សាវតារលើជញ្ជាំង ភាគទី៣: រឿងមហាភារតៈ (កូសមុទ្រទឹកដោះ)

នៅប្រាសាទអង្គរវត្ត នៅផ្ទាំងខាងកើតចំហៀងខាងត្បូង​​ គឺជាចម្លាក់រឿង​ កូសមុទ្រទឹកដោះ។ ជាវគ្គមួយ ក្នុងរឿងមហាភារតៈ ដែលបាននិទានរៀបរាប់ពីវីរភាពរបស់ព្រះវិស្ណុ អាទិទេពសំខាន់នៃព្រហ្មញ្ញសាសនា ដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមខ្មែរ ពិសេសសម័យចក្រភពអង្គរ។

រឿងកូសមុទ្រទឹកដោះ ជាប្រភេទរឿងបែបទេវកថា ដែលបង្ហាញពីចម្បាំងរវាង ពួកអសុរៈនិងពួកទេវៈ។ រឿងនេះ ត្រូវបានឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត​ ដែលមានបណ្ដោយ ៤៩ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ។ ក្រុមអសុរៈគឺក្រុមយក្ស នៅខាងឆ្វេងដៃចំនួន ៩២អង្គ និងក្រុមទេវៈ នៅខាងស្ដាំដៃចំនួន ៨៨អង្គ។ 

មូលហេតុដែលនាំឲ្យមានការកូសមុទ្រទឹកដោះ ព្រោះតែមានវិវាទគ្នាជាជាប់ប្រចាំ រវាងអសុរៈជាមួយនឹងអាទិទេព ដែលជាហេតុនាំឲ្យពួកអាទិទេព​ នាំគ្នាទៅប្ដឹងដល់អាទិទេពធំ គឺព្រះវិស្ណុ ដើម្បីជួយកាត់ក្ដី។ ព្រះវិស្ណុ បានសម្រេចថា ឲ្យនាំគ្នាកូសមុទ្រទឹកដោះ ដើម្បីរកទឹកអម្រឹត។ អ្នកណាដែលទទួលបានទឹកអម្រឹត អ្នកនោះនឹងមានជីវិតអមតៈ។ 

ទឹកអម្រឹតត្រូវបានចាប់ផ្ដើមកូរ ដោយបានសត្វពស់នាគវាសុគិមក ស្ម័គ្រខ្លួនធ្វើជាខ្សែសម្រាប់កូ និងយកភ្នំមន្ទឬមន្តរៈ ធ្វើជាស្នូលកណ្ដាល។ ក្នុងការកូនេះ ពួកអាសុរៈបានរើសយកផ្នែកខាងក្បាល ព្រោះពួកនេះឆ្លាត គិតថាពស់លូនទៅមុខ ជាហេតុដែលពេលទាញទៅ មិនធ្វើឲ្យពួកហត់ប្រើកម្លាំងច្រើន ចំណែកពួកអាទិទេព ឈរនៅផ្នែកខាងកន្ទុយនាគ។

លុះកូបានរាប់ពាន់ឆ្នាំ ជិតតែនឹងបានសម្រេច ទឹកនៃការកូសមុទ្រទឹកដោះនេះក៏ពុះឡើង ហើយបានផុសចេញនូវពួកទេពអប្សរហោះរេរាំនៅលើអាកាស ដើម្បីអបអរសាទរនៃការកូសមុទ្រទឹកដោះជិតបានសម្រេច។ ស្រាប់តែកូបន្ត ក៏បានផុសចេញនូវ វត្ថុទិព្វ ចំនួន៥ ប្រភេទគឺ៖ ទី១ ជាស្រីស្អាត​ ដែលព្រះវិស្ណុយកទៅធ្វើព្រះជាយា គឺព្រះនាងល័ក្ម្ស៊ី ទី២ ជាដំរីឥរាវន្ត (ដំរីក្បាលបី) ដែលព្រះឥន្ទ្រយកទៅធ្វើជាយាន្តជំនិះ ទី៣ ជាសេះ ទី៤ ជាផ្កាទិព្វ និងទី៥ ចុងក្រោយគេក៏បានលេចចេញនូវទឹកអម្រឹត ផុសចេញមក។

រំពេចនោះ ព្រះវិស្ណុ បានក្រឡាខ្លួនធ្វើជាស្រីស្អាត ទៅញ៉ែញ៉មពួកអាសុរៈ។ ពួកអាសុរៈឃើញស្រីស្អាត ភ្លើតភ្លើន ភ្លេចស្រាវជ្រាវលទ្ធផល ជាឱកាសបានផ្តល់ទៅពួកអាទិទេព ក៏បាននាំគ្នាសម្រុកទៅយកទឹកអម្រឹត។ 

ក្នុងនោះ មានយក្សមួយឈ្មោះថារាហ៊ូ បានបន្លំចូលទៅយកទឹកអម្រឹតដែរ។ ពេលឃើញបែបនោះ ព្រះចន្ទ និងព្រះអាទិត្យ ក៏បានរាយការណ៍ទៅព្រះវិស្ណុ ហើយទ្រង់ក៏បានគ្រវែងកងចក្រ ត្រូវរាហ៊ូ បណ្តាលឱ្យដាច់ក ប៉ុន្តែមិនស្លាប់ ព្រោះរាហ៊ូបានលេបទឹកអម្រឹតមកត្រឹមបំពង់ក ធ្វើឲ្យ មានជីវិតអមតៈ។ ហើយរឿងនេះក៏មានពាក់ព័ន្ធនឹងរឿងតំណាល ពីរឿងចន្ទគ្រាសនិងសូរគ្រាស ដែលកើតឡើងដោយសារតែព្រះចន្ទនិងព្រះអាទិត្យ ជាអ្នកទៅរាយការណ៍ដល់ព្រះវិស្ណុ ថារាហ៊ូបានបន្លំខ្លួនមកយកទឹកអម្រឹត។ ដូច្នេះ ធ្វើឲ្យរាហ៊ូខឹងយ៉ាងខ្លាំង និងតាំងចិត្តថា ឲ្យតែបានជួបព្រះអាទិត្យនិង

ព្រះចន្ទ ទោះនៅពេលណាក៏ដោយ គឺចាប់ខាំលេបឱ្យស្លាប់តែម្ដង។ ដូច្នេះ យើងឃើញថា ជារៀងរាល់ឆ្នាំតែងមានបាតុភូតនេះកើតឡើង ទាំងព្រះអាទិត្យក្ដី ព្រះចន្ទក្ដី តែងតែត្រូវរាហ៊ូចាប់ខាំលេប។ បើលេបនៅពេលថ្ងៃ គេហៅថាសូគ្រាស តែបើលេបនៅពេលយប់ គេហៅថាចន្ទគ្រាស។

នៅពេលកំពុងកូសមុទ្រទឹកដោះ លុះកូយូរៗទៅ ធ្វើឲ្យពស់មានការហត់នឿយ ហើយចង់បញ្ចេញពិសមកក្រៅ។ ដោយសារពិសពស់មានជាតិពុលខ្លាំង មិនអាចទម្លាក់ចោលមកលើផែនដីបាន ព្រោះអាចធ្វើឱ្យឆេះផែនដី​ ទើបព្រះសិវៈ ស្ម័គ្រចិត្តមកយកពិសពស់។ ព្រះសិវៈក៏ពុំអាចលេបពិសពស់នេះ ចូលទៅក្នុងខ្លួនបានដែរ ពុំនោះសោតនឹងធ្វើឱ្យរលាយខ្លួន ដូច្នេះព្រះអង្គក៏សម្រេចចិត្តលេចទុកត្រឹមក ជាហេតុបណ្តាលឲ្យមួយកំណាត់ត្រឹមកឡើងលើ របស់ព្រះអង្គ មានពណ៌ខ្មៅជាំ ដែលគេហៅថា ព្រះសិវៈ ហាឡាហាឡា គឺព្រះអង្គមានកជាំនិលកណ្ឋៈ គឺពណ៌ជាំខ្មៅដូចគ្រាប់និល។

ជាលទ្ធផលនៃការកូសមុទ្រទឹកដោះ គឺពួកអាទិពេទជាអ្នកប្រមូលបានទឹកអម្រឹតទាំងអស់ ដែលបណ្តាលឱ្យពួកអទិទេពគ្រប់អង្គមានជីវិតអមតៈ ដូចក្នុងរឿងព្រេងតំណាល។

សរុបសេចក្ដី ក្រោយពីបានទស្សនា នៅប្រាសាទអង្គរវត្ត នៅផ្ទាំងខាងកើតចំហៀងខាងត្បូងដែលផ្តោតលើចម្លាក់ រឿងរ៉ាវកូសមុទ្រទឹកដោះ គឺគ្មានអ្វីប្លែកខុសពីជីវភាពរស់នៅប្រចាំថ្ងៃ របស់យើងទេ។ បញ្ហាជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ មានមួយភាគជាភាពងងឹត គឺនៅពេលយើងឃ្លាន យើងមួរម៉ៅ យើងនឹងក្លាយជាអាសុរៈ។ លុះពេលយើងញ៉ាំឆ្អែត សប្បាយរីករាយ យើងក៏ប្រែក្លាយជាទេវៈ ហើយបើយើងញ៉ាំឆ្អែត ជីវិតយើងចេះតែបន្ត នោះហើយជាជីវិតអមតៈ។

———

បរិយាយដោយ៖ សាស្រ្តាចារ្យ ថ្លាង សាឃឿន

ផលិតដោយ៖ ក្រុមការងារ លោក សុខ ជំនោរ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner