហើយថាកសិផលជាច្រើនដូចជាបន្លែត្រូវបានយកទៅចាក់ចោលនៅក្នុងខែ 5 ខណៈពេលដែលដើមខែ 5 នេះត្រសក់មួយគីឡូនៅក្នុងទីផ្សារ 6000-7000៛ នៅភ្នំពេញ ហើយកសិករបានតែមួយគីឡូ 200-300៛ នេះគឺជាបញ្ហាប្រឈមនឹងកើតមានឡើងធ្វើឲ្យគម្លាតនៃប្រាក់ចំណូល និងគម្លាតអ្នកមាននិងអ្នកក្រ កាន់តែខ្ពស់ឡើងខ្ពស់ឡើង។ យើងឃើញថា វាដើរតួស្នូលមែន ប៉ុន្តែដោយសារតែការរៀបចំរបស់យើងនៅមានកំណត់ និងមានកម្រិតអាចនឹងកើតមានឡើងនូវបញ្ហាប្រឈមនេះ។ នេះគ្រាន់តែជាអ្វីដែលយើងមើលឃើញហើយលើកឡើង ដើម្បីឲ្យរដ្ឋាភិបាលពិចារណាបន្ថែមទៀត ទៅលើចំណុចនេះព្រោះជារដ្ឋាភិបាលខំប្រឹងប្រែងហើយក៏នៅតែមានចំណុចខ្វះខាតដែរ។

សំនួរ៖ សម្រាប់ ឯកឧត្តមបណ្ឌិតផ្ទាល់ ថាយើងគួរតែរៀបចំប្រព័ន្ធទីផ្សារបែបណា ដើម្បីតភ្ជាប់រវាងកសិករទៅនិងទីផ្សារ ជាមួបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលគាត់ផលិតបានឲ្យមានសមតុល្យគ្នានៅលើតម្លៃទីផ្សារនៅក្នុងទីក្រុងដោយរលូនទាំងពីរបានផងដែរ?

កន្លែងនឹងខ្ញុំយល់ថា មាន២ចំណុច។ ចំណុចទី១ គឺការបង្កើតសហគមន៍ ការបង្កើតសហគមន៍ប៉ុន្តែប្រជាពលរដ្ឋយើងបច្ចុប្បន្នមិនមែនជាសហគមន៍ទេគឺជាឯកត្តជន កសិករផលិតក្នុងនាមជាឯកជន មិនបានចងទៅជាសម្ព័ន្ធ ឬក៏ជាសហគមន៍ទេ។ នៅពេលដែលមិនបានចងទៅជាសហគមន៍នេះឯងទី១ គឺថ្លៃដើមកសិផលរបស់គាត់ខ្ពស់ ដោយសារតែកសិករម្នាក់ពេលមួយថ្ងៃទៅទិញជី  អញ្ចឹង 100 នាក់ចំណាយពេលវេលា 100 ថ្ងៃដើម្បីទៅទិញជី ខុសពីសហគមន៍ដែលមានកសិករ 100 នាក់ចូលរួមចំណាយពេលតែមួយថ្ងៃមកទិញជី។ ដូច្នេះយើងអាច save បានការចំណាយរយៈពេល 99 ថ្ងៃនេះគ្រាន់តែយើងឧទាហរណ៍។ ទី២ និយាយអំពីការផ្គត់ផ្គង់ បើយើងម្នាក់យកស្រូវទៅលក់យើងមានតែ 4-5 តោន តែបើយើងមួយរយនាក់យកទៅលក់បានជាង ៦០០ តោន អញ្ចឹងយើងមានអំណាចនៅក្នុងការចរចាថ្លៃជាមួយ និងអ្នកទិញនៅពេលដែលយើងមានទំហំកសិផលទំនិញរបស់យើងច្រើន។ មានន័យថា អំណាចនៃការកំណត់ថ្លៃរបស់កសិករ និងត្រូវបានបាត់បង់ប្រសិនបើ កសិករមិនបានចងក្រងទៅជាសហគមន៍។ មួយទៀតគឺ ទាក់ទងទៅនឹងព័ត៌មានអំពីទីផ្សារ បើកសិករម្នាក់គាត់មិនដឹងយកព័ត៌មានពីណាមកទេ តែបើចងក្រងជាសហគមន៍ គាត់នឹងមានព័ត៌មានអំពីទីផ្សារ ថាតើគាត់គួរតែត្រូវដាំដំណាំអី្វ ហើយទីផ្សារត្រូវការអ្វី មានថ្លៃប៉ុន្មាន នេះក៏ជាកត្តាដែលការចងជាសហគមន៍ទទួលបានផលប្រយោជន៍ដែរ។ កត្តាទី២ ក្រៅពីកត្តាសហគមន៍គឺការតភ្ជាប់នៅតាម ពាណិជ្ជកម្មអនឡាញ ពាណិជ្ជកម្មអនឡាញបានជួយកសិករផងដែរ។ បើតាមបទពិសោធន៍នៅប្រទេសចិន បច្ចុប្បន្ននេះប្រទេសដែលមានប្រជាពលរដ្ឋរវល់ខ្លាំងដូចជានៅប្រទេសជប៉ុន ប្រទេសចិន នៅសហរដ្ឋអាមេរិចជាដើមនោះ គេលែងទៅផ្សារដោយខ្លួនឯងហើយ គឺគេប្រវិធាន Online។ វិធាន online បើយើងមើលទៅលើ alibaba គ្រាន់តែលក់តែក្នុងមួយថ្ងៃក៏មានចំណូលមួយពាន់លានដុល្លារដែរ នេះគ្រាន់តែជាឧទាហរណ៍មួយ។ ការបង្កើតទម្រង់ពាណិជ្ជកម្មអនឡាញទៅលើវិស័យកសិកម្មគឺជាកត្តាសំខាន់ ដែលបច្ចុប្បន្នយើងមិនទាន់មានទេ យើងមានតែនិស្ស័យលក់ម្ហូបអាហារ ហើយប្រជាពលរដ្នលោកក៏តាមមិនទាន់បច្ចេកវិទ្យាដែរ ហើយប្រជាពលរដ្ឋបច្ចុប្បន្នមានហ្វេសប៊ុក គាត់ស្ដាប់ព័ត៌មានតាមហ្វេសប៊ុកជាដើម ក៏ប៉ុន្តែគាត់មិនបានចូលរួមចំណែកដោយការប្រើប្រាស់បច្ចេកវិទ្យាឲ្យត្រូវជាមួយនឹងអាជីវកម្មរបស់គាត់ទេ។ អញ្ចឹងហ្វេសប៊ុកទៅជាបញ្ហាបំពុលសង្គមអីផ្សេងៗទៅវិញ វាខុសពីទិសដៅរបស់គាត់យកប្រើ នេះគឺជាចំណុចដែលរដ្ឋាភិបាលគួរតែមានការកែប្រែ។ ដូច្នេះយើងឃើញពីចំណុចនេះ ទីមួយគឺពាណិជ្ជកម្មអនឡាញនៃវិស័យកសិកម្ម ទីពីរ គឺការបង្កើតសហគមន៍ដើម្បីជួយកសិករកុំឲ្យឈ្មួញកណ្តាលកេងចំណេញពីថ្លៃលក់។

សំនួរ៖ កន្លងមកយើងឃើញមានព័ត៌មាននៅក្នុងសហគមន៍គឺ មានការចង់ក្រងហើយ តែហាក់បីដូចជាមិនទាន់មានការឆ្លើយតបឬក៏យ៉ាងណាដែរ?

សហគមន៍មួយចំនួនបានធ្វើហើយ តែមិនដំណើរកាទេ សហគមន៍ដែលមានដំណើរការភាគច្រើនគឺសហគមន៍ទេសចរណ៍នោះទេ ដែលមានប្រជាពលរដ្ឋតែប៉ុន្មានគ្រួសារនៅតាមតំបន់ទេសចរណ៍។ សហគមន៍កសិកម្មមិនមានដំណើរការទេ ដោយសារតែគ្មានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ហើយសហគមន៍នេះគឺត្រូវតែមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិនៅថ្នាក់មូលដ្ឋានហ្នឹងឯង។ មេឃុំក៏អាចដើរតួនាទីសំខាន់នៅក្នុងការរៀបចំសហគមន៍នេះបានផងដែរ មិនចាំបាច់តែមន្ត្រីក្រសួងពាណិជ្ជកម្មទេ ពីព្រោះមេឃុំគឺជាអាជ្ញាធរមូលដ្ឋានដែលស្គាល់ភូមិសាស្ត្រ និងស្គាល់អំពីប្រជាពលរដ្ឋខ្លួនឯងបានច្បាស់លាស់ អញ្ចឹងការធ្វើសេវានេះគឺជាចំណុចមួយសម្រាប់ជួយកសិករ ជាជាងឲ្យកសិករធ្វើអ្វីដោយខ្លួនឯង ពីព្រោះការដែលជាមេឃុំយើងគឺជាអ្នកបម្រើប្រជាពលរដ្ឋ អញ្ចឹងហើយឱកាសនេះហើយគឺជាការបម្រើនោះ កុំឲ្យជាប់ឆ្នោតហើយចាំតែយកលុយថ្លៃសញេ្ញលក់ដីនោះវាអត់ល្អទេ។

សំនួរ៖ សម្រាប់ឯកឧត្តមបណ្ឌិតផ្ទាល់ អាចណែនាំចំណុចជម្រាបជូនបានទេថា មេភូមិ មេឃុំ មេស្រុក ត្រូវរៀបចំរចនាសម្ព័ន្ធអ្វីខ្លះដើម្បីឱ្យបានភាពជោគជ័យ ព្រោះយើងឃើញកន្លងមកសហគមន៍កសិកម្មជាច្រើនហាក់បីដូចជាមិនសូវបានជោគជ័យនោះទេ?

កន្លងមកសហគមន៍ដែលជោគជ័យគឺជាសហគមន៍ដែលខ្ចីលុយ ចំណែកឯសហគមន៍ជួយប្រជាពលរដ្ឋគឺមិនជោគជ័យទេ។ គន្គឹះនៃភាពជោគជ័យរបស់សហគមន៍គឺ បង្កើតឲ្យមានប្រាក់ចំណូលសម្រាប់សហគមន៍។ ទីមួយ គឺយើងត្រូវរៀបចំឲ្យមានស្ថាប័នសហគន៍ គឺជាស្ថាប័នមួយជាស្ថាប័នថ្នាក់ក្រោមជាតិថ្នាក់តូច ហើយមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ មានប្រាក់ចំណូលសម្រាប់ថ្នាក់ដឹកនាំនហើយត្រូវធ្វើការប្ដូរវេនមួយឆ្នាំម្តង ឬ ពីរឆ្នាំម្ដងដោយការបោះឆ្នោត ដោយការរើសពីសមាជិកនៅក្នុងសហគមន៍។ ទីពី កសិករដែលចូលជាសមាជិកសហគមន៍ នឹងទទួលបានផលប្រយោជន៍ពីសហគមន៍តាមរយៈ ការទិញជី ការទិញពូជ ថ្លៃដើមកសិផលទាបជាងមុន ហើយលក់ទំនិញបានថ្លៃខ្ពស់ជាងមុន តែគាត់ត្រូវរួមចំណែកមួយចំណែកនៃប្រាក់ចំណេញរបស់គាត់ផ្ដល់ទៅសហគមន៍ដើម្បីដំណើរសហគមន៍ ទើបអាចមានដំណើរការបាន។ យើងចែកផលប្រយោជគ្នាទៅវិញទៅមកជាតម្លាភាព ភាគច្រើនសហគមន៍ដែលមិនមានតម្លាភាពគឺ ភាគច្រើនប្រធានសហគមន៍ហគាត់ស៊ីដាច់ពីកសិករ បានកម្រៃមកគាត់ប្រមូលផលតែម្នាក់ឯង។ ដូច្នេះហើយទើបយើងត្រូវការតួនាទីអាជ្ញាធរនោះ បើទុកឲ្យប្រជាពលរដ្ឋជាអ្នកដឹកនាំប្រជាពលរដ្ឋក៏អាចមានបញ្ហាដែរ តែបើមានអាជ្ញាធរនៅខាងក្នុងនោះដែលអាជ្ញាធរមិនមែនជាអ្នកគ្រប់គ្រងទេតែអាជ្ញាធរជាអ្នកឃ្លាំមើលជាទីប្រឹក្សា ឬក៏ជាបុគ្គលម្នាក់ដែលចាំជួយសម្របសម្រួលនោះ ខ្ញុំជឿថាសហគមន៍នោះ នឹងអាចជោគជ័យដែរ។ អាជ្ញាធរមូលដ្ឋានក៏មិនអាចសម្រេចចិត្តថាធ្វើបាននៅទេ ដោយសារតែអាជ្ញាធរមូលដ្ឋានគឺជាមន្ត្រីរបស់គណបក្សនយោបាយ ពីព្រោះមេឃុំបោះឆ្នោតតាមរយៈគណបក្សនយោបាយ ទាល់តែគណបក្សនយោបាយ ឬ រដ្ឋាភិបាលដែលលោកសម្រេចចិត្តតាមរយៈហ្នឹង ទើបអាចរួមចំណែកនៅក្នុងការរៀបចំសហគមន៍បានជោគជ័យ៕

***********

វាគ្មិន៖ ឯកឧត្តម បណ្ឌិត គី សេរីវឌ្ឍន៍ សាស្រ្តាចារ្យសេដ្ឋកិច្ច នៅវិទ្យាស្ថានខេមអេដ Business School និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា៖ 
ប្រធានដឹកនាំផលិត៖ អ្នកនាង ឡាក់ លីលី 
អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner