Biden ជំរុញឱ្យ Putin ចាត់វិធានការបញ្ឈប់ការវាយប្រហារតាមអ៊ីនធឺណេតពីរុស្ស៊ី

វ៉ាស៊ីនតោន​៖ ​​សេតវិមាន​ថ្លែង​ថា ​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​កាល​ពី​ថ្ងៃ​សុក្រ​ទី​០៩ ​កក្កដា​ បាន​ជំរុញ​ឱ្យ​សមភាគី​រុស្ស៊ី​លោក​ Vladimir​ Putin​ ចាត់​វិធានការ​​ទប់ស្កាត់​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ប្រឆាំង​នឹង​អង្គភាព​សហរដ្ឋ​អាមេរិក​ពីសំណាក់​​ប្រទេស​រុស្ស៊ី។​​

​ក្នុង​កិច្ច​សន្ទនា​រយៈពេល​មួយ​ម៉ោង​តាម​ទូរស័ព្ទជាមួយ​លោក Putin​ ​ លោក ​Biden ​បាន​បញ្ជាក់​ពី​តម្រូវការ​ឱ្យ​រុស្ស៊ី​​ចាត់​វិធានការ​ដើម្បី​រំខាន​ដល់​ក្រុម​អ្នក​វាយ​ប្រហារ​ Ransomware ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​និង​បាន​សង្កត់​ធ្ងន់​ និង​ប្តេជ្ញា​ថា​នឹង​បន្តការ​ចូលរួម​លើ​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​ក្រុម​នេះ​។​ លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ផង​ដែរ​ថា ​រដ្ឋបាល​របស់​លោក​ «​នឹង​ចាត់​វិធានការ​ចាំបាច់​ណាមួយ​» ​ដើម្បី​ការពារ​ប្រជាជន​អាមេរិក​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ប្រទេស​នៅ​ចំពោះ​មុខ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​។​

​កិច្ច​សន្ទនា​រវាង​មេដឹក​នាំ​កំពូល​ទាំង​ពីរ​ បាន​ធ្វើ​ឡើង​​ក្រោយ​ពី​ជំនួបផ្ទាល់​មុខគ្នា​នៅ​ក្រុង​ហ្ស៊ឺណែវ​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​។ ​លោក​ Biden ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​បន្ទាប់​ពី​កិច្ច​សន្ទនា​នេះ​ថា​ មេដឹក​នាំ​ទាំង​ពីរ​បាន​បង្កើត​មធ្យោបាយ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ​ ដើម្បី​ពិភាក្សា​អំពី​ព្រឹត្តិការណ៍​ដែល​ជះឥទ្ធិពល​ដល់​ប្រទេស​រៀង​ៗ​ខ្លួន​។​

​លោក ​Biden​ ​ប្រាប់​លោក​ Putin​ ​ថា៖​​ «​ការ​វាយ​លុក​តាម​អ៊ីនធឺណេត​ដោយ​ឧក្រិដ្ឋជន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​រុស្ស៊ី ​​បាន​ជះឥទ្ធិពល​ដល់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភព​លោក​»​។​

​យ៉ាង​ណា​មិញ​ សេចក្តី​ថ្លែងការណ៍​មួយ​ពី​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា​ លោក​ Putin​ បាន​ប្រាប់​លោក ​Biden​ ថា​​រុស្ស៊ី​ «​មិន​បាន​ទទួល​សំណើ​ណាមួយ​ពី​ក្រសួង​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ខែ​ចុង​ក្រោយ​នេះ​ទេ​ បើ​ទោះ​បី​ជា​ភាគី​រុស្ស៊ី​ត្រៀម​ខ្លួន​បញ្ឈប់​ឧក្រិដ្ឋកម្ម​ក្នុង​វិស័យ​ព័ត៌មាន​​​​ក៏​ដោយ​»​។​

​កាល​ពី​ខែ​ឧសភា​ក្រុមឧ​ក្រិដ្ឋជន​តាម​អ៊ិនធឺណេត ​DarkSide​ ​មាន​ប្រតិបត្តិការ​ពី​ប្រទេស​រុស្ស៊ី​ បាន​បង្កក​ប្រតិបត្តិការ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈ​ Colonial ​Pipeline​ Co.​ ​ធ្វើ​ឱ្យ​តម្រូវការ​ និង​តម្លៃ​ប្រេង​បាន​កើន​ឡើង​នៅ​ឆ្នេរ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក​។​

ប្រភព៖ Kyodo News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner