អ្នកឧបត្ថម្ភមិនគោរពច្បាប់កីឡា កុំឧបត្តម្ភកីឡា ពីព្រោះទង្វើរបែបនេះគឺបំបាក់ទឹកចិត្តកីឡាករ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តម បណ្ឌិត ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងចាត់វិធានការភ្លាមៗដោយដាក់ការព្រមានទៅកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំពោះការប្រតិកម្មពីមហាជន និងសម្តេច តេជោ ហ៊ុន សែន ចំពោះការប្រកួតដែលធ្វើខុសលក្ខន្តិកៈ នៃច្បាប់ប្រកួតក្នុងកម្មវិធីប្រដាល់អ្នកតស៊ូគុនខ្មែរ កំពូលជើងឯកវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១០ កក្តដា ឆ្នាំ២០២១រវាង ឃីម បូរ៉ា និង ម៉ឺន មេឃា ។


ឯកឧត្តម បានគូបញ្ជាក់ថា ទោះបីការប្រកួតនេះ ជាការប្រកួតក្រៅផ្លូវការដែលរៀបចំដោយក្រុមហ៊ុនឯកជនយ៉ាងណាក្តី តែក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ឯកឧត្តម បណ្ឌិត ថោងខុន បានណែនាំឲ្យចេញជាសេចក្តីប្រកាសជាការព្រមានលើកទី១ ហើយ បើនៅតែបន្តល្មើសពីលក្ខន្តិកៈជាលើកទី២បន្តទៀត នឹងត្រូវព្យួរសមាជិកភាព បាត់បង់ឱកាសបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតនៅក្រៅប្រទេស និងការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិនានា ក្នុងស្រុក ។

ដូច្នោះអ្វីដែលសំខាន់សហព័ន្ធកីឡាប្រដាល់ត្រូវតែកែទម្រង់ជាចាំបាច់ នៅក្នុងការគ្រប់គ្រងវិនិច្ឆ័យ នៃបច្ចេកទេសប្រកួត ទោះបីជាការក្រៅក្របខណ្ឌ គ្រប់គ្រងរបស់ N O C C ក៏ដោយ ព្រោះសហព័ន្ធជាសមាជិកភាពក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។ ហេតុនេះហើយ សហព័ន្ធត្រូវគោរពឆន្ទៈរបស់អ្នកគាំទ្រ ត្រូវគោរពស្មារតីរបស់កីឡា គឺភាពសុក្រិត និងយុត្តិធម៌ មិនត្រូវរំលោភទៅនឹងបទបញ្ជាការប្រកួត ដោយសារតែភាពលំអៀង ពីឧបត្ថម្ភនោះទេ សម្រាប់កីឡា កឺយុត្តិធម៌ក្នុងកីឡា គឺត្រូវគិតឲ្យផុតពីគំនាបពីអ្នកឧបត្ថម្ភគាំទ្រ អញ្ចឹងហើយអ្នកឧបត្ថម្ភត្រូវតែគោរពច្បាប់កីឡា បើក្រុមហ៊ុនឧបត្ថម្ភមិនគោរព កុំមកឧបត្ថម្ភកីឡាធ្វើអ្វី ព្រោះទង្វើរបែបនេះ គឺបំបាក់ស្មារតី និងកិត្តិយស ។


សូមបញ្ជាក់ថា ក្រោយមានប្រតិកម្មខ្លាំងពីមហាជន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំពោះបញ្ហាមិនប្រក្រតី នៃការសម្រេចរបស់អាជ្ញាកណ្តាលចៅក្រម ក្នុងជំនួបរវាងកីឡាករ ម៉ឺន មេឃា និង ឃីម បូរ៉ា គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ដែលជាក្បាលម៉ាស៊ីនគ្រប់គ្រងកីឡា បានចេញការព្រមានលើកទី១ ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បើមានករណីខុសបន្តទៀត នឹងព្រមានលើកទី២ឈនទៅដកសមាជិកភាព ចេញពីការប្រកួតអន្តរជាតិ និងការរៀបចំប្រកួតអន្តរជាតិនៅក្នុងស្រុក ។

សូមរំលឹកថា កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២១ កីឡាករ គុនខ្មែរ ម៉ឺន មេឃា បានប្រព្រឹត្តិខុសលក្ខន្តិកៈ នៃច្បាប់ប្រកួតគុនខ្មែរ ដោយលើកឃីម បូរ៉ា បោកអោយសន្លប់ បន្ទាប់មកអាជ្ញាកណ្តាលចៅក្រម ប្រកាសលើកទៅប្រកួត២សប្តាហ៍បន្ទាប់ទៀត ប៉ុន្តែក្រោយមានការប្រតិកម្មពីមហាជន និងសម្តេចតេជោ ទើបសហព័ន្ធសម្រេចឲ្យ ឃីម បូរ៉ា ឈ្នះប្រកួតតែម្តង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner