ប្រធាន គ.ជ.ប ឆ្លើយតបទៅនឹងការដាក់លក្ខខណ្ឌអប្បបរមា ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

ភ្នំពេញៈ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះថា ការបោះឆ្នោតពេលណាក៏ គ.ជ.ប ត្រូវធ្វើឱ្យមានយុត្តិធម៌ដែរ ក៏ដូចជាទៅតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងនិងនីតិវិធីបទបញ្ជាដែលបានចែង ហើយបើធ្វើខុសពីនឹងក៏អត់បានដែរ។

ការបញ្ជាក់របស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺឆ្លើយតបទៅនឹងក្រុមសង្គមស៊ីវិលមួយចំនួនកាលពីថ្ងៃទី១៤ ខែកកក្កដា ឆ្នាំ២០២១ បានដាក់លក្ខខណ្ឌអប្បបរមា ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយគេបានដាក់លក្ខខណ្ឌចំនួន៦ចំណុច ដែលក្ដោបទៅលើសេរីភាព ឯករាជ្យភាព និងតម្លាភាព។ 

បើតាមលោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានឱ្យដឹងថា សន្និសីទសារព័ត៌មានស្តីពីការស្នើសុំលក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ/សង្កាត់ឆ្នាំ២០២២ រៀបចំដោយអង្គការខុមហ្វ្រែល និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល។ ដោយលោកបានបញ្ជាក់ថា អនុសាសន៍លក្ខខណ្ឌ ៦ចំណុចមានដូចជា ១. បរិយានយោបាយសេរី ២. សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ៣.ឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះឆ្នោត ៤. តួនាទីអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ៥.កងកម្លាំងប្រដាប់អាវុធ តុលាការឯករាជ្យ និងអព្យាក្រឹត្យ និង៦.សមាសភាពគណៈកម្មាធិការរៀបចំការបោះឆ្នោត។

ចំណែកលោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS ថា អ្វីដែលគ.ជ.ប បានកំពុងអនុវត្តកន្លងមកគឺអនុវត្តកិច្ចការរបស់ខ្លួនដើម្បីធានាឱ្យកិច្ចការរបស់គ.ជ.ប ដំណើរទៅដោយល្អប្រសើរក្នុងកម្រិតអតិបរមា។ ក្នុងកម្រិតអតិបរមានេះគឺដៅទៅលើកិច្ចការរបស់គ.ជ.ប ហើយពិសេសទៅលើយន្តការដឹកនាំគ្រប់គ្រងស្ថាប័នគ.ជ.ប តាំងពីគ.ជ.ប អគ្គលេខាធិការដ្ឋានដល់លេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ដែលជារចនាសម្ព័ន្ធមួយក្នុងឆ្នាំដែលអត់មានការបោះឆ្នោត។ ប៉ុន្តែនៅឆ្នាំដែលមានរចនាសម្ព័ន្ធនៃឆ្នាំដែលមានការបោះឆ្នោត គឺមានយន្តការ៤ថ្នាក់ យន្តការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត។ អ្វីដែលជាយន្តការដែលមានកំណត់នៅក្នុងច្បាប់ គឺគ.ជ.ប តែងតែពង្រឹងកកិច្ចការអនុវត្តរបស់ខ្លួនឱ្យបាននៅក្នុងកម្រិតអតិបរមាមួយ គឺកិច្ចការទាំងអស់ត្រូវគោរពអនុលោមទៅតាមបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធមម្មនុញ្ញក៏ដូចជាច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់សម្រាប់ការបោះឆ្នោតកំពុងនៅជាធរមាន។ កម្រិតអប្បបរមាដែលលើកឡើងដោយអង្គការសង្គមស៊ីវិល លោកមិនយល់ទេ។ ក្នុងក្របខ័ណ្ឌជាស្ថាប័នគ.ជ.ប គឺយើងប្រឹងប្រែងអនុវត្តដើម្បីអនុវត្តទាញយកលទ្ធផលមួយឱ្យទទួលបានខ្ពស់បំផុតក្នុងកម្រិតអតិបរមា។

លោកបានបញ្ជាក់ថា “កិច្ចការរបស់យើងក្នុងឆ្នាំ២០២១នេះ គ.ជ.ប កំពុងតៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។ក្នុងកម្រិតអតិបរមាដែលគ.ជ.ប ប្រមើ និងអនុវត្តឱ្យបាន គឺប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតជាង១០លាននាក់ ត្រូវធ្វើយ៉ាងណាឱ្យបញ្ជីបោះឆ្នោតធានាបាននូវគុណភាព គឺភាពពេញលេញ ភាពពេញលេញនេះ គឺសំដៅលើប្រឹងប្រែងយ៉ាងណាចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋដែលមានជាង១០លាននាក់នេះឱ្យបានក្នុងកម្រិតមួយខ្ពស់ ក្នុងអាត្រាមួយអាចទទួលយកបាន បើធៀបទៅនឹងអាត្រាប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងតំបន់ គឺគ.ជ.ប យើង ឬក៏ព្រះរាជាណាចក្រកម្ពុជាយើងបានចុះឈ្មោះអ្នកបោះឆ្នោតបានចំនួន៨៥.០៦ភាគរយហើយ គឺជាអាត្រាមួយខ្ពស់ណាស់ នេះហើយគឺជាកម្រិតអតិបរមាដែលគ.ជ.បខិតខំប្រឹងប្រែងបំពេញ និងអនុវត្តឱ្យបាន”។

ទាក់ទងសមាសភាព គ.ជ.ប លោក សោម សូរីដា បានបញ្ជាក់ថា សមាសភាព គ.ជ.ប ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ហើយទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយសភាពេញអង្គ ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។សមាសភាពដែលកំពុងតែមានបច្ចុប្បន្ននេះ គឺសមាសភាពមួយដែលរៀបចំឡើងដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សមាសភាពនេះ មិនបានរំលោភលើបទបញ្ញត្តិច្បាប់ណាមួយទេ៕ 

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner