អ្នកនាំពាក្យ​រាជរដ្ឋាភិបាល៖ការអំពាវនាវ​របស់​សម រង្ស៊ី​ រឹត​តែ​បង្ហាញខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​នៅក្នុងលក្ខណៈ​ឧទ្ទាម​និយម​ដែល​ទទួលបាន​បរាជ័យ​

ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ពណ៌នា​ការអំពាវនាវ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​រត់ចោលស្រុក សម រង្ស៊ី ឱ្យប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដូច​នៅ​ប្រទេស​ភូមា​នោះ គឺ​វា​ខុស​ទៅនឹង​អ្វី​ដែលជា​ប្រក្រតីភាព​របស់​កម្ពុជា ពីព្រោះ​រាជរដ្ឋាភិបាល​កើតចេញពី​ការបោះឆ្នោត​។ ការអំពាវនាវ​របស់​ទណ្ឌិត​រូបនេះ​ រឹត​តែ​បង្ហាញខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​នៅក្នុង​លក្ខណៈ​ឧទ្ទាម​និយម​ដែល​ទទួលបាន​បរាជ័យ​។

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ឯ​ឧ​ត្ត​ម ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ប្រាប់ AMS នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ​ថា លោក​មិន​ជឿថា ការអំពាវនាវ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​រត់ចោលស្រុក សម រង្ស៊ី​ ឱ្យប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាលបង្រួបបង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ដូច​នៅ​ប្រទេស​ភូមា មិនមាន​ប្រសិទ្ធភាព និង​យកជាការ​បានទេ គឺ​គ្រាន់តែ​ជាការ​អំពាវនាវ​មួយ​ឱ្យមានការ​ចាប់អារម្មណ៍​តែប៉ុណ្ណោះ​។ ពីព្រោះ​ការអំពាវនាវ​នេះ មិនមែនជា​លើក​ទី​១ ទេ គឺ​ច្រើនលើក​ហើយ​។ ដូចជា​ការអំពាវនាវ​ឱ្យ​កង​ប្រដាប់អាវុធ​បែរ​កាណុង​។ អំពាវនាវ​ឱ្យប្រឆាំង​ជាមួយនឹង​រដ្ឋាភិបាល ប៉ុន្តែ​ការអំពាវនាវ​នេះ វា​គ្មាន​ប្រសិទ្ធភាព​នោះទេ​។​

​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា អ្វីដែល​ សម រង្ស៊ី អំពាវនាវ ​គឺ​វា​ខុស​ទៅនឹង​អ្វី​ដែលជា​ប្រក្រតីភាព​របស់​កម្ពុជា​ ពីព្រោះរាជរដ្ឋាភិបាល​កើតចេញពី​ការបោះឆ្នោត ក្នុង​រយៈពេល​កន្លងមក​តាំងពី​ឆ្នាំ​១៩៩៣​រហូតមកដល់​ពេលនេះ​នៅតែប្រក្រតីភាព គឺ​ការបោះឆ្នោត​ទៀងទាត់ ហើយ​ការជ្រើសរើស​របស់​នាយ​ក​រដ្ឋមន្ត្រី ឬក៏​រាជរដ្ឋាភិបាល​ គឺ​តាមរយៈប្រជាពលរដ្ឋ​មិនមែន​តាមរយៈ​អ្នកនយោបាយ​ទេ​។ ដូច្នេះ​បើ​ប្រៀបធៀប​រវាង​សម្តេច​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​ សម រង្ស៊ី ហើយ​ការលើកឡើង​របស់​ សម រង្ស៊ី រឹត​តែ​ធ្វើ​ឱ្យ​គេ​ឃើញថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​ប្រាកដនិយម ក្នុងការ​រៀបចំ​កសាង​លទ្ធិប្រជាធិបតេយ្យ​។ ការលើកឡើង​របស់​ ស​ម រង្ស៊ី រឹត​តែ​បង្ហាញខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​នៅក្នុង​លក្ខណៈ​ឧទ្ទាម​និយម​ដែល​ទទួលបាន​បរាជ័យ​។​

​ចំណែក​លោក សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា បាន​បញ្ជាក់ថា បើ​មានការ​បង្កើត​រដ្ឋាភិបាល​ខុសច្បាប់ ដែល​មិនកើត​ចេញពី​ការបោះឆ្នោត​ ហើយ​បង្កើត​កងទ័ពប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការ​ឆ្នោត​នោះ ទោះ​បង្កើត​នៅទីណា ប្រទេស​ណាក៏ដោយ វា​គឺជា​អង្គការ​ភេរវកម្ម ដែល​ប្រឆាំង​សេចក្តីសុខ​សន្តិភាព​រប​ស់​ប្រជាជន​កម្ពុជា។ ​ប្រឆាំង​ស្ថិរភាព​នយោបាយ​នៃ​ប្រទេស​កម្ពុជា ដែល​រដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អនុវត្ត​ច្បាប់ ទាមទារ​ឱ្យចាប់ខ្លួន​ពួកនេះ​មក​កាត់ទោស​តាមច្បាប់​របស់​កម្ពុជា​។​

​លោក ​សួន សេរី​រដ្ឋា បាន​បន្តថា នេះ​ គឺជា​ការស្រមើស្រមៃ​។ ជាការ​គិត​បែប​ចម្កួត​នយោបាយ និង​ជា​បទឧក្រិដ្ឋ​ដែល​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច​លើកលែង​ឱ្យ​បានទេ ចំពោះ​បុគ្គល​នេះ និង​បក្ខពួក ឬ​បើ​បើ​ជន​ណា​ចូលរួម​ជាមួយ​អំពើ​និង​សកម្មភាព​ខុសច្បាប់​នេះ។ លោក​បញ្ជាក់ថា​ “​ខ្ញុំ​ហៅថា​ ជាការ​ស្រមើស្រមៃ​ និង​ជា​ចម្កួត​នយោបាយ ពីព្រោះ​បុគ្គល​មេដឹកនាំ​បក្ស​ខ្មោច​រត់ចោលស្រុក​រូបនេះ​ បាន​អស់លក្ខណ៍​នយោបាយ​រប​ស់​ខ្លួន​ទៅហើយ​… ហើយ​ជីវិត​នយោបាយ​របស់ខ្លួន​ ក៏​វា​បាន​ស្លាប់​បាត់ទៅហើយ នៅពេលដែល​អតីត​កូនចៅ ជា​ថ្នាក់ដឹកនាំ​ក្នុង​បក្ស​ខ្លួន​ចេញទៅ​បង្កើត​គណបក្ស​ថ្មី ព្រោះ​គេ​លែងមាន​ជំនឿ គេ​អស់ជំនឿ​នឹង​ការ​រងចាំ ការបោកប្រាស់​រប​ស់បុ​គ្គល​នេះ​ ដែល​ចេះ​ត្រឹមតែ​អង្គុយ​ទាញយក​ព្រឹត្តិការណ៍​អន្តរជាតិ​ មក​បោកប្រាស់​លួងលោម​ឱ្យគេ​រងចាំ​ខ្លួន​ថ្ងៃនេះ ថ្ងៃនោះ ឆ្នាំនេះ ឆ្នាំក្រោយ​ជាច្រើនលើក ហើយ​ប្រមូល​តែ​លុយ​យកទៅ​ចាយវាយ​សប្បាយ​ហ៊ឺហារ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​កូនចៅ​ខ្លួន​នោះ ”​។​

លោក​បាន​បន្តថា កម្ពុជា​ ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​គណបក្ស​ឈ្នះឆ្នោត ត្រូវបាន​ប្រគល់​អំណាច​ឱ្យដឹកនាំ​រាជរដ្ឋាភិបាលដឹកនាំ​ប្រទេស​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត!។ ពោលគឺ​មិនមែន គណបក្ស​ចាញ់ឆ្នោត​ធ្វើ​រដ្ឋប្រហារដេញ​គណបក្ស​ឈ្នះឆ្នោត​មិន​ឱ្យ​កាន់អំណាច ដូច​នៅ​ប្រទេស​ភូមា​នោះទេ!។ ករណី​នៅក្នុង​ប្រទេស​កម្ពុជា គឺ​គណបក្ស​ចាញ់ឆ្នោត មិន​ព្រ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​ដឹកនាំ​បង្ក​សកម្មភាព ​និង​អំពើ​អនាធិបតេយ្យ បំផ្លាញ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម មិន​គោរព​ច្បាប់ បើទោះបីជា​មានការ​អត់ធ្មត់​ និង​សម្បទាន​លើកលែង​ជាច្រើនលើក​ច្រើនសា​ពី​សំណាក់ គណបក្ស​ឈ្នះឆ្នោត​ក៏ដោយ។ ដូច្នោះ ការយក​ច្បាប់​រដ្ឋ​មក​អនុវត្តន៍​លើ​ក្រុម​អ្នកនយោបាយ​នៃ​គណបក្ស​ដែល​ចាញ់ឆ្នោត ដើម្បី​ធានា​នូវ​ស្ថិរភាព​នយោបាយ ការពារ​សន្តិសុខ​ជាតិ និង​ថែរក្សា​សន្តិភាព​លើ​ផ្ទៃ​ប្រទេស គឺជា​កាតព្វកិច្ច​របស់រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយគណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ឈ្នះឆ្នោត តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត ជា​ម្ចាស់ឆ្នោត ! ដែល​ទាំងអស់នេះ​វា​ខុស​ និង​ផ្ទុយគ្នា​ទាំងស្រុង​ពី​ព្រឹត្តិការណ៍​នៅក្នុង​ប្រទេស​ភូមា។​

​លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ជា​អ្នកគ្រប់គ្រង​អាសនៈ​នៅ​អង្គការសហប្រជាជាតិ និង​នៅ​គ្រប់​អង្គការ​អន្តររដ្ឋាភិបាល ​និង​អង្គការ​អន្តរជាតិ​ទាំងអស់ ដែល​កម្ពុជា​ជាសមាជិក! បើ​ជន​ណា ក្រុម​ណា បុគ្គល​ណា ឬ​បក្ស​ណា​ញុះញង់​ឱ្យ​បង្កើត​រដ្ឋាភិបាល​នៅក្រៅ​ស្រុក និង​បង្កើត​កងកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹង​រដ្ឋាភិបាល​ស្របច្បាប់ នោះ​គឺជា​អំពើ​ក្បត់ជាតិ​ដែល​ត្រូវតែ​ចាប់​យកមក​កាត់ទោស​តាមច្បាប់​របស់​កម្ពុជា​ជា​ធរមាន​..!។ ​ដូចនេះ ​អ្នកចូលរួម​ក្នុង​អំពើ​ខុសច្បាប់​ទាំងនេះ ក៏ត្រូវ​មានទោស​ និង​ទទួលទោស​ដូចគ្នា​ដែរ​។ ​ប្រទេស​កម្ពុជា មិនមែន​ដូច​ប្រទេស​ភូមា​ទេ​។ ​ដូចនេះ​បើ​មានការ​បង្កើត​រដ្ឋាភិបាល​ខុសច្បាប់​ដែល​មិនកើត​ចេញពី​ការបោះឆ្នោត​ហើយ​បង្កើត​កងទ័ពប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការ​ឆ្នោត​នោះ ទោះ​បង្កើត​នៅទីណា ប្រទេស​ណាក៏ដោយ វា​គឺជា​អង្គការ​ភេរវកម្ម ដែល​ប្រឆាំង​សេចក្តីសុខ​សន្តិភាព​រប​ស់​ប្រជាជន​កម្ពុជា ប្រឆាំង​ស្ថិរភាព​នយោបាយ​នៃ​ប្រទេស​កម្ពុជា ដែល​រដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អនុវត្ត​ច្បាប់ ទាមទារ​ឲ្យ​ចាប់ខ្លួន​ពួកនេះ​មក​កាត់ទោស​តាមច្បាប់​របស់​កម្ពុជា​៕
​ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner