ម៉ាក្រូន​ក្នុង​ចំណោម​នាយករដ្ឋមន្ត្រី​១០ រូប​ប្រធានាធិបតី ៣ រូប​និង​ស្ដេច​មួយ​អង្គ​ជា​គោលដៅ​មេរោគ​ចារកម្ម

សុខ វេងឈាង

អស់​រយៈ​ពេល​ជា​ច្រើន​សតវត្ស​មក​ហើយ អ្នក​ធ្វើ​ចារកម្ម​បាន​ដាក់​គោលដៅ​ទៅ​លើ​បុគ្គល​ដូចជា​ ប្រធានាធិបតី​ នាយករដ្ឋមន្ត្រី ឬ​ស្ដេច ដែល​គ្រប់គ្រង​ជោគវាសនា​នៃ​ប្រទេស​ណា​មួយ​ ហើយ​នៅ​សតវត្ស​ទី​២១​ អ្នក​ធ្វើ​ចារកម្ម​កាន់​មាន​ភាព​ងាយ​ស្រួល​ ដោយ​បុគ្គល​ទាំង​នេះ​មាន​ទូរស័ព្ទ​ស្មាតហ្វូន​ដូចជា​កម្មវិធី IOS និង​ Android នៅ​ក្នុង​ដៃ​គ្រប់​រូប​។

នេះ​គឺ​ជា​ហេតុផល​មូលដ្ឋាន​គ្រឹះ​នៃ​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​ស្ថាប័ន​ព័ត៌មាន​អន្តជាតិ​ចំនួន​ ១៧ ដែល​រួម​មាន​កាសែត​ The Washington Post និង​ The Guardian ទៅ​លើ​ការ​បែក​ធ្លាយ​ទិន្នន័យ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឃ្លាំមើល​ និង​ចារកម្ម​អ៊ីស្រាអែលក្រុមហ៊ុន​​ NSO Groups​។ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ការ​វិភាគ​លើ​បញ្ជី​លេខ​ទូរស័ព្ទ​ច្រើន​ជាង ៥០០០០​ ខ្សែ​បាន​មក​ពី​ការ​បែក​ធ្លាយ​ខាង​លើ​ និង​ការ​ត្រួត​ពិនិត្យ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​ បាន​រក​ឃើញ​ថា​កម្មវិធី​ចារកម្ម​ Pegasus របស់​ NSO ត្រូវ​បាន​លក់​ឱ្យ​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ ហើយ​ត្រូវ​បាន​ប្រើ​ដើម្បី​ឃ្លាំ​មើល​សកម្មជន អ្នក​សារព័ត៌មាន ​អ្នក​នយោបាយ​ និង​បុគ្គល​ឯកជន​មួយ​ចំនួន​។

ក្នុង​ចំណោម​លេខ​ទូរស័ព្ទ​ច្រើន​ជាង​ ៥០០០០ ខ្សែ​ ក្រុម​ស្ថាប័ន​ព័ត៌មាន​អន្តជាតិ​បាន​រក​ឃើញ​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតី​បារាំង​លោក​អេម៉ាញូអែល ម៉ាក្រូន និង​ប្រមុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ផ្សេង​ទៀត​ចំនួន​ ១៣​រូប​ រួម​ជាមួយ​មន្ត្រី​ការទូត មន្ត្រី​យោធា​ និង​អ្នក​នយោបាយ​ជា​ច្រើន​ទៀត​មក​ពី​ ៣៤ ប្រទេស​។

ខុទ្ទកាល័យ​ប្រធានាធិបតី​បារាំង​បាន​និយាយ​ប្រសិន​បើ​ទូរស័ព្ទ​របស់​លោក​ម៉ាក្រូន​ពិត​ជា​ត្រូវ​បាន​រក​ឃើញ​លេខ​​នៅ​ក្នុង​បញ្ជី​មែន​ នោះ​វា​ជា​រឿង​ធ្ងន់ធ្ងរ​។

ដោយ​ស្រង់​សំដី​ពី​ប្រភព​មួយ កាសែត​បារាំង Le Monde បាន​រាយការណ៍​ថា​លេខ​ទូរស័ព្ទ​មួយ​ក្នុង​ចំណោម​លេខ​ទូរស័ព្ទ​លោក​ម៉ាក្រូន​ប្រើប្រាស់​ជា​ញឹកញាប់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ ត្រូវ​បាន​ដាក់​ចូល​បញ្ជី​ឃ្លាំ​មើល​ដោយ​ភ្នាក់ងារ​ចារកម្ម​ប្រទេស​ម៉ារ៉ុក​។

បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របស់ការសែត​​ Le Monde ប្រទេស​ម៉ារ៉ុក​បាន​ចេញ​សេចក្ដីថ្លែង​ការ​មួយ​ថា​ខ្លួន​មិន​មាន​អ្វី​ទាក់ទង​នឹង​ការ​ប្រើប្រាស់​កម្មវិធី​ Pegasus ទេ​ ហើយ​ច្រាន​ចោល​ «ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ និង​មិន​ពិត​»​។

ក្រុមហ៊ុន​NSO បាន​និយាយ​ថា​លោក​ម៉ាក្រូន​មិនមែន​ជា​គោលដៅ​របស់​អតិថិជន​ពួកគេ​ណា​មួយ​ឡើយ ហើយ​បន្ថែម​ទៀត​ការ​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​ក្នុង​បញ្ជី​នេះ​មិន​មាន​ន័យ​ថា​ពួកគេ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ឃ្លាំ​មើល​ដោយ​ Pegasus ទេ​។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​យល់​ឃើញ​ថា​បញ្ជី​នេះ​គឺ​អាច​ប្រើ​ដោយ​អតិថិជន​របស់​ NCO ដើម្បី​ត្រៀម​ធ្វើ​ការ​ឃ្លាំ​មើល​នៅ​ពេល​ក្រោយ​ ដូច​ដែល​បាន​រក​ឃើញ​ក្នុង​ការ​ពិនិត្យ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​។​

បញ្ជី​នេះ​ក៏​រួម​មាន​ប្រធានាធិបតី​អ៊ីរ៉ាក់ Barham Salih និង​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​លោក Cyril Ramaphosa នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ចំនួន ៣ រូប​គឺ​លោក Imran Khan នៃ​ប្រទេស​ប៉ាគីស្ថាន លោក Mostafa Madbouly នៃ​ប្រទេស​អេហ្ស៊ីប និង​លោក Saad-Eddine El Othmani របស់​ប្រទេស​ម៉ារ៉ុក​។ អតីត​នាយករដ្ឋមន្ត្រី ៧ រូប​គឺ​លោកAhmed Obeid bin Daghr នៃ​ប្រទេស​យេម៉ែន លោក Saad Hariri នៃ​ប្រទេស​លីបង់ លោក Ruhakana Rugunda នៃ​អ៊ូហ្គាន់ដា លោក Édouard Philippeនៃ​ប្រទេស​បារាំង លោក Bakitzhan Sagintayev នៃ​ប្រទេស​កាហ្សាក់ស្ថាន លោក Noureddine Bedoui របស់​ប្រទេស​អាល់ហ្សេរី និង​លោក Charles Michel នៃ​បែលហ្សិក ដែល​យោង​ទៅ​តាម​កាល​បរិច្ឆេទ​នៅ​ក្នុង​បញ្ជី​ត្រូវ​បាន​គេ​ដាក់​នៅ​ទីនោះ​ខណៈ​ពេល​ដែល​ពួក​គេ​នៅ​នៅ​តំណែង​។ ព្រះមហាក្សត្រ​ Muhammad VI នៃ​ប្រទេស​ម៉ារុក និង​អគ្គ​នាយក​អង្គការ​សុខភាព​ពិភពលោក​លោក​ Tedros Ghebreyesus ក៏​ស្ថិត​ក្នុង​បញ្ជី​នេះ​ដែរ​។

គ្មាន​មេដឹកនាំ​ណា​ម្នាក់​បាន​ផ្ដល់​ទូរស័ព្ទ​របស់​ពួកគេ​ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ថា​តើ​ពួកគេ​ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​ Pegasus ដែរ​ឬ​ទេ​៕

Source:

https://www.washingtonpost.com/world/2021/07/20/heads-of-state-pegasus-spyware/

https://www.theguardian.com/world/2021/jul/20/emmanuel-macron-identified-in-leaked-pegasus-project-data

https://www.aljazeera.com/news/2021/7/20/frances-macron-among-potential-pegasus-spyware-targets-le-monde

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner