Cambodia 2050 Ep21: តើកម្ពុជាត្រូវធ្វើដូចម្ដេច ដើម្បីជៀសផុតពីឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាចអាមរិក និងចិន?

អត្ថបទដោយ៖
AMS

កម្ពុជាយើងព្យាយាមហុចដៃទៅសហរដ្ឋអាមេរិកហើយ ប៉ុន្តែតើគាត់ចង់ចាប់ដៃរបស់យើង ឬ អត់ជារឿងរបស់គាត់។ បើយើងព្យាយាមហើយគាត់នៅមិនចង់ចាប់ នេះជាបញ្ហាមួយដែលកម្ពុជាពុំមានជម្រើស ក្រៅពីនៅតែរក្សាទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែអ្វីដែលនយោបាយការបរទេសកម្ពុជាមានការខុសប្លែកពីសម័យមុន សព្វថ្ងៃយើងមាននយោបាយការបរទេសជាមួយបណ្ដាលប្រទេសអាស៊ាន និងជាសមាជិកអាស៊ាន។ មានន័យថា កម្ពុជាមាននយោបាយពហុភាគីនិយម មិនមែនមានន័យថាកម្ពុជាមានតែចិន ឬក៏រាប់អានតែសហរដ្ឋអាមេរិកទេ មានន័យថាកម្ពុជាបានកំពុងរាប់អានបណ្ដាលប្រទេសផ្សេងទៀតជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ាន។ ដូច្នេះទើបកម្ពុជាទទួលបានសន្តិសុខបាន នៅពេលកម្ពុជានៅតែប្រកាន់យកនយោបាយពហុភាគីនិយម។ ទោះបីជាហរដ្ឋអាមេរិកមិនសប្បាយចិត្ដ ឬមួយមិនចង់ចាប់យកកម្ពុជាក៏ដោយ ក៏កម្ពុជាគួតែបន្តការអនុវត្តនយោបាយការបរទេសពហុភាគី ដោយចាប់យកអាស៊ានធ្វើជាស្នូល។ បញ្ជាក់ឲ្យឃើញថា កម្ពុជានៅតែប្រកាន់ជំហររឹងមាំថា កម្ពុជាមិនមែនជាប្រទេសចំណុះឲ្យប្រទេសមហាអំណាចណាមួយនោះទេ។

សំនួរ៖  ការប្រកួតប្រជែងរវាងមហាអំណាចពីរ នៅក្នុងតំបន់គឺ ចិន និងសហរដ្ឋអាមេរិក យើងឃើញថាមហាអំណាចទាំងពីនេះបានទាញកម្ពុជាឲ្យចូលឡូកឡំជាមួយបញ្ហារបស់មហាអំណាចទាំងពីនេះផងដែរ ដោយការចោទប្រកាន់ទៅលើចំណុចផ្សេងៗ ជាច្រើន។ ទាក់ទងការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនេះ សម្រាប់លោកបណ្ឌិតផ្ទាល់យល់ឃើញយ៉ាងណាដែរ?

តាមយោបល់ខ្ញុំ ខ្ញុំគិតថា​ ការប្រកួតប្រជែងមហារអំណាចលើកនេះ មានលក្ខណះកាន់តែស្រួចស្រាលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមហាអំណាចចិន និងអាមេរិចដល់ដំណាក់កាលនេះ គ្មានភាគីណាមួយសុខចិត្ដឱនក្បាលដាក់ភាគីណាមួយនោះទេ។ ពួកគាត់ធ្វើយ៉ាងណាដើម្បីយកឈ្នះគ្នារៀនខ្លួន។ ជាក់ស្ដែងយើងឃើញថា ការប្រកួតប្រជែងនេះ បានសម្ដែងឲ្យឃើញស្ទើរតែគ្រប់វិស័យទាំងអស់ ទាំងវិស័យយោធា សេដ្ឋកិច្ច និងយុទ្ធសាស្ត្រផងដែរ។ វិស័យយោធានៅតែមានការកើនកម្ដៅ នៅតាមតំបន់សមុទ្រ មហាអំណាចទាំងពីរ ជាពិសេសការជួបប្រទះគ្នារវាងនាវាចម្បាំងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកឧស្សាហ៍ជួបគ្នាជាញឹកញាប់ ពិសេសនៅតំបន់សមុទ្រចិនខាងត្បូង។ ចំណែកឯវិស័យសេដ្ឋកិច្ចដូចគ្នា យើងឃើញថាមហាអំណាចទាំងតែងតែនេះតែងតែជួបប្រទះគ្នារឿងពាណិជ្ជកម្ម ដោយប្រើបញ្ហាពន្ធដាក់នៅលើទំនិញរៀងខ្លួនហើយក្នុងភាគីម្ខាងៗនោះ គាត់តែងតែអំពាវនាវឲ្យវិនិយោគិនរបស់គាត់ដកចេញពីប្រទេសដែលជាដៃគូសត្រូវ ដូចជាសហរដ្ឋអាមេរិកមិនចង់ឲ្យវិនិយោគិនសហរដ្ឋអាមេរិកទៅវិនិយោគបន្ថែមទេនៅក្នុងប្រទេសចិនជាពិសេសអ្នកវិនិយោគនៅលើវិស័យបច្ចេកវិទ្យា។

សំនួរ៖  ទាក់ទងទៅនឹង ការប្រកួតប្រជែងបែបនេះ តើវាមានការជះឥទ្ធិពលយ៉ាងដូចម្តេច សម្រាប់នៅក្នុងតំបន់ទាំងមូលហើយវាមានផលចំណេញ និងផលខាតយ៉ាងណា និងអ្វីដែលជាចំណុចរសើបជាងគេ សម្រាប់អាមេរិកនិងចិននោះផងដែរ? យើងឃើញថា សមុទ្រចិនខាងត្បូងនោះក៏ជាចំណុចមួយដែលភាគីអាមេរិក និងចិន បានយកមកធ្វើជាចំណុចរួមមួយនៅក្នុងការតតាំងគ្នាក៏ដូចជាការគៀងគរ នៅបណ្ដាលប្រទេសមួយចំនួនឲ្យមានការជំទាស់ជាមួយនឹងចិនផងដែរ ដូចជាប្រទេសតៃវ៉ាន់ ប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀត។ តើចំណុចនេះយ៉ាងម៉េចដែរលោកបណ្ឌិត?

ធម្មតាការប្រកួតប្រជែង បើសិនជាលក្ខណៈនោះជាលក្ខណៈការប្រកួតប្រជែងធម្មតា ដូចជាប្រទេសតូចៗយើងអាចទទួលផលចំណេញបាន ប៉ុន្តែក្នុងករណីដែលការប្រកួតប្រជែងលែងជាការប្រកួតប្រជែងតទៅទៀត វិវឌ្ឍន៍ទៅជា ភាពជាសត្រូវរវាងគ្នានិងគ្នា យើងអាចនិយាយមួយទៀតថា ការផ្ទុះស្រាយគ្នានៅក្នុងពេលណាមួយ តំបន់អាស៊ីអាគ្នេយ៍របស់យើងមិនចំណេញបានទេ មូលហេតុអ្វីដែរមិនអាចចំណេញ ព្រោះតែប្រទេសទាំងពីរនេះគាត់នឹងដាក់សម្ពាធ ទៅបណ្ដាលប្រទេសតូចៗ ក្នុងនោះយើងមើលឃើញថា នៅបណ្ដាលប្រទេសអាស៊ានក្នុងនោះមានទាំងកម្ពុជាផងដែរ ធ្វើម៉េចឱ្យគាត់រើសយកម្ខាងៗ ខ្ញុំជឿថា ប្រទេសភាពច្រើនពួកគាត់ចង់រើសអ្នកណាម្ខាងៗនោះទេ។ បើសិនជាគាត់រើសម្ខាង គាត់អត់ចំណេញនោះទេ យើងដឹងហើយអាមេរិកសម្បូរទៅដោយអ្នកវិនិយោគទន ចំណែកឯចិនគាត់សំបូរទៅដោយអ្នកវិនិយោគទនដែរ នឹងដៃគូរពាណិជ្ជកម្មនៅតាមបណ្ដាលប្រទេសអាស៊ានផ្សេងទៀត។ ដូច្នេះប្រសិនបើ បណ្ដើរប្រទេសអាស៊ានរើសតែម្ខាងៗ នោះបានន័យថាមិនចំណេញនោះទេ។ មួយទៀតគឺ ការដាក់សម្ពាធខាងយោធា យើងឃើញថានៅក្នុងករណីនៅប្រទេសកម្ពុជាយើងជាដើមសហរដ្ឋអាមេរិកបានដាក់សម្ពាធម្ដងហើយម្ដងទៀត មកលើកម្ពុជាជាមួយនឹងមូលដ្ឋានយោធារបស់ចិននៅកម្ពុជា ក្នុងពេលដែលមិនមានភស្ដុតាងបានច្បាស់លាស់ថា កម្ពុជាពិតជាបានអនុញ្ញាតឲ្យកងទ័ពចិនជាពិសេសកងទ័ពជើងទឹករបស់ចិនដាក់មូលដ្ឋាននៅកម្ពុជាយើង ពុំទាន់ឃើញមានភស្ដុតាងជាក់ស្តែងនោះទេ។ អ្វីដែលជាការសន្និដ្ឋានរបស់សហរដ្ឋអាមេរិចបានមើលពីលើតាមផ្កាយរណបផងនោះ។

សំនួរ៖ ចំណែកទាក់ទង នឹងការប្រកួតប្រជែងដ៏ក្តៅគគុកនេះ លោកបណ្ឌិតយល់ឃើញយ៉ាងណាដែរថាជាការប្រកួតប្រជែង ឬក៏ជាការចងជាសត្រូវនឹងគ្នានៅក្នុងដំណាក់កាលនេះ?

ខ្ញុំគិតថា បើសិនជាសហរដ្ឋអាមេរិកបន្តដាក់សម្ពាធប្រហែលជាភាគីកម្ពុជា អត់មានជម្រើសអ្វីផ្សេងក្រៅពីងាកទៅរកចិនតែម្ដងនោះទេ ដោយសារតែយើងសង្កេតឃើញថា កម្ពុជាកន្លងមកក៏ព្យាយាមបោះដៃទៅសហរដ្ឋអាមេរិកច្រើនដែរ ប៉ុន្តែបើសិនជាយើងបោះដៃទៅហើយសហរដ្ឋអាមេរិកមិនចាប់យក សួរថាកម្ពុជានៅតែបន្តបោះដៃតទៅទៀត នៅពេលដែលគេមិនចង់ចាប់យកខ្លួនឯងនោះ។ កម្ពុជាប្រហែលជាអត់មានជម្រើសផ្សេងក្រៅពីបន្តចាប់ដៃជាមួយចិននោះទេ ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងនោះទេ ខ្ញុំគិតថាលោកប្រធានាធិបតី Biden គាត់ជាមនុស្សមួយដែលមានហេតុផល ជាពិសេសគាត់មានអ្នកពូកែៗ ខាងរឿងនយោបាយការបរទេស។ ដូច្នេះខ្ញុំគិតថាគាត់នឹង ព្យាយាមធ្វើយ៉ាងណា ដើម្បីសម្រួលក៏ដូចជា ធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជាសហរដ្ឋអាមេរិក មានភាពប្រសើរឡើង។ ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះបញ្ហានេះ ព្រោះយើងឃើញច្រើនហើយថា ក្រោមរដ្ឋបាលលោក Biden គាត់ព្យាយាមផ្ដល់នៅវ៉ាក់សាំងកូវីដ មកដល់បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសកម្ពុជាផងដែរ ដូច្នេះខ្ញុំនៅតែមានសុទិដ្ឋិនិយមថា ទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិក និងមានការរីកចម្រើនជាងមុន។

 សំនួរ៖ ដោយឡែកទាក់ទងទៅ និង ការចោទប្រកាន់ ក៏ដូចជាការសង្ស័យរបស់អាមេរិកកន្លងមក ផ្ដោតទៅលើតែការប្រកួតប្រជែងជាមួយនឹងចិន ដូចជាការទប់ស្កាត់នូវអំណាចក្នុងតំបន់របស់ចិន ឬក៏អាចមកពីបណ្ដាលប្រទេសជិតខាងណាមួយដែលជាផ្នែកនៃការរុកគួន ឬ ផ្ដល់ព័ត៌មានផ្សេងៗ ធ្វើឲ្យអាមេរិកមានការសង្ស័យមកលើកម្ពុជាដែរឬទេ?

យើងពិបាកធ្វើការសន្និដ្ឋានថា តើអ្នកណាមួយរុកគួន ឬក៏យ៉ាងណានោះទេ ព្រោះអីយើងក៏មិនមានអ្វីជាក់លាក់ដែរ។ ចំពោះយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក៏ដូចចិន នៅពេលដែលពួកគាត់ប្រកួតប្រជែងគ្នាខ្លាំង យើងគិតថា ដំរីពីជល់គ្នា ប្រាកដជាងាប់ស្រមោចហើយ មានន័យថា ជាធម្មតាប្រសិនបើ ពួកគាត់មិនចូលចិត្តគ្នា នឹងរកអ្វីគ្រប់យ៉ាងដើម្បីបង្កឡើងជាបញ្ហាជាមួយគ្នា។ ដូច្នេះសម្រាប់កម្ពុជាក៏ដូចជាបណ្ដាលប្រទេសអាស៊ីអាគ្នេយ៍យើងផ្សេងទៀត ពួកគាត់ត្រូវរកវិធីបែបណាក៏ដោយ ដើម្បីបញ្ចុះបញ្ចូលឲ្យមហាអំណាចទាំងពីរនេះ ឲ្យគាត់អង្គុយជាមួយគ្នាបាន និយាយជាមួយគ្នាបាន ដូច្នេះនៅពេលហ្នឹងហើយ ទើបកម្ដៅនោះចាប់ផ្ដើមថយចុះ។ តែបើចំពោះថា ធ្វើដូចម្ដេចដើម្បីឲ្យមហាអំណាចទាំងពីរនោះអង្គុយជាមួយគ្នា ខ្ញុំគិតថា បណ្ដាលប្រទេសអាស៊ីអាគ្នេយ៍ ក៏កំពុងតែរិះរកនូវមធ្យោបាយនេះនៅឡើយទេ។

សំនួរ៖  ប៉ុន្តែ សម្រាប់លោកបណ្ឌិតផ្ទាល់ តើមានសុទិដ្ឋិនិយមទេ សម្រាប់អាស៊ីអាគ្នេយ៍យើង អាចនឹងបង្រួបបង្រួមនៅមហាយក្សទាំងពីរ ដែលកំពុងតែមានការកើនកម្ដៅពាក់មុខយក្សដាក់គ្នានេះផងដែរ?        

ខ្ញុំគិតថា ចំពោះរឿងនេះ ខ្ញុំនៅតែមានសុទិដ្ឋិនិយម ពីព្រោះដោយសារតែកន្លងមក អាស៊ានរបស់យើងបានធ្វើការច្រើនមកហើយ ក្នុងការផ្សារភ្ជាប់មហាអំណាចផ្សេងៗ នៅក្នុងតំបន់។ ឧទាហរណ៍ គម្រោងជាក់ស្ដែងយន្តការកន្លងមកគឺ មានអាស៊ានបូកបី អាស៊ានបូកចិន ជប៉ុន កូរ៉េយន្តយកអាស៊ានជាស្នូលនៅកណ្ដាល។ ដំបូងមានអ្នករិះគន់ច្រើនថា យើងហ្នឹងពិបាកយកចិនជាមួយនឹងជប៉ុន កូរ៉េមកនៅជាមួយគ្នាណាស់ ប៉ុន្តែអាស៊ានអាចធ្វើបាន។ បន្ទាប់មកទៀតយើងមានអាស៊ានបូក៦ គឺអាស៊ាននៅកណ្ដាលដដែលតែយើងបូកជាមួយ ប្រទេសចិន ជប៉ុន កូរ៉េ អូស្ត្រាលី ញូហ្សេលឡែន និងឥណ្ឌា។ ដោយសារតែយន្តការនេះហើយ ទើបយើងគិតថា អាស៊ាននឹងអាចបន្តធ្វើកិច្ចការនេះដោយយកមហាអំណាចចិនជាមួយសហរដ្ឋអាមេរិក មកនៅជាមួយគ្នា ដោយប្រើប្រាស់យន្តការអាស៊ាន ប៉ុន្តែជាក់ស្ដែងនៅបណ្ដាលប្រទេសអាស៊ាន កំពុងធ្វើនៅឡើយទេ ចំពោះរឿងនេះ។ ចំពោះការនិយាយបានថា ធ្វើនៅពេលណា ខ្ញុំគិតថាមិនងាយមានអ្នកណាស្មានដឹងនោះទេ។

សំនួរ៖  ទាក់ទងទៅនឹង ចំណុចមួយចំនួន រួមទាំងការប្រកួតប្រជែងនេះផងដែរ តើសម្រាប់ប្រទេសកម្ពុជាយើងឃើញហើយថា ជាប្រវត្តិសាស្ត្រកម្ពុជាយើងតែងតែរងគ្រោះ ដោយសារតែការប្រកួតប្រជែងរវាងមហាអំណាចនៅក្នុងតំបន់ផ្សេងៗ ប្រទេសកម្ពុជាយើងបានធ្វើឱ្យមានការរងគ្រោះ ក៏ដូចជាមាននៅរបបប្រល័យពូជសាសន៍ជាដើម។ នៅក្នុងនោះក៏មានព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែករបស់អាមេរិកក៏ដូចជានៅក្នុងសម័យកាលនោះ ដែលចោទថាមានការដាក់កងទ័ពប្រទេសនេះ ប្រទេសនោះជាដើម។ ដោយឡែកនៅក្នុងរជ្ជកាលសម័យបច្ចុប្បន្ននេះអាចទៅរួចទេ អាមេរិកអាចនឹងមានលេស ឬក៏អាចថា មានការភ័ន្ដច្រលំណាមួយអាចបង្កជាហានិភ័យធ្ងន់ធ្ងរដល់ប្រទេសកម្ពុជារបស់យើង ហើយកម្ពុជាយើងខ្លួនឯងគួតែដើរគោលនយោបាយរបៀបម៉េចដើម្បីឲ្យកម្ពុជា មិនមានភាពជ្រំដែ ដោយសារតែមហាអំណាចនៅក្នុងភិភពលោកយក យកកម្ពុជាធ្វើជាកូនអុក បំផ្លាញកម្ពុជាខ្ទេចខ្ទីគ្មានសល់?

យើងឃើញថា កន្លងមកនយោបាយការបរទេសរបស់យើង កាលពីអតីតកាលយើងបានដើរខុសច្រើន។ នៅក្នុងសម័យលន់ នុល យើងងាកទៅអាមេរិកខ្លាំងពេក ហើយនៅសម័យខ្មែរក្រហមយើងងាកទៅចិនខ្លាំង បានធ្វើឱ្យកម្ពុជាយើងមានគ្រោះថ្នាក់។ ដូច្នេះនយោបាយសម័យថ្មី សម្រាប់ប្រទេសកម្ពុជារបស់យើង សម័យសម្ដេចឪ និងសម័យសម្ដេចតេជោហ៊ុនសែនគឺ មានការអនុវត្តនយោបាយការបរទេសស្រដៀងគ្នានៅត្រង់ថា យើងប្រកាន់យកនយោបាយការបរទេសចម្រុះពណ៌ យើងរាប់អានទាំងអស់ព្រមទាំងសហរដ្ឋអាមេរិក និងចិន ព្រមទាំងបណ្ដាលប្រទេសផ្សេងទៀតផងដែរ។ ដូច្នេះនយោបាយចម្រុះពណ៌ គឺជានយោបាយមួយធានាសុវត្តិភាពសម្រាប់ប្រទេសតូចដូចជាប្រទេសកម្ពុជាយើងជាដើម។ 

សំនួរ៖  យើងឃើញថា កម្ពុជារបស់យើងប្រកាន់យកជំហរនយោបាយការបរទេសចម្រុះពណ៌។ ប្រសិនបើប្រទេសមួយ ក៏ដូចជាសហរដ្ឋអាមេរិកជាដើម ដែលគិតថាប្រទេសកម្ពុជាយើងមានទំនាក់ទំនងជិតស្និតតែមួយគត់ជាមួយប្រទេសចិន។ តើសម្រាប់កម្ពុជាយើងត្រូវត្រៀមខ្លួនដូចម្ដេច ដើម្បីជៀសវាងការចោទប្រកាន់បែបនេះ?

កម្ពុជាយើងព្យាយាមហុចដៃទៅសហរដ្ឋអាមេរិកហើយ ប៉ន្តែតើគាត់ចង់ចាប់ដៃរបស់យើង ឬ អត់ជារឿងរបស់គាត់។ បើយើងព្យាយាមហើយគាត់នៅមិនចង់ចាប់ នេះជាបញ្ហាមួយដែលកម្ពុជាពុំមានជម្រើស ក្រៅពីនៅតែរក្សាទំនាក់ទំនងល្អជាមួយចិន ប៉ន្តែអ្វីដែលនយោបាយការបរទេសកម្ពុជាមានការខុសប្លែកពីសម័យមុន សព្វថ្ងៃយើងមាននយោបាយការបរទេសជាមួយបណ្ដាលប្រទេសអាស៊ាន និងជាសមាជិកអាស៊ាន។ មានន័យថា កម្ពុជាមាននយោបាយពហុភាគីនិយម មិនមែនមានន័យថាកម្ពុជាមានតែចិន ឬក៏រាប់អានតែសហរដ្ឋអាមេរិកទេ មានន័យថាកម្ពុជាបានកំពុងរាប់អានបណ្ដាលប្រទេសផ្សេងទៀតជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ាន។ ដូច្នេះទើបកម្ពុជាទទួលបានសន្តិសុខបាន នៅពេលកម្ពុជានៅតែប្រកាន់យកនយោបាយពហុភាគីនិយម។ ទោះបីជាហរដ្ឋអាមេរិកមិនសប្បាយចិត្ដ ឬមួយមិនចង់ចាប់យកកម្ពុជាក៏ដោយ ក៏កម្ពុជាគួតែបន្តការអនុវត្តនយោបាយការបរទេសពហុភាគី ដោយចាប់យកអាស៊ានធ្វើជាស្នូល។ បញ្ជាក់ឲ្យឃើញថា កម្ពុជានៅតែប្រកាន់ជំហររឹងមាំថា កម្ពុជាមិនមែនជាប្រទេសចំណុះឲ្យប្រទេសមហាអំណាចណាមួយនោះទេ។

សំនួរ៖  ដោយឡែក យើងក្រឡេកមកមើលប្រទេសជិតខាងរបស់យើងដូចជា វៀតណាម ថៃ ជាដើម នៅក្នុងនោះក៏ពួកគាត់មានទំនាក់ទំនងល្អជាមួយនចិនផងដែរ។ ទោះបីជាវៀតណាមមានទំនាស់ជាមួយចិននៅមហាសមុទ្រចិនខាងត្បូងក៏ពិតមែន ក៏ប៉ុន្តែវិស័យពាណិជ្ជកម្មចរន្តចេញចូលនៅក្នុងការវិនិយោគជាដើម យើងឃើញថាមានទំហំវិនិយោគជាច្រើនផងដែរជាមួយចិន។ តើហេតុអ្វីបានជាសហរដ្ឋអាមេរិកហាក់បីដូចជាមិនបានការកត់សម្គាល់ ឬក៏មានការចោទប្រកាន់ចំពោះប្រទេសទាំងពីរនេះ ដោយឡែកមកចោទប្រកាន់ជាមួយ នឹង​ ប្រទេសកម្ពុជាយើងទៅវិញ

បើយើងក្រឡេកមើលយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក និងវៀតណាម គឺមានយុទ្ធសាស្ដ្រស្របគ្នាទៅលើបញ្ហាសមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិក ចង់បានកន្លែងសមុទ្រចិនខាងត្បូងក្លាចជាសមុទ្រមួយដែលបើចំហនាវាណាឆ្លងកាត់ក៏បានដែរ គាត់មិនចង់ឲ្យក្លាយទៅជាតំបន់មួយដែលគ្រប់គ្រងដោយប្រទេសចិនមួយនោះទេ បានន័យថាយុទ្ធសាស្ដ្ររបស់គាត់ស្របជាមួយវៀតណាម។ ហេតុនេះហើយបានជាសហរដ្ឋអាមេរិកនៅតែរាប់អានជិតស្និតជាមួយវៀតណាម នៅគ្រប់វិស័យ។ បើយើងក្រឡេកមើលប្រទេសថៃ ជាយូរណាស់មកហើយដែលជាសម្ព័នមិត្ដចាក់ទឹកមិនលិចរបស់សហរដ្ឋអាមេរិក។ ដូច្នេះ បើទោះបីជា នាពេលបច្ចុប្បន្នរដ្ឋាភិបាលថៃថ្មីរបស់ប្រទេសថៃ ហាក់បីមានទំនាក់ទំនងជិតស្និតជាមួយប្រទេសចិន ក៏សហរដ្ឋអាមេរិកនៅតែគិតថា ប្រទេសជាសម្ព័នមិត្ដចាស់មួយរបស់សហរដ្ឋអាមេរិកផងដែរ ជាពិសេសទៅប្រទេសថៃគឺជា មជ្ឈមណ្ឌសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងការចាប់យក។ បើយើងក្រឡេកមើលប្រវត្ថសាស្ដ្រ ប្រទេសថៃគឺជា ស្ថាបនិកមួយរបស់អាស៊ាន បើសិនជាគាត់ចង់មានទំនាក់ទំនងល្អជាមួយបណ្ដាលប្រទេសក្នុងតំបន់អាស៊ាន គាត់ត្រូវមានទំនាក់ទំនងល្អជាមួយថៃផងដែរ។ ហេតុនេះហើយបានជា គាត់ហាក់ដូចជាមានភាពយោគយល់ច្រើន។ បើប្រៀបធៀបជាមួយប្រទេសកម្ពុជារបស់យើងមានការខុសគ្នាបន្តិច នៅត្រង់ចំណុចកម្ពុជាជា ប្រទេសមួយតូចជាងគេ ផលប្រយោជន៍យុទ្ធសាស្ដ្រមិនសូវមានសារៈសំខាន់ សម្រាប់មហាអំណាចដូសហរដ្ឋអាមេរិកប៉ុន្មាននោះទេ។ ដូច្នេះ បានជាគាត់ហាក់បីដូចជាមើលរំលង ក៏ប៉ុន្តែមិនមែនបានន័យថា នយោបាយការបរទេសរបស់គាត់មិនចាត់ទុកកម្ពុជាជាប្រទេសមួយមិនមានសារៈសំខាន់ក្នុងផ្នែកយុទ្ធសាស្រ្ដរហូតទេ យើងឃើញហើយជាក់ស្ដែង ទស្សនៈកិច្ចថ្មីៗរបស់លោកស្រី Wendy មកកម្ពុជារបស់យើង គាត់ចាប់ផ្ដើមបង្ហាញឲ្យឃើញថា កម្ពុជាយើងកំពុងតែទទួលការយកចិត្ដទុក្ខដាក់ថ្មីផ្នែកយុទ្ធសាស្ដ្រពីសហរដ្ឋអាមេរិក។ បើនិយាយប្រៀបធៀបពីសម័យមុនៗ គាត់មិនសូវយកចិត្ដទុក្ខដាក់ប៉ុន្មាននោះទេ មកលើប្រទេសកម្ពុជា។ យើងសង្ខឹមថា ទំនាក់ទំនងកម្ពុជា និងសហរដ្ឋមេរិក នឹង មានភាពប្រសើរឡើងនៅក្នុងរជ្ជកាលរដ្ឋបាលលោក Joe Biden នេះ។

សំនួរ៖  ទាក់ទងជាមួយការដកទូតរបស់ស៊ុយអែត តើមានការពាក់ព័ន្ធអ្វីជាមួយនយោបាយការទូតរវាងការប្រកួតប្រជែងសហរដ្ឋអាមេរិក និងចិន ដែរឬទេ ឬក៏ជាឯកត្តោភាគីដោយលក្ខណណាផ្សេង

តើកម្ពុជាយើងគួតែឈរលើគោលការអ្វីជាសំខាន់? ដោយសារតែយើងឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាបានខំប្រឹងប្រែងមែនទែន ហើយហើងបន្តធ្វើដូចម្ដេច ដើម្បីឲ្យអន្ដរជាតិទទួលស្គាល់យើងបន្ថែមទៀត ហើយមានភាពរឹងមាំសម្រាប់កម្ពុជាយើងផ្ទាល់?

ចំពោះការដកទូតស៊ុយអែតចេញពីកម្ពុជា ខ្ញុំគិតថានេះគឺជាសញ្ញាណមួយនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងស៊ុយអែតកំពុងតែមានបញ្ហា ប្រហែលជាខាងភាគីស៊ុយអែតគិតថា កម្ពុជាពុំបានគោរពនូវសិទ្ធិមនុស្ស ឬក៏លិទ្ធិប្រជាធិបតេយ្យបានពេញលេញនោះទេ ដូច្នេះហើយបានជាមានការសម្រេចចិត្តបែបនេះ។ បានន័យថា ភាគីខាងស៊ុយអែត ដើម្បីបង្ហាញឲ្យប្រទេសផ្សេងទៀតឃើញថា គាត់ជាប្រទេសមួយ ដែលនាំមុខគេក្នុងការគោរលទ្ធិប្រជាធិបតេយ្យ នេះជាសារមួយដែលបញ្ជូនទៅកម្ពុជាក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត។ ចំណុចមួយទៀត ប្រហែលជាភាគីស៊ុយអែតផ្ទាល់ យល់ឃើញថា ប្រទេសកម្ពុជាពុំសូវមានសារៈសំខាន់សម្រាប់គាត់ បើសិនជាកម្ពុជាមានសារៈសំខាន់មានផលប្រយោជន៍ ខាងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ដូចជាបណ្ដាលប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ប្រហែលជាការសម្រេចចិត្តរបស់គាត់មិនងាយដកទូតចេញពីកម្ពុជានោះទេ។ 

សំនួរ៖  ប្រសិនបើស៊ុយអែតមានការចោទប្រកាន់មកលើកម្ពុជាទាក់ទងទៅ និងសិទ្ធិមនុស្ស តែផ្ទុយទៅវិញយើងឃើញថា ប្រទេសថៃតែងតែមានការផ្ដួលរំលំរដ្ឋាភិបាលក៏ដូចជា ការបង្ក្រាបបាតុកម្មផ្សេងៗ ជាច្រើន ហេតុអ្វីបានជាស៊ុយអែតគាត់គាត់ជ្រើសរើសយកប្រទេសថៃទៅវិញ ដោយសារប្រទេសថៃ បើយើងនិយាយអំពីការគោរពលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិមនុស្ស សួថាប្រទេសថៃគោរពបានកម្រិតណា? បើយើងក្រឡេកមើលទៅ ប្រទេសថៃគឺមានការធ្វើបរិវត្តន៍ និងការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកច្រើនសាមកហើយផងដែរ?

យើងកុំនិយាយថាតែប្រទេសថៃ នៅក្នុងបណ្ដាលប្រទេសអាស៊ានទាំងអស់ ភាគមានបញ្ហាទាំងអស់ទាក់ទងជាមួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ថាតើប្រទេសរបស់យើងមានសារៈប្រយោជន៍សម្រាប់គេដែរអត់? បើសិនជាប្រទេសយើងមានផលប្រយោជន៍សម្រាប់គេ គេមិនងាយនឹងដកចេញទេ ពីព្រោះការដកចេញវាធ្វើឲ្យមានផលប៉ះពាល់សម្រាប់គេដែរ។

តើកម្ពុជាគួរធ្វើបែបណា នៅពេលដែលប្រទេសមហាអំណាចមានការផ្ទុះស្រាយដាក់គ្នា និងមានការជះផលអវិជ្ជមាននោះ ដូច្នេះយើងត្រូវតែប្រកាន់យកគោលនយោបាយការបរទេសចម្រុះពណ៌ សំខាន់បំផុត គឺយើងត្រូវអនុវត្តគោលនយោបាយការបរទេសមួយ ដែលប្រកាន់យកនូវលទ្ធិពហុភាគីនិយមជាធំ ក្នុងនោះមានអាស៊ាន។ យើងនៅតែយកអាស៊ានជាធំ បើយើងនៅតែបន្តអនុវត្តគោលនយោបាយការបរទេសបែបនេះ យើងនឹងបង្កើននូវភាពទុកចិត្តរបស់មហាអំណាចនៅក្នុងនយោបាយការបរទេសកម្ពុជា បានន័យថាកម្ពុជាមានតម្លាភាព។ ទី២ ពេលមធ្យម ឬមួយក៏វែងកម្ពុជាត្រូវតែបន្ដាក់ទុនទៅលើការអភិវឌ្ឍន៍ខ្លួនឯង មានន័យថា យើងអភិវឌ្ឍន៍ទាំងវិស័យសេដ្ឋកិច្ច និងយោធា។ យោធាមិនមែនមានន័យថា យើងទៅធ្វើចម្បាំងជាមួយ នឹង ប្រទេសជិតខាងនោះទេ ក៏ប៉ុន្តែប្រសិនបើប្រទេសមួយតូចហើយយើងគ្មានសាច់ដុំអីសោះទៅបង្ហាញគេ ក៏គ្មាននរណាខ្លាចយើងទេ គឺគេមើលងាយយើង។ ចំណុចនេះខ្ញុំគិតថា បើសិនជាចង់ឲ្យគេគោរពទាល់តែយើងខ្លាំងជាមុនសិន បើយើងអត់ខ្លាំងអត់មាននរណាគោរព និយាយទៅនៅក្នុងសង្គមមនុស្សគឺបែបនេះ។ ទាល់តែយើងមានសេដ្ឋកិច្ចយើងខ្លាំង យោធាយើងខ្លាំង គេនឹងគោរពឯង។ បើសិនជាយើងខ្លាំង យើងមានផលប្រយោជសម្រាប់គេ ក៏គេមិនដកទូតចេញពីយើងដែរ។ដូច្នេះយើងត្រូវគិតអំពីបញ្ហានឹង គឺជាបញ្ហាវែងឆ្ងាយត្រូវធ្វើយ៉ាងម៉េចអភិវឌ្ឍន៍ខ្លួនឯង។ ហើយការអភិវឌ្ឍន៍ខ្លួនឯងនោះចេញមកពីណា គឺធនធានមនុស្ស បានន័យថាប្រសិនបើយើងអភិវឌ្ឍន៍ធនធានមនុស្សខ្លាំងដូចសិង្ហបុរី ត្បិតតែប្រទេសតូចមែនតែមនុស្សគាត់ពូកែច្រើននាក់ នេះហើយបានជាប្រទេសគាត់ខ្លាំង ជាពិសេសគឺវិស័យអប់រំត្រូវមានការអភិវឌ្ឍន៍ឲ្យខ្លាំង។

***********

វាគ្មិន៖ លោកបណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
ប្រធានផលិតកម្មវិធី និងជាអ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 
អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner