សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ៥ម៉ឺន​ដុល្លា​អាមេរិក ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លាអាមេរិក រួមនឹងបរិក្ខាពេទ្យជាច្រើន ត្រូវបានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទ ក្រហមកម្ពុជា នាំយកមកប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ កំពុងជួបការខ្វះខាត មូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារកប្រមាណជាង ៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ ក្នុងពេលជួបនូវវិបត្តិកូវិដ១៩ ។

តាមសេចក្តីរាយការណ៍របស់ប្រធានមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា មន្ទីរពេទ្យដំណើរការទៅបាន ដោយពឹងផ្អែក ទៅលើមូលនិធិរបស់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដើមី្បប្រើប្រាស់សម្រាប់ព្យាបាល ថែទាំសុខភាពកុមារ ទារក មកពីបណ្តាខេត្តនានា ចូលមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ។ លោកបានបញ្ជាក់ផងដែរថា ចាប់ពីមន្ទីរពេទ្យបានដំណើរ ការព្យាបាលជម្ងឺជូនកុមារមកដល់ពេលបច្ចុប្បន្ននេះ មានចំនួនប្រមាណជាង២លាន៥សែននាក់ ។

លោកជំទាវ ពុំ ចន្ទីនី ក៏បាននាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជាពិសេសការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ  ដែលបានខិតខំលះបង់កម្លាំងកាយចិត្តជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម ។  ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជារាប់ម៉ឺននាក់ តាមរយៈការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នូវថវិកា ១លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២ រៀងមក ។ ដោយឡែកសម្រាប់មន្ទីរពេទ្យកុមារអង្គរនេះ ជាការឧបត្ថម្ភជាលើកទី៣ ពីកាកបាទក្រហមកម្ពុជា ដោយក្នុង១លើក បានផ្តល់ជូនចំនួន៥ម៉ឺនដុល្លាអាមេរិក  ៕        ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner