អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការអំពាវនាវរបស់ សម រង្ស៊ី គឺជាការអំពាវនាវឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកការអំពាវនាវរបស់មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត គឺជាអំពើល្មើសទៅនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២២ ខែកក្កដានេះថា ជាគោលការណ៍ ច្បាប់ការអំពាវនាវបែបនេះ គឺជាអំពើល្មើសទៅនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយវាជាការអំពាវនាវមួយឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រាល់សកម្មភាពទាំងឡាយណាដែលជាការចូលរួម ការអនុវត្ត ការគាំទ្រ ឬមួយអ្នកដែលផ្តើមគំនិត អ្នកផ្សំគំនិត គឺត្រូវទទួលខុសត្រូវ តាមផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងសកម្មភាពល្មើសច្បាប់ទាំងអស់នេះ។

រីឯឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា អ្វីដែល សម រង្ស៊ី អំពាវនាវគឺវាខុសទៅនឹងអ្វីដែលជាប្រក្រតីភាពរបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ក្នុងរយៈពេលកន្លងមកតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះនៅតែប្រក្រតីភាព គឺការបោះឆ្នោតទៀងទាត់ ហើយការជ្រើសរើសរបស់នាយករដ្ឋមន្ត្រី ឬក៏រាជរដ្ឋាភិបាល គឺតាមរយៈប្រជាពលរដ្ឋ មិនមែនតាមរយៈអ្នកនយោបាយទេ។ ដូច្នេះបើប្រៀបធៀបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ សម រង្ស៊ី ហើយការលើកឡើងរបស់សម រង្ស៊ី រឹតតែធ្វើឱ្យគេឃើញថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកប្រាកដនិយម ក្នុងការរៀបចំកសាងលទ្ធិប្រជាធិបតេយ្យ។ ហើយការលើកឡើងរបស់សម រង្ស៊ី រឹតតែបង្ហាញខ្លួនកាន់តែជ្រៅទៅៗនៅក្នុងលក្ខណៈឧទ្ទាមនិយមដែលទទួលបានបរាជ័យ។

អ្នកនាំពាក្យរដ្ឋាភិបាលមិនជឿថា ការការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុកឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ មិនមានប្រសិទ្ធភាព និងយកជាការបានទេ គឺគ្រាន់តែជាការអំពាវនាវមួយឱ្យមានការចាប់អារម្មណ៍តែប៉ុណ្ណោះ។ ពីព្រោះការអំពាវនាវនេះ មិនមែនជាលើកទី១ទេ គឺច្រើនលើកហើយ ដូចជាការអំពាវនាវឱ្យកងប្រដាប់អាវុធបែរកាណុង អំពាវនាវឱ្យប្រឆាំងជាមួយនឹងរដ្ឋាភិបាល ប៉ុន្តែការអំពាវនាវនេះ វាគ្មានប្រសិទ្ធភាពនោះទេ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner