បទអត្ថាធិប្បាយ៖ ការបំពានខ្សែបន្ទាត់ក្រហមដោយចេតនារបស់អាមេរិក វាមិនខុសអ្វីពីការប្រលែងជាមួយភ្លើងដែលពិតជានឹងត្រូវឆេះរោលខ្លួនឯង

ប៉េកាំង៖ យន្តហោះដឹកជញ្ជូនមួយគ្រឿងនៃកងទ័ពអាមេរិក បានចុះចតនៅចិនតៃវ៉ាន់កាលពីថ្ងៃទី១៥ ខែកក្កដា។ នេះជាទង្វើដ៏គ្រោះថ្នាក់ដែលបង្ករឿងហេតុ ក្នុងចេតនាអាក្រក់ ហើយក៏ជាទង្វើប្រលែងជាមួយភ្លើងដែលបំពានយ៉ាងកម្រោលនូវខ្សែបន្ទាត់ក្រហមរបស់ចិនផងដែរ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរនូវការកំណត់នៃសេចកី្តប្រកាសរួម៣ច្បាប់រ វាងចិន និងអាមេរិក។

ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះរឿងនេះនាថៃ្ងដដែលនោះ ហើយបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា កងទ័ពរំដោះប្រជាជនចិនកំពុងរក្សា ភាពប្រុងប្រយ័ត្នខ្ពស់ ហើយនឹងចាត់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីកម្ទេចចោលយ៉ាងដាច់ខាតនូវរាល់ការប៉ុនប៉ងដែលចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យ។ មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា កាលពីថ្ងៃទី៦ ខែកក្កដា លោក Kurt Campbell មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃគណៈកម្មាធិការសន្តិសុខជាតិ នៃសេតវិមានអាមេរិកធ្លាប់បង្ហាញអាកប្បកិរិយាយ៉ាងច្បាស់ ក្នុងអំឡុងពេលចូលរួមកិច្ចសន្ទនាតាមអនឡាញ ដែលរៀបចំដោយសមាគមអាស៊ីនៃធនាគារគំនិត អាមេរិកថា មិនគាំទ្រឱ្យ «តៃវ៉ាន់ឯករាជ្យ» នោះទេ លោកបានអះអាងថា «ពួកយើងយល់ដឹងទាំងស្រុងពីភាពរសើបនៃបញ្ហាតៃវ៉ាន់»។

ទោះយ៉ាងណាក៏ដោយ រំលងតែរយៈពេល១០ថ្ងៃប៉ុណ្ណោះ យន្តហោះដឹកជញ្ជូនកងទ័ពអាមេរិកក៏បានហោះហើរទៅកាន់ចិនតៃវ៉ាន់ ហើយបានធ្វើការឃុបឃិតគ្នា ខាងយោធាយ៉ាងកម្រោល។ ទង្វើមាន «មុខពីរ» របស់អាមេរិកបែបនេះមិនត្រឹមតែលាតត្រដាងយ៉ាងច្បាស់នូវមុខមាត់ពិតប្រាកដ នៃការបោកបញ្ឆោត ខាងយុទ្ធសាស្ត្រព្រមទាំងឧបាយកលដ៏អាក្រក់ ដែលប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេសប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យអ្នកផងទាំងពួងបានមើលឃើញថា អាមេរិកគ្មានកេរ្តិ៍ឈ្មោះជាមហាប្រទេសទាល់តែសោះ ហើយតាំងពីដើមមកបាន «និយាយផ្សេងធ្វើផ្សឹង» ដែលធ្វើឱ្យពិភពលោកទាំងមូលប្រមាថមើលងាយ។

សូមរំលឹកថា បន្ទាប់ពីឡើងកាន់មុខតំណែងរដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្នបានអះអាងថា នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ប៉ុន្តែតាមពិតទៅអាមេរិកបានប្រព្រឹត្តទង្វើដ៏គ្រោះថ្នាក់ជាប់រហូតមកដែលបណ្តែតបណ្តោយ និងលើកទឹកចិត្តដល់កម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យនៅកោះតៃវ៉ាន់ឱ្យក្លាយជាអ្នកដើរនាំមុខនៃយុទ្ធសាស្ដ្រស្តុអាមេរិកស្តីពីការទប់ស្តាត់ការអភិវឌ្ឍរបស់ចិនដោយគ្រប់ជ្រុងជ្រោយ។

ទង្វើខុសឆ្គងនេះ មិនត្រឹមតែបានរំញោចដល់ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ព្រមទាំងអូសតៃវ៉ាន់ឱ្យចូលក្នុងជ្រោះដ៏គ្រោះថ្នាក់យ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងក៏ ធ្វើឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកមានភាពកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

សូមបញ្ជាក់ថា តំបន់តៃវ៉ាន់គឺជាផែ្នកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ទឹកដីចិន នេះគឺជាការពិតជាមូលដ្ឋានដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ។ នៅចំពោះមុខប្រជាជនចិនដែលមានភាពខ្លាំងក្លា និងសាមគ្គីគ្នា រាល់ការប៉ុនប៉ងបំបែកបំបាក់ប្រទេសចិននឹងមិនអាចសម្រេចបានជាដាច់ខាត។

ប្រទេសចិនមិនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះទេ ប៉ុន្តែប្រទេសចិនក៏មិនអនុញ្ញាតឱ្យប្រទេសដទៃមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនជាដាច់ខាតនោះឡើយ។ គ្មានបុគ្គលណាមួយអាចប៉ាន់ប្រមាណទាបចំពោះការប្តេជ្ញាចិត្តដ៏មុតមាំឆន្ទៈដ៏មោះមុត និងសមត្ថភាពដ៏ខ្លាំងក្លាររបស់ប្រជាជនចិន និងកងទ័ពចិនក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនោះឡើយ។

ប្រទេសចិនចាំបាច់ត្រូវបង្រួបបង្រួមជាតិ ហើយក៏មុខជានឹងសម្រេចបាននូវការបង្រួបបង្រួមជាតិជាមិនខាន។ នេះជាចរន្តប្រវត្តិសាស្រ្តដែលគ្មានបុគ្គលណាមួយ អាចរារាំងបាននោះទេ ហើយក៏ជានិន្នាការទូទៅនៃយុគសម័យដែលកម្លាំងខាងក្រៅណាមួយក៏មិនអាចរង្គោះរង្គើនោះឡើយ។ ប្រសិនបើអ្នកនយោបាយអាមេរិកមួយចំនួនចង់ប្រព្រឹត្តិទៅផ្ទុយនឹងនិន្នាការនោះមុខជានឹងត្រូវបរាជ័យនៅចំពោះមុខមហាកំពែងដែកថែបដែលបង្កើតឡើងដោយសាច់ឈាមរបស់ប្រជាជនចិន ចំនួនជាង១៤០០ លាននាក់ជាមិនខាន!

ប្រភពៈ Fresh News

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner