អ្នកវិភាគ និងអ្នកនាំពាក្យ៖ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការស្រមើស្រមៃ

ភ្នំពេញៈ អ្នកវិភាគ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជាដូចនៅប្រទេសភូមានោះ គឺគ្រាន់តែការស្រមើស្រមៃដែលមិនអាចក្លាយជាការពិតបាននោះទេ ពីព្រោះបរទេស ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្មានអ្នកណាគាំទ្រទេ។ រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការទប់ស្កាត់ក៏ដូចជាបង្ក្រាបរាល់សកម្មភាព ឬចលនាណាដែលខុសច្បាប់។

ពីក្រៅប្រទេសទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា សហគមន៍អន្តរជាតិ និងកងទ័ពកម្ពុជា នឹងគាំទ្រដល់រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតដោយពលរដ្ឋ និងដឹកនាំដោយអ្នកប្រជាធិបតេយ្យ ដូចករណី នៅប្រទេសភូមា។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១៩ ខែកក្កដានេះថា ការចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់ទណ្ឌិតរត់ចោលស្រុក គឺយកតាមភូមា មិនត្រឹមត្រូវទេ ពីព្រោះសភាពការណ៍នៅភូមា និងកម្ពុជាខុសដូចគ្នាមេឃ និងដី។ វាអត់ដូចគ្នាទេ។ ដោយសារតែមនុស្សនេះអត់ការងារធ្វើ ចេះតែនឹកស្រមើស្រមៃទៅ ការស្រមើស្រមៃរបស់ទណ្ឌិតរត់ចោលស្រុកនេះ អត់បានការទេ ពីព្រោះប្រជាពលរដ្ឋ កងទ័ព នគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនេះ គ្មានអ្នកទៅតាមទណ្ឌិតរូបនោះទេ។ វាគ្រាន់តែជាការស្រមើស្រមៃដែលមិនអាចក្លាយជាការពិតបាន។ ឯកឧត្តមបានបញ្ជាក់ថា “ពេលដែលអតីតបក្សប្រឆាំងត្រូវរំលាយចោលដោយតុលាការកំពូលតាមសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ានេះ។ ក្រុមឧទ្ទាមក្រៅច្បាប់រត់ទៅបង្កើតចលនាសង្គ្រោះជាតិ ដែលយើងហៅថា ក្រុមឧទ្ទាមក្រៅច្បាប់។ អ្នកណាដើរតាមនយោបាយ អ្នកណាធ្វើតាមសកម្មភាពបម្រើឲ្យនយោបាយក្រុមឧទ្ទាមក្រៅច្បាប់សុទ្ធតែខុសច្បាប់ទាំងអស់។ អ៊ីចឹងមិនអាចទៅរួចទេ។ រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការទប់ស្កាត់ក៏ដូចជាបង្ក្រាបរាល់សកម្មភាព ឬចលនាណាដែលខុសច្បាប់”។

អ្នកនាំពាក្យដដែលបានបន្តថា ចំពោះការអំពាវនាវរបស់ទណ្ឌិតរត់ចោលស្រុកនេះ គឺមិនមានបរទេសណាគេគាំទ្រទេ ពីព្រោះវាជាចលនាខុសច្បាប់។ យើងឃើញហើយ ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសគ្មានអ្នកណាគាំទ្រ ពីព្រោះវាសុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់។

ចំណែកលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១៩ ខែកក្កដា នេះដែរថា ការអំពាវនាវរបស់ សម រង្ស៊ី គឺជាគំនិតរវើរវាយមួយដែលគាត់តែងតែមានទម្លាប់បែបក្នុងការស្រមើស្រមៃ។ នយោបាយបែបអណ្តែតអណ្តូង។ អ្វីដែលជាការអំពាវនាវរបស់គាត់ គឺទី១.ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ ហើយផ្ទុយពីឆន្ទៈរបសប្រជាពលរដ្ឋ។ ការបង្កើតរដ្ឋាភិបាលនិរទេស ឬរដ្ឋាភិបាលក្រៅប្រទេសបែបណា បើរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតដោយឆន្ទៈប្រជាពលរដ្ឋហើយកំពុងតែដឹកនាំដោយស្របច្បាប់ មានការទទួលស្គាល់ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតឆ្នាំ២០១៨ ឃើញថា ប្រជាពលរដ្ឋខ្មែរបានផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា។ នេះសបញ្ជាក់ថា ប្រជាពលរដ្ឋគាំទ្ររាជរដ្ឋាភិបាល។ ដូច្នេះប្រជាពលរដ្ឋមិនត្រូវការរដ្ឋាភិបាលនិរទេសក្នុងប្រទេស ក្រៅប្រទេសស្អីទៀតទេ។
ទី២.ការអំពាវនាវនេះ វាបង្ហាញ ឬបង្កប់នៅចរិតបដិវត្តន៍ហិង្សា ដែលធ្វើឲ្យមានចលាចលសង្គមដែលមិនអាចទទួលយកបាន ហើយគួរតែត្រូវបានផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន។ ទី៣. អ្វីដែល សម រង្ស៊ី បានអំពាវនាវបានលើកឡើងនេះ គឺនឹងមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងមតិជាតិ និងអន្តរជាតិ ពីព្រោះគ្មានប្រជាពលរដ្ឋរូបណា ឬក៏អន្តរជាតិរូបណា គេទៅស្វាគមន៍គំនិតបែបរវើរវាយរបស់លោកសម រង្ស៊ី នោះទេ និងទី៤. លោកជឿជាក់ថា ការអំពាវនាវរបស់ សម រង្ស៊ី នេះ គឺនឹងទទួលនូវការថ្កោលទោសពីគ្រប់មជ្ឈដ្ឋាន ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពីព្រោះជាការបង្កើតនូវភាពចលាចល និងអសន្តិសុខសង្គម។

លោក គិន ភា បានបញ្ជាក់ថា “ការអំពាវនាវរបស់សម រង្ស៊ី គឺបង្ហាញឱ្យឃើញអំពីឥរិយាបថនៃអ្នកនយោបាយទ័លច្រក។ អស់វិធី។ ហេតុនេះហើយ មានតែស្រមើស្រមៃរវើរវាយ ហើយចាំស៊ីឡាក់ពីសភាពការណ៍អន្តរជាតិនានាពីប្រទេសផ្សេងៗ។ ជាការកត់សម្គាល់យើងឃើញហើយនៅពេលដែលមានបាតុកម្ម នៅពេលដែលមានការតវ៉ាពីប្រជាពលរដ្ឋ មិនថា នៅប្រទេសជិតខាងយើង ឬក៏រហូតនៅមជ្ឈិមបូព៌ា នៅអាហ្វ្រិក នៅអឺរ៉ុប គឺគាត់តែងតែភ្ជាប់ខ្លួនឯងជាមួយនឹងសភាពការណ៍ទាំងអស់នឹង។ ពោលគឺមានន័យថា គាត់ចាំស៊ីឡាក់ទៅលើសភាពការណ៍អន្តរជាតិ។ មែនទែនទៅស្ថានភាពទាំងអស់ហ្នឹង គឺខុសគ្នាស្រឡះពីប្រទេសកម្ពុជា។ ករណីជាក់ស្តែង គឺភូមា និងកម្ពុជា គឺខុសគ្នាឆ្ងាយណាស់។ នៅភូមា គឺយើងឃើញថា រដ្ឋាភិបាលយោធា គឺអត់បានទទួលលការគាំទ្រច្រើនពីប្រជាពលរដ្ឋច្រើន ដូចអ្វីដែលមាននៅក្នុងប្រទេសកម្ពុជាទេ។ នៅប្រទេសកម្ពុជា គណបក្សប្រជាជនទទួលបានការគាំទ្រពេញលេញពីសំណាក់ប្រជាពលរដ្ឋ។ ដូច្នេះយើងមិនអាចយកសភាពការណ៍នៅភូមា មកប្រៀបធៀបជាមួយនឹងកម្ពុជាបានទេ។ គឺរបស់ដែលគាត់ (សម រង្ស៊ី) ប្រៀបធៀបរបៀបដែលគាត់ប្រដូចហ្នឹង គឺមិនខុសពីការយកក្របីទៅធៀបជាមួយនឹងគោ, យកក្រូចទៅប្រៀបធៀបជាមួយផ្លែប៉ោមទេ។ គឺវាខុសគ្នាឆ្ងាយណាស់”។

ជាមួយគ្នានេះ លោកគិន ភា បានសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និងក្រៅប្រទេស គឺកុំជឿតាមការញុះញង់របស់សម រង្ស៊ី ពីព្រោះអ្វីដែលគាត់អំពាវនាវ វាគឺជាគំនិតរវើរវាយទេ និងមិនបានផ្តល់ផលប្រយោជន៍អ្វីសម្រាប់ប្រទេសជាតិឡើយ ហើយវាគ្រាន់តែធ្វើឱ្យមានសង្គ្រាមចិត្តសាស្ត្រដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនអាចមានការយល់ច្រឡំ។ ប៉ុន្តែលោកជឿថា មិនមានច្រើនទេ ដែលមានការយល់ច្រឡំទៅជឿតាមសម រង្ស៊ី នោះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner