សង្គមស៊ីវិល និងមេដឹកនាំបក្សនយោបាយ៖ អវត្តមានគណបក្សសង្គ្រោះជាតិធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិ គឺជាការមិនពិត

ភ្នំពេញៈសង្គមស៊ីវិល និងមេដឹកនាំគណបក្សនយោបាយមួយចំនួននៅកម្ពុជា បានចាត់ទុកការលើកឡើងរបស់អ្នកវិភាគមួយចំនួន និងប្រជាពលរដ្ឋខ្លះថា អវត្តមានគណបក្សសង្គ្រោះជាតិអស់រយៈពេលជិត៤ឆ្នាំមកនេះ ធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិ គឺជាការមិនពិត និងជារឿងប្រឌិតឡើងដើម្បីគេងចំណេញនយោបាយតែប៉ុណ្ណោះ។ វាគ្រាន់តែជាទស្សនៈលម្អៀងនយោបាយមួយរបស់ក្រុមអ្នកដែលគាំទ្របក្សដែលត្រូវបានរំលាយដោយច្បាប់។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២១ ខែកក្កដានេះថា នៅក្នុងប្រទេសប្រជាធិបតេយ្យ មិនមែនគណបក្សប្រឆាំងតែមួយទេ រាល់គណបក្សនយោបាយទាំងអស់ដែលអត់មានសំឡេងនៅក្នុងរដ្ឋសភា ហើយដែលមិនបានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល គឺចាត់ទុកជាបក្សប្រឆាំងទាំងអស់។ ដូច្នេះនៅក្នុងប្រទេសកម្ពុជា មានបក្សប្រឆាំងច្រើនណាស់ដែលកំពុងតែធ្វើសកម្មភាពស្របច្បាប់ ដើម្បីប្រឆាំងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងន័យកែលម្អ និងស្ថាបនា។ មិនមែនរង់ចាំតែគណបក្សមួយដែលបានរំលាយដោយច្បាប់ ដោយសារមេដឹកនាំ និងក្រុមដឹកនាំគណបក្សនោះរំលោភច្បាប់នោះទេ។ ដូច្នេះការលើកឡើងរបស់ក្រុមដែលយល់ឃើញថា ទាល់តែមានវត្តមានបក្សមួយ ដែលត្រូវបានរំលាយដោយតុលាការហើយនោះ។ នេះគឺគ្រាន់តែទស្សនៈលម្អៀងនយោបាយមួយរបស់ក្រុមអ្នកដែលគាំទ្របក្សដែលត្រូវបានច្បាប់រំលាយ បក្សដែលមិនគោរពច្បាប់ មិនគោរពច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយដែលចង់ឱ្យពួកឧទ្ទាមក្រៅច្បាប់នេះ វិលមកធ្វើសកម្មភាពច្របូកច្របល់ចលាចលនៅក្នុងសង្គម ដើម្បីបំពេញនូវមហិច្ឆិតានយោបាយ ចិញ្ចឹមចិត្តធ្វើរដ្ឋប្រហារដោយបដិវត្តន៍ពណ៌ ចង់ទម្លាក់រដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។

លោក សួន សេរីរដ្ឋា បានបន្តថា ទាក់ទងទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសប្រជាធិបតេយ្យ ពលរដ្ឋ គឺជាគោលដៅធំបំផុតដែលរដ្ឋាភិបាលត្រូវអភិវឌ្ឍន៍ជួយដល់ប្រជាពលរដ្ឋនៅក្នុងការបង្កបង្កើនផល នៅក្នុងការធ្វើអាជីវកម្ម និងនៅក្នុងការធ្វើអ្វីមួយដើម្បីឱ្យជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើន។ ប៉ុន្តែមិនមែនមានន័យថា អភិវឌ្ឍន៍ទាល់តែទៅជួយសងបំណុលធនាគារ អភិវឌ្ឍន៍ទាល់តែអត់ស្បៀងអាហារយកស្បៀងអាហារទៅឱ្យ អភិវឌ្ឍន៍ជំពាក់លុយគេដោយសារការលេងល្បែង ឬក៏ខ្ចីបុលយកមកផឹកស៊ីរដ្ឋត្រូវចេញលុយទៅសងទេ មិនមែនអ៊ីចឹងទេ គឺប្រជាពលរដ្ឋត្រូវយល់ថា អភិវឌ្ឍន៍ គឺរដ្ឋព្យាយាមធ្វើរបៀបបែបណាឱ្យការចំណាយរបស់ប្រជាពលរដ្ឋ គឺត្រូវបានកាត់បន្ថយដើមទុន។ ឧទារហណ៍ដូចជា ការអភិវឌ្ឍដែលរដ្ឋខិតខំប្រឹងប្រែងធ្វើផ្លូវជនបទ ផ្លូវលំនានានៅតាមភូមិឃុំ ដើម្បីឱ្យមានមធ្យោបាយដឹកជញ្ជូនងាយស្រួល គឺជាចេតនាមួយនៃការធ្វើឱ្យបន្ថយនៅតម្លៃដឹក តម្លៃជួល និងពេលវេលានៃការដឹកផង ដូច្នេះទាំងអស់នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ នៅក្នុងសម័យកូវីដ-១៩នេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ-១៩ គ្រួសារដែលមានអ្នកស្លាប់ និងអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់នៅតាមរាជធានី ខេត្ត ទាំងអស់។ ដូច្នេះទាក់ទងរឿងបំណុលធនាគារ រកស៊ីជំពាក់លុយគេ គឺជាការទទួលខុសត្រូវរបស់ពលរដ្ឋខ្លួនឯងនៅក្នុងគ្រួសារខ្លួនឯង ហើយមិនមែនបក្សប្រឆាំងដែលត្រូវបានច្បាប់រំលាយមិនបានជួយអីទេ តាំងពីនៅក្នុងប្រទេសបានជួយសងបំណុលប្រជាពលរដ្ឋបានប៉ុន្មានគ្រួសារ? ប៉ុន្មានផ្ទះ? ហើយពួកគេបានទៅជួយអ្វីខ្លះដល់អ្នកខ្ចីលុយធនាគារ ហើយជំពាក់បំណុលគេ ឬអ្នកដែលធ្វើស្រែខាត ឬក៏រកស៊ីខាត ឬក៏ចងការលុយគេឱ្យកូនឲ្យចៅទៅធ្វើនៅប្រទេសក្រៅ ហើយត្រឡប់មកវិញអត់មានលុយសងគេ តើបក្សប្រឆាំងដែលធ្លាប់នៅក្នុងប្រទេសដែលមានអាសនៈក្នុងរដ្ឋសភា ហើយត្រូវបានច្បាប់កំពូលរបស់ប្រទេសកម្ពុជារំលាយចោលរហូតដល់នាំគ្នារត់ចោលស្រុក តើពួកនឹងបានជួយសងបំណុលដោះបំណុលអ្វីខ្លះ? ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺបានខិតខំធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ គឺថាត្រូវបានកាត់បន្ថយការចំណាយ ហើយចំណូលបានសន្សំទុកបានច្រើន ហើយរដ្ឋាភិបាលបានផ្តល់នូវអ្វីដែលជាកត្តាចាំបាច់ គឺសម្របសម្រួលជាមួយនឹងប្រព័ន្ធធនាគារ ក៏ដូចជាមីក្រូហិរញ្ញវត្ថុ ក៏ដូចជាអង្គការអន្តរជាតិនានា គឺធ្វើយ៉ាងម៉េចទុកពេលវេលាឱ្យប្រជាពលរដ្ឋងាកខ្លួនរួច អាចរកពេលដោះស្រាយបញ្ហាដើម្បីសងបំណុល។

លោកបានបញ្ជាក់ថា “ចំពោះការលើកកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនដែលចង់ឱ្យរដ្ឋទៅសងបំណុលជំនួសបំណុលខ្លួនឯង ហើយនៅពេលដែលអត់អាហារចង់ឲ្យរដ្ឋយកអាហារទៅឱ្យសួរថា តើខ្លួនបានខិតខំប្រឹងប្រែងបានធ្វើអ្វីឱ្យសមស្របជាពលរដ្ឋល្អនៅក្នុងសង្គមប្រជាធិបតេយ្យហើយឬនៅ? ឬមួយគ្រាន់តែថា យកលេសហើយខ្លួនឯងទៅគាំទ្រក្រុមបក្សប្រឆាំងមួយដែលច្បាប់រំលាយ ហើយដែលច្បាប់ចាត់ទុកថា ជាពួកឧទ្ទាមនៅក្រៅច្បាប់ គឺចង់ឱ្យពួកនឹងមកធ្វើសកកម្មភាពច្របូកច្របល់នៅក្នុងសង្គមខ្លួនទៅធ្វើរបៀបចលាចលមួយ ដើម្បីឱ្យវាខុសច្បាប់ខុសទម្លាប់ទៅ ដើម្បីស្រែកសុំជំនួយរបស់គេមកដេកស៊ី អាហ្នឹង គឺជារឿងរបស់ពួកគាត់ ប៉ុន្តែមិនមែនជាពលរដ្ឋល្អក្នុងសង្គមអភិវឌ្ឍន៍ប្រជាធិបតេយ្យទេ”។ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានបញ្ជាក់ទៀតថា “ចំពោះក្រុមអ្នកវិភាគមួយចំនួន ដែលយកពាក្យខ្លួនឯងថា ជាអ្នកវិភាគនយោបាយ វិភាគស្ថានការណ៍សង្គមលើកឡើងថា ទាល់តែគណបក្សមួយដែលត្រូវបានរំលាយដោយច្បាប់វិលមកវិញមកធ្វើសកម្មភាព រស់ឡើងវិញទើបហៅថា ប្រទេសកម្ពុជាមានបក្សប្រឆាំងនោះ អាហ្នឹងក្រុមពួកនឹងអត់យល់អំពីអ្វីដែលហៅថា វិទ្យាសាស្ត្រនយោបាយ ដែលហៅថា សង្គមប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបក្សនៅក្រៅរដ្ឋាភិបាលទាំងអស់ បក្សដែលមិនទទួលបានសំឡេងក្នុងរដ្ឋសភាទាំងអស់ មានតួនាទីជាបក្សប្រឆាំងពួកនឹងអត់យល់ទេ។ ពួកនឹងគ្រាន់តែជាអ្នកវិភាគលម្អៀងមួយគាំទ្រឱ្យបក្សដែលខ្លួនគាំទ្រ គាំទ្រឱ្យបក្សដែលខ្លួនឯងចង់ឱ្យកាន់អំណាចនឹងវិលមកវិញ ដោយមិនទទួលយកនៅអំពើខុសឆ្គង ការដឹកនាំខុស និងការប្រព្រឹត្តខុសរបស់អ្នករបស់បក្សអ្នកនយោបាយនៅក្នុងក្រុមហ្នឹងដែលបានធ្វើឱ្យសង្គមវឹកវរច្របូកច្របល់កើតចលាចល និងអស្ថេរភាព កើតរឿងអសន្តិសុខសង្គម គឺពួកនឹងអត់ទទួលស្គាល់។ និយាយរួមទៅ គឺពួកនេះអត់ចង់ឱ្យប្រជាពលរដ្ឋបានសុខ អត់ចង់ឲ្យសន្តិភាពមួយដែលជាការខិតខំរបស់ប្រមុខរដ្ឋាភិបាលកសាងយកមកបាន ហើយខំថែរក្សាទុកមកដល់ថ្ងៃនេះ ឱ្យបានស្ថិតស្ថេរសម្រាប់អ្នកជំនាន់ក្រោយ។ ពួកនេះចង់ឱ្យភ្លើងសង្គ្រាមស៊ីវិលឆេះនៅក្នុងប្រទេសកម្ពុជាសាជាថ្មី ដើម្បីពួកគេចំណេញនយោបាយ និងចំណេញអ្វីដែលគេហៅថា ការធ្វើអាជីវកម្មលើព្រឹត្តិការណ៍សង្គម លើការឈឺចាប់ លើវិនាសកម្មរបស់ប្រជាពលរដ្ឋ និងប្រទេសខ្លួនឯងប៉ុណ្ណឹង”។

ចំណែកលោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតី បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២១ ខែកក្កដានេះថា ការលើកឡើងរបស់អ្នកវិភាគ និងប្រជាពលរដ្ឋមួយចំនួនដែលថា ការរំលាយគណបក្សប្រឆាំងធ្វើឱ្យខូចខាតប្រយោជន៍ជាតិ គឺមិនពិតនោះទេ ពីព្រោះថា នៅពេលដែលមានគណបក្សសង្គ្រោះជាតិ គឺបង្កភាពរញ៉េរញ៉ៃ។ ចំពោះការលើកឡើងថា សេដ្ឋកិច្ចធ្លាក់គឺដោយសារតែវិបត្តិកូវីដ នៅទូទាំងពិភពលោក ប្រទេសណាក៏ធ្លាក់ចុះដែររឿងសេដ្ឋកិច្ច។ ដូច្នេះវាអត់មានអីប៉ះពាល់ទៅដល់រឿងមានសង្គ្រោះជាតិ អត់សង្គ្រោះជាតិ ហើយអត់សង្គ្រោះជាតិខាតបង់ប្រយោជន៍ជាតិ គឺវាមិនពិតនោះទេ។ លោកស្រីបញ្ជាក់ថា “ការដែលអ្នកនៅក្រៅប្រទេស អ្នកប្រឆាំង និងអ្នកវិភាគ គឺគាត់និយាយដើម្បីគេងចំណេញនយោបាយខ្លួនឯងទេ។ សម្រាប់ខ្ញុំរស់នៅជាក់ស្តែងកំពុងតែធ្វើសកម្មភាពការងារ គឺរាជរដ្ឋាភិបាលកំពុងតែកែទម្រង់ ហើយក៏កែបានច្រើនដែរ។ រាល់ថ្ងៃនេះ បើនិយាយពីរឿងឯកបក្ស គឺខុសហើយ គឺពហុបក្ស សព្វថ្ងៃនេះមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានចំនួន១៦គណបក្សនៅក្រៅរដ្ឋសភាចូលរួម ដើម្បីជួយកែទម្រង់រដ្ឋាភិបាល។ ដូច្នេះបើមានសង្គ្រោះជាតិអ្នកជាន់ឈ្លី នៅតែគេជាន់ឈ្លីដដែល អត់ឃើញជួយជនរងគ្រោះផងហ្នឹង ឈ្លោះគ្នាមិនចេះចប់ ធ្វើឱ្យវិនិយោគិនគេភ័យខ្លាច គេអត់ហ៊ានចូលមក”។ ប្រធានគណបក្សធម្មាធិបតីបានបញ្ជាក់ទៀតថា បើនិយាយពីរឿងអត់គណបក្សសង្គ្រោះជាតិ ធ្វើឱ្យខាតផលប្រយោជន៍ជាតិ គឺជារឿងមិនពិតទេ ជារឿងប្រឌិតឡើង ដើម្បីគេងចំណេញនយោបាយតែប៉ុណ្ណោះ។

រីឯលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២១ ខែកក្កដានេះថា កម្ពុជាជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរី ពហុក្ស និងយកច្បាប់ទៅអនុវត្តន៍ គឺមិនអាចធ្វើតាមចិត្តយើងបានទេ តែច្បាប់ចេញម៉េច យើងត្រូវអនុវត្តន៍តាម។ ចំពោះការរីកចម្រើនរបស់កម្ពុជា លោកឃើញផ្ទុយទៅវិញទេ នៅពេលដែលមានគណបក្សប្រឆាំង គឺគ្រាន់តែប្រឆាំងគ្នា ឈ្លោះគ្នា អត់មានអីការអភិវឌ្ឍន៍ទេ។ ហើយក្នុងអាណត្តិទី៦ គឺរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងខ្លាំងណាស់ ហើយការអភិវឌ្ឍន៍ប្រទេសជាតិ ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក៏បានលទ្ធផលល្អដែរ។ លោកអត់ឃើញដូចជាក្រុមអ្នកតិះទៀនទេ គឺធ្វើយ៉ាងម៉េចឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ និងការជឿនលឿន។ លោកបានបញ្ជាក់ថា “យើងមានគណបក្សប្រឆាំងតាំងពីបោះឆ្នោតមកឆ្នាំ១៩៩៣ ហើយរហូតមកដល់អាណត្តិទី៥ ដូចជាអត់ឃើញមានធ្វើអីសោះ ហើយយើងឃើញតែឈ្លោះគ្នាប្រកាប់ចាក់គ្នា ប៉ុន្តែតុលាការបានរំលាយគណបក្សសង្គ្រោះជាតិ ចេញពីបញ្ជីហើយ យើងមិនអាចធ្វើអីបានទេ ប្រឆាំងនឹងច្បាប់ដែលមាន និងមិនអាចត្រឡប់ថយក្រោយបានទេ។ ខ្ញុំឃើញតាំងពីអាណត្តិទី១ រហូតដល់ទី៥ គណបក្សប្រឆាំងអត់មានធ្វើអីទេ ហើយរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងច្រើន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner