ហោរាសាស្រ្តប្រចាំថ្ងៃ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់លោកអ្នកនឹងទទួលបានជោគជ័យយ៉ាងគាប់ចិត្ត ដូច្នេះសូមកុំមានការភ័យខ្លាច សូមសម្រេចចិត្តធ្វើអ្វីដែលអ្នកបានគ្រោងទុក។ ក៏ប៉ុន្តែសូមលោកអ្នកកុំធ្វើការផ្លាស់ប្តូរអ្វីឡើយ ប្រសិនបើអ្នកមិនមានគម្រោងច្បាស់លាស់ ឬមិនទុកចិត្ត។ ចំពោះសញ្ញាណហិរញ្ញវត្ថុ គឺស្ថិតនៅលើគន្លងផ្លូវរបស់អ្នក ដូច្នេះអ្នកអាចនឹងទទួលបានប្រាក់កាសជាច្រើននៅក្នុងអនាគតដ៏ខ្លីនេះ។ បន្ថែមពីនេះទៀត ប្រសិនបើអ្នកទទួលបានឳកាស ដើម្បីកែប្រែកំហុសពីអតីត ចូរធ្វើវាភ្លាមពីព្រោះវានឹងអាចជួយឲ្យអ្នកទទួលបានភាពរីករាយកាន់តែប្រសើរ។ 

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកដំណើរការទៅដោយភាពជោគជ័យ និងគ្មានផលរំខានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ លោកអ្នកក៏អាចទទួលបានដំណឹងល្អចំពោះការងារដែលបានខំប្រឹងប្រែងកន្លងមកដែរ។ សម្រាប់ទំនាក់ទំនងជាមួយថ្នាក់លើ ធ្វើយ៉ាងណាកុំចរចារឿងរបស់អ្នកដទៃ។ ក្រៅពីនេះ សូមកុំមានចិត្តស្ទាក់ស្ទើរ ចូរធ្វើដំណើរឆ្ពោះទៅមុខជាដរាបទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ។ ដោយឡែក សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះប្រសិនបើអ្នកប្តេជ្ញាចិត្តធ្វើអ្វីមួយ ចូរកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលជោគជ័យយ៉ាងល្អប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការជាក្រុម ដូច្នេះសូមយកចិត្តទុកដាក់ទៅលើគំនិតយោបល់របស់មិត្តរួមការងារ ឬដៃគូអាជីវកម្ម។ ក្នុងពេលនេះអ្នកក៏អាចប្រទះនូវបញ្ហា ឬភាពខកចិត្តតិចតួច ប៉ុន្តែសូមកកុំបាក់ទឹកចិត្ត ពីព្រោះអ្នកអាចមានលទ្ធភាពធ្វើវាឲ្យប្រសើរវិញបាន។ ប្រការចាំបាច់បំផុត សូមរក្សាទឹកចិត្ត និងអាកប្បកិរិយាល្អជាមួយមនុស្សជុំវិញជានិច្ច។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរប្រយ័ត្នប្រយែងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងជាមួយសមាជិកក្នុងក្រុមការងារទាំងមូល។ ជាពិសេស សម្រាប់អាជីវករ ចូររក្សាភាពទន់ភ្លន់ រស់រាយរាក់ទាក់ ព្រមទាំងអនុគ្រោះផងដែរ។ ប្រសិនបើអ្នកអាចធ្វើបាន នោះរឿងធំនឹងក្លាយជារឿងតូច​ ហើយមិនធ្វើឲ្យប៉ះពាល់ដល់ទិន្នផលការងារធ្ងន់ធ្ងរនោះទេ។ ប្រសិនបើលោកអ្នកមានអារម្មណ៍ធុញទ្រាន់ចំពោះការងារដែលកំពុងមានក្នុងដៃ សូមដកឃ្លាចេញបន្តិច ហើយពិនិត្យរកភាពខ្វះចន្លោះ ឬស្នើសុំការពិភាក្សា ហើយត្រូវចងចាំថាការប្រថុយប្រថានក្នុងថ្ងៃនេះនឹងនាំឲ្យអ្នកមានការលំបាកខ្លាំង។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រីករាយ ចំពោះការផ្លាស់ប្តូរល្អៗក្នុងជីវិតនាពេលនេះ។ ចូរដើរឆ្ពោះទៅរកគោលដៅ ដែលអ្នកបានគ្រោងទុក ពីព្រោះការងារនោះ ជាការងារដែលអាចទទួលផលយ៉ាងប្រសើរ។ ក៏ប៉ុន្តែសូមកុំទុកចិត្តនឹងអារម្មណ៍ខ្លួនជ្រុលហួសពេក អ្នកត្រូវតែត្រៀមប្រមូលយកពត៌មានសំខាន់ៗជានិច្ច។​ ទន្ទឹមនឹងនោះ ការពិភាក្សាផ្តោះប្តូរគំនិតយោបល់នៅក្នុងក្រុម ឬជាមួយដៃគូជំនួញអាចជួយបញ្ជៀសពីបញ្ហា ការខាត់បង់ និងរក្សាទំនុកចិត្តរវាងគ្នាផងដែរ។​

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារ និងរបរអាជីវកម្មរបស់លោកអ្នក ហាក់មិនសមប្រកបដូចការប៉ងប្រាថ្នា ឬទុនដែលអ្នកបោះចេញនោះទេក្នុងថ្ងៃនេះ។ ក៏ប៉ុន្តែសូមកុំទាន់បាក់ទឹកចិត្ត ប្រសិនបើអ្វីដែលអ្នកកំពុងរំពឹងទុកមិនឆ្លើយតបតាមបំណងប្រាថ្នា ព្យាយាម និងចំណាយពេលវេលាបន្ថែមបន្តិចទៀតសិន។ លោកអ្នកគួរគិតគូររកច្រកថ្មី សំលឹងមើលបញ្ហា និងដោះស្រាយដោយភាពឆ្លាតវៃ។ អ្នកអាចទទួលគំនិតយោបល់នានាបាន តែត្រូវគិតគូរឲ្យបានវែងឆ្ងាយមុនសម្រេចជឿជាក់។ ដោយឡែក សូមប្រយ័ត្នការរងរបួស។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ លោកអ្នកអាចសម្រេចចិត្តបោះទុន បង្កើតមុខរបរថ្មី ឬធ្វើការផ្លាស់ប្តូរបរិបទការងារតាមការប៉ងប្រាថា្នបានក្នុងពេលនេះ។ ក្នុងនោះអ្នកអ្នកមានពេលវេលាច្រើន ហើយឳកាសទទួលបានភាពចម្រើនលូតលាស់ក៏មានច្រើនផងដែរ។ ប្រការសំខាន់ដែលគួរជៀសវាងគឺការចរចាយោបល់ជាមួយមនុស្សផ្ទុយភេទ ដែលមកពីឆ្ងាយ។ ក្រៅពីនេះ លាភសំណាងរបស់អ្នកនឹងកើតឡើងច្រើន ប៉ុន្តែវាទាក់ទងនឹងទង្វើ ឬការ ឆ្លើយតបរបស់អ្នកចំពោះស្ថានភាពទាំងនោះ ដូច្នេះសូមគិតគូរឲ្យបានម៉ត់ចត់។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់លោកអ្នក មានដំណើរការទៅយ៉ាងល្អប្រសើរណាស់ ព្រមទាំងគ្មានផលរំខានអ្វីដែលគួរឲ្យកត់សម្គាល់នោះទេ។ ដូច្នេះសូមលោកអ្នកប្រើប្រាស់ឳកាសនេះទាញយកផលឲ្យបានល្អបំផុត។ លោកអ្នកក៏អាចទទួលដំណឹងចំពោះការធ្វើដំណើរទស្សនកិច្ច និងការពិភាក្សាលើការងារធំផងដែរក្នុងរយៈពេលនេះ ដូច្នេះសូមត្រៀមគម្រោងការ ដើម្បីអនុវត្តឲ្យមានទាន់ពេលវេលា។ ចំពោះកាលទេសខ្លះ ដែលអ្នកទទួលអារម្មណ៍ពិបាកក្នុងការដោះស្រាយលើមុខរបរការងារ សូមសុំការពិភាក្សាជាមួយមនុស្សចាស់ក្នុងគ្រួសារ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានារបស់អ្នកដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មនុស្សជុំវិញខ្លួន។ ក៏ប៉ុន្តែសូមរក្សាការងារចាស់ដែលអ្នកកំពុងដំណើរការសិន ពីព្រោះការងារថ្មីមិនទាន់អាចកំណត់ទិសដៅបានច្បាស់លាស់នៅឡើយ។ ក្រៅពីនេះ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចរចានោះទេ ដូច្នេះសូមរក្សាពិភាក្សានេះសិន ហើយរងចាំឳកាសខាងមុខ។ ទន្ទឹមនឹងនោះ សូមលោកអ្នកប្រយ័ត្នការបាត់បង់របស់ទ្រព្យ ពីព្រោះសញ្ញាណអវិជ្ជមាននេះកើតឡើងខ្លាំង។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងែនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់ប្រទះនឹងភាពរអាក់រអួលដោយមិនរំពឹងទុក។ ចំណែកបញ្ហាតូចតាចជាច្រើនអាចនឹងកើតឡើង ដែលបណ្តាលឲ្យលទ្ធផលនៃកិច្ចការរបស់អ្នកមិនអាចទទួលផលធំដុំទេនៅពេលនេះ។ សូមយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងស្ថានការណ៍ ក្នុងនោះប្រសិនបើអ្នកចាប់ផ្តើមវាយតម្លៃគម្រោងអនុវត្តជាថ្មីនោះឃើញថានឹងបានប្រសើរជាងមុន។ ដោយឡែក សូមបញ្ចប់ការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកឲ្យអស់ កុំទុកឲ្យជាមន្ទិលនៅថ្ងៃបន្ទាប់។ ក្នុងពេលនេះ ការធ្វើដំណើរផ្លូវឆ្ងាយមិនសូវបានផលល្អទេ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមានឳកាសច្រើនដើម្បីទទួលផលល្អពីការងារ និងមុខជំនួញ ដូច្នេះសូមមានភាពរហ័សរហួន កុំឲ្យឳកាសល្អសម្រាប់ការងាររបស់អ្នកកន្លងផុតទៅ។ សូមជៀសវាងការជជែកវែកញែក ឬសូម្បីទទួលការណែនាំពីមនុស្សនៅជុំវិញខ្លួនក្នុងពេលនេះប្រសិនបើអ្នកគ្មានទំនុកចិត្ត ពីព្រោះហេតុការណ៍នានាអាចកើតឡើងដោយមិនមានការគ្រោងទុក។ ប្រសិនបើអ្នកខ្លាចការលួចបន្លំ ឬនិយាយពាក្យបញ្ចើចបញ្ចើរ សូមរក្សាភាពស្ងប់ស្ងៀម និងគួរចំណាយពេលវេលាគិតគូរឲ្យបានម៉ត់ចត់។ ក្នុងនោះដែរ អ្នកគួរសំឡឹងមើលឳកាសនានាដែលនឹងអាចកើតឡើងនៅទិសអាគ្នេយ៍។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានថាមពលខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងបញ្ឈប់បញ្ហាគ្រប់យ៉ាង ដែលអាចកើតមានក្នុងពេលនេះ។ ក្រៅពីនេះ ដោយយោងទៅលើលទ្ធភាពនៃគំនិតយោបល់ល្អ ដែលអ្នកមានក្នុងពេលនេះ គឺលោកអ្នកអាចនឹងដោះស្រាយរឿងធំតូចដែលបានកើតឡើងដោយជោគជ័យ ហើយរក្សាបានទំនុកចិត្តជាមួយមនុស្សនៅជុំវិញខ្លួនបាជានប្រក្រតី។ ចំពោះផ្នែកហិរញ្ញវត្ថុវិញ ​លោកអ្នកកំពុងតែកាន់សញ្ញាណទ្រព្យមហាសាលនៅក្នុងដៃ ដូច្នេះសូមធ្វើយ៉ាងណាកុំឲ្យឳកាសបាត់បង់ដោយងាយ។ លោកអ្នកគួរសំឡឹងតាមដានភាពប្រែប្រួលក្នុងរង្វង់ការងារជានិច្ច។

ចំណាំ

ឆ្នាំទាំង៤ ជូត រោង មមែ កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលផលតាមបំណងប្រាថ្នា ចំណែកប្រាក់កាស និងតំណែងការងារនឹងផ្តល់ដល់អ្នកក្នុងពេលនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner