អតីតអ្នកប្រដាល់គុនខ្មែរ លោក អេ ភូថង ទទួលបានការឧបត្ថម្ភទឹកប្រាក់ ២.០០០ដុល្លារអាមេរិក ដែលកំពុងមានជំងឺ

ឯកឧត្តម សុខ សង្វារ ប្រធានក្រុមកីឡា ផ្នែកសិល្បៈនិងកីឡា តំណាងលោកជំទាវ ដាំ ដារិនី ប្រធានផ្នែកសិល្បៈ និងកីឡា បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡាសរុបចំនួន ២០០០ ដុល្លារសហរដ្ឋអាមេរិក ជូនលោក អេ ភូថង អតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីល្បាញ ដែលបានឆ្លងជំងឺកូវីដ-១៩ និងមានជំងឺផ្សេងៗប្រចាំកាយផង ។


ពិធីប្រគល់អំណោយនិងសួរសុខទុក្ខត្រូវបានរៀបចំឡើងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា រួមនឹងសមាជិក សមាជិកាផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ។
ឯកឧត្តម សុខ សង្វារ បានបញ្ជាក់ថា ថវិកា២០០០ដុល្លារនេះ ជាអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវចំនួន១០០០ដុល្លារ និងថវិការៃអង្គាសពីក្រុមការងារផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំនួន១០០០ដុល្លារ ។

ឯកឧត្តម ក៏បានពាំនាំការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ចំពោះលោក អេ ភូថង លើកទឹកចិត្តឲ្យលោកខិតខំថែរក្សាសុខភាព ឆាប់បានជាសះស្បើយពីជំងឺ។ លើសពីនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលោក អេ ភូថង ក្នុងការចូលរួមលើកកម្ពស់ប្រដាល់គុនខ្មែរលើឆាកអន្តរជាតិ បណ្តុះបណ្តាលយុវជនឲ្យស្រឡាញ់ និងចូលរួមថែរក្សាប្រដាល់គុនខ្មែរ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិទាំងមូល ។


លោក អេ ភូថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំលែកទុក្ខលំបាករបស់ក្រុមគ្រួសារលោក និងយកចិត្តទុកដាក់ខ្ពស់លើកស្ទួយវិស័យកីឡាជាតិយើង។ លោកក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យដែលបានយកចិត្តទុកខ្ពស់ព្យាបាលរូបលោក ដែលស្ទើរតែគ្មានសង្ឃឹមឲ្យបានធូរស្បើយឡើងវិញនៅពេលនេះ។


លោកបន្ថែមថា បើកុំតែបានចាក់វ៉ាក់សាំងគ្រប់ចំនួននោះ ស្ថានភាពជំងឺរបស់លោកនឹងមិនអាចជួយសង្គ្រោះបានឡើយ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដែលជួយឲ្យរូបលោក និងពលខ្មែរជាច្រើនទៀត អាចឆ្លងផុតពីដំណាក់កាលស្លាប់មកជាសះស្បើយវិញបាន។ ជាចុងក្រោយ លោកបានផ្តាំផ្ញើឲ្យយុវជន និងប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ពីការឆ្លងជំងឺកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តវិធានសុខាភិបាលឲ្យបានជាប់លាប់ ព្រោះយើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងនោះឡើយ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner