រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បន្ដចុះពិនិត្យមើល ការ រៀបចំខឿនចិញ្ចើមផ្លូវ ប្រព័ន្ធលូ ការចាក់បេតុងស្ពាន និងផ្លូវ ក្នុង គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប

អត្ថបទដោយ៖
ជា សេឌី

 ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុង ខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យមើលពីវឌ្ឍនភាពនៃការរៀបចំខឿនចិញ្ចើមផ្លូវ សម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង ប្រព័ន្ធលូ និងពិនិត្យមើលការចាក់បេតុងស្ពាន និងផ្លូវ ដើម្បីឲ្យធានាបានគុណភាពរឹងមាំ ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែចុះត្រួតពិនិត្យលើគម្រោងសាងសង់ផ្លូវនេះជាញឹកញាប់ ដើម្បីធ្វើការតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ និងដើម្បីក្រើនរំលឹកឲ្យអង្គភាពសាងសង់ទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏ដូចជាការពិនិត្យគុណភាពនៃការសាងសង់ ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ដែលអាចធានាបានគុណភាពល្អប្រើប្រាស់បានយូរអង្វែង និង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ពេលវេលាផងដែរ ។ សូមបញ្ជាក់ដែរថា វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន ៣៨ខ្សែ នៅក្នុង ក្រុង ខេត្តសៀមរាប គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន ៦៦.៣៤%ហើយ ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន៧ខែ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប  ចំនួន៣៨ខ្សែនេះ មានប្រវែងសរុបជាង ១០៨.៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លានដុល្លារ ដោយក្នុងនោះចំនួន៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយរយៈពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  ។  គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋាន សាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ, នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាន នូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឲ្យបានទាន់ពេលវេលា ។  ការសាងសង់ត្រូវបានបែងចែកជា៤ប្រភេទរួមមាន ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ(AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥.៨៧៦គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ម៉ែត្រ, ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០.៨គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២.៥គីឡូម៉ែត្រ  ៕សុខា រិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner