ក្រុមហ៊ុន កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមចំនួន៦០ធុងដល់ឃុំ៣ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងការចូលរួមបែងចែកសំរាម ដើម្បីបរិស្ថានស្អាតក្នុងសហគមន៍យើង

កំពង់ចាម ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រគល់ធុងបែងចែកសំរាម ចំនួន៦០ធុង ដល់ឃុំ៣ នៃស្រុកព្រៃឈរ ក្នុងខេត្តកំពង់ចាម ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម ដើម្បីបន្តគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិកឱ្យកាន់តែមានប្រសិទ្ធភាព ។ ពិធីប្រគល់-ទទួលនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។


សូមបញ្ជាក់ថា ធុងបែងចែកសំរាមទាំង ៦០ធុងនេះ ត្រូវបានប្រគល់ជូនរដ្ឋបាលឃុំទាំងបីខាងលើ ដើម្បីផ្តល់ជូនទៅតាមសាលារៀន សាលាឃុំ មណ្ឌលសុខភាព វត្តអារាម និងផ្សារនានា នៅក្នុងមូលដ្ឋានឃុំនីមួយៗ ទុកសម្រាប់ប្រើប្រាស់ ក្នុងការចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថានប្រកបដោយចរីភាព ដោយគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិចឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យ «រួមគ្នាដើម្បីបរិស្ថានស្អាត» ។ គិតមកត្រឹមពេលបច្ចុប្បន្ន ធុងបែងចែកសំរាមចំនួន ៨៧០ ធុង ត្រូវបានដាក់ជូន និងកំពុងប្រើប្រាស់នៅសាលារៀន ទីកន្លែងសាធារណៈ រមណីយដ្ឋាននានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋានតាមបណ្តាខេត្ត ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអង្គការពាក់ព័ន្ធនានា ។ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស នៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានលើកឡើងថា «ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ជឿជាក់ថា ធុងបែងចែកសំរាមទាំង ៦០ ធុងបន្ថែមនេះ នឹងរួមចំណែកបង្កើនប្រសិទ្ធភាពនៃការបែងចែកសំរាម ងាយស្រួលក្នុងការទាញយកមកកែច្នៃឡើងវិញនៅសំរាមប្លាស្ទិក និងគ្រប់គ្រងសំរាមប្រភេទផ្សេងទៀតបានល្អប្រសើរ»។ កញ្ញាបានបន្ថែមទៀតថា “កង្វល់ជុំវិញការគ្រប់គ្រងសំរាម និងការលើកកម្ពស់បរិស្ថានស្អាត ជាកង្វល់់រួម ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសការអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍យើងផ្ទាល់តែម្តង”។

ជាមួយគ្នានេះដែរ ឯកឧត្តម ផាន អូន បានពាំនាំការថ្លែងអំណរគុណរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដល់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដែលតែងតែចូលរួមសហការក្នុងសកម្មភាពការងារជួយសង្គម តួយ៉ាងថ្ងៃនេះ ធុងបែងចែកសំរាមទាំង ៦០ធុងនេះនឹងចូលរួមចំណែកក្នុងការជួយថែរក្សាបរិស្ថាន និងអនាម័យ ក្នុងមូលដ្ឋានឃុំទាំងបីនេះប្រកបដោយប្រសិទ្ធភាពក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ក្នុងនោះផងដែរ ឯកឧត្តម ផាន អូន ក៏បានចុះពិនិត្យទីតាំងជាមួយតំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ក្នុងការកសាងប៉មចម្រោះទឹកស្អាតមួយកន្លែងនៅក្នុងវិទ្យាល័យហ៊ុនសែន គរ ដែលនឹងត្រូវសាងសង់នាពេលខាងមុខឆាប់ៗនេះ។ ក្នុងឱកាសនោះដែរ លោក ឡោ ចាន់លី អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ ក៏បានថ្លែងអំណរដល់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដែលបានជួយធុងបែងចែកចំនួន៦០នេះ ដល់មូលដ្ឋានឃុំទំាងបីសម្រាប់ប្រើប្រាស់ក្នុងការថែរក្សាបរិស្ថានប្រកបដោយចរីភាព។

គួរបញ្ជាក់ថា ក្រុមហ៊ុនកូកា-កូឡា បាននិងកំពុងអនុវត្តន៍គោលដៅនិរន្តភាព ក្នុងការប្រមូល និងកែច្នៃសំបកវេចខ្ចប់ អោយស្មើ១០០%នៃចំនួនសំបកវេចខ្ចប់ដែលយើងលក់នៅលើទីផ្សារទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ គោលដៅនិរន្តភាពនេះ ហៅថា «ពិភពលោកគ្មានសំរាម (WWW – World Without Waste)» ដោយយើងបានយកចិត្តទុកដាក់ផ្តោត ទៅលើ វដ្តជីវិតនៃសំបកវេចខ្ចប់ទាំងមូល រាប់ចាប់ពី ដបជ័រ និងកំប៉ុងអាលុយមីញូម ត្រូវបានផលិត និងច្រកភេសជ្ជៈ រហូតដល់ ត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ។ ផ្អែកលើចក្ខុវិស័យនេះ កាលពីឆ្នាំ ២០២០ ក្រុមហ៊ុនបានចេញ ផលិតផលទឹកបរិសុទ្ធដាសានីចំណុះ៣៥០ មីលីលីត្រដែលប្រើប្រាស់សំបកវេចខ្ចប់ rPET ដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលជាបច្ចេកវិទ្យាកែច្នៃឡើងវិញ១០០% ៕ « រួមគ្នាទើបកម្ពុជាស្អាត!»

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner