សាវតារលើជញ្ជាំង ភាគទី៦: សង្គ្រាមជើងទឹករវាងខ្មែរនិងចាម

ថែវខាងត្បូងស្លាបខាងកើត នៃប្រាសាទបាយ័ន ថែវនេះគឺរៀបរាប់លម្អិត អំពីសង្គ្រាមជើងទឹករវាងខ្មែរនិងចាម។ 

ចាប់ផ្ដើមដំបូង ពីរូបធំមួយដែលកំពុងអង្គុយធ្វើសាវនាការ ហើយយើងសន្និដ្ឋានថា ជារូបព្រះបាទជ័យរវ្ម័នទី៧។ ក្រៅពីនោះ ឃើញមានរូបកងទ័ពជិះទូក ដែលមានប្រើសុទ្ធតែលំពែង។ 

រីឯផ្នែកម្ខាងទៀត គឺជាកងទ័ពចាម ដោយមានលក្ខណៈសម្គាល់សំខាន់គឺ មានពាក់មួករាងសំបកផ្កាឈូកផ្កាប់ មានអ្នកអុំ និងមានអ្នកប្រយុទ្ធដូចកងទ័ពខ្មែរយើងដែរ និងត្រូវលំពែងចាក់ត្រូវធ្លាក់ចូលទឹកបន្តតាម។

មានរូបចម្លាក់គ្រូពេទ្យកំពុងតែពិនិត្យជំងឺ ដែលមានអ្នកឈឺដេករង់ចាំការពិនិត្យ។ ហើយក៏ មានចម្លាក់ពីការជល់មាន់ ធ្វើម្ហូប ចាប់ត្រីស្ងោរ មានការជល់ជ្រូក ម្ដាយប្រឡែងជាមួយកូន និងមានរូបឈឺពោះឆ្លងទន្លេ ព្រោះយើងបានដឹងហើយថា នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានកសាងមន្ទីរពេទ្យ និងសាលាសំណាក់ជាច្រើន ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាជន ។ 

ចំណែករូបនៅម្ខាងទៀត មានការភ័ន្តច្រឡំជាច្រើនថា ដោយយើងឃើញមានកងទ័ពអុំទូករបស់ខ្មែរអង្គុយអុំទូក រីឯកងទ័ពចាមដែលមានសម្លៀកបំពាក់ជាចាម ឈរអុំទូកកាន់អាវុធប្រយុទ្ធ។ អ្នកខ្លះមិនយល់ពីប្រវត្តិសាស្ត្រ បានលើកឡើងថាជាកងទ័ពខ្មែរ ត្រូវកងទ័ពចាមចាប់យកទៅធ្វើជាសឹក ប៉ុន្តែមិនមែនដូច្នេះឡើយ ព្រោះចម្លាក់នេះសំដៅលើកងទ័ពចាមមួយផ្នែកនេះ ឋិតនៅក្រោមបញ្ជាគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រោះព្រះអង្គមានកូនធម៌ជាព្រះអង្គម្ចាស់ចាម។

នៅពេលវិលមករំដោះប្រទេស លោកបានឲ្យព្រះអង្គម្ចាស់ចាមជាកូនធម៌ កែនទ័ពចាមមកជួយវាយចាមដែលរំលោភបំពានទឹកដីអាណាចក្រខ្មែរ ឲ្យផុតពីទឹកដីយើង ហើយជាលទ្ធផលទ័ពចាមពេលនោះចាញ់ ហើយបានដកទ័ព និងរត់រប៉ាត់រប៉ាយអស់។ 

យើងឃើញមានចម្លាក់រូបកំពុងឈូសដាប់ និងរូបដែលសំខាន់នោះគឺការអាំងត្រីជាដំបុតៗ។ នេះបញ្ជាក់ច្បាស់ មានក្បាច់ភ្ញីភ្លើង បញ្ជាក់ថាជាអណ្ដាតភ្លើងស្រុះជ្រូក ហើយនៅពេលភ្លើងមិនសូវឆេះ ក៏មានអ្នកឈ្ងោកផ្លុំភ្លើងបន្ថែមដើម្បីដាំស្ល។ ក៏មានចម្លាក់ពីការដឹកជញ្ជូនម្ហូប និងមានគ្របយ៉ាងល្អដោយគម្រប ដោយការកាន់ទូល លើកដាក់បន្តគ្នាយ៉ាងមានរបៀប និងអនាម័យ។

ដោយឡែក ចម្លាក់នៅខាងចុង លើកឡើងអំពីការយកថ្មមកកសាងប្រាសាទ។ ដូច្នេះ សូមឈប់យល់ច្រឡំអំពីថ្មភក់ដែលយកមកធ្វើប្រាសាទ ព្រោះកាលនោះ ថ្មភក់ពេលមិនទាន់ច្នៃ មានសភាពទន់នៅឡើយ ដែលផ្តល់នូវភាពងាយស្រួលក្នុងការដាក់ និងដាក់បញ្ចូលតំរៀបបន្តគ្នា​ ដើម្បីកសាងប្រាសាទបានយ៉ាងល្អឥតខ្ចោះនេះ។

បញ្ជាក់អំពីកងទ័ពចាម និងកងទ័ពខ្មែរនៅលើទូកតែមួយ ដែលមានកងទ័ពខ្មែរជាអ្នកអុំនោះ គឺកងទ័ពជំនួយរបស់ព្រះបាទជ័យវរ្ម័នទី៧។ ពេលដែលប្រទេសយើងគ្រប់គ្រងចាមនៅភាគខាងជើង ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គទ្រង់ពុំទាន់បានសោយរាជ្យទេ ក្នុងនាមជាព្រះជ័យវធ៌ន លោកបានធ្វើទេសាភិបាលគ្រប់គ្រងចាមនៅទីនោះ។ ក្នុងពេលដែលព្រះអង្គស្នាក់នៅទីនោះ ទ្រង់ក៏បានយកព្រះអង្គម្ចាស់ចាមម្នាក់ធ្វើជាកូនធម៌។ ដល់ពេលចាមខាងត្បូងចូលមកវាយលុក និងកាន់កាប់ទីក្រុងអង្គរ ព្រះអង្គម្ចាស់ជ័យវធ៌ន បានត្រឡប់មកវិញដោយនាំទាំងកងទ័ពចាមមកជាជំនួយក្នុងការច្បាំងផង។

——–

បរិយាយដោយ៖ សាស្រ្តាចារ្យ ថ្លាង សាឃឿន

ផលិតដោយ៖ ក្រុមការងារ លោក សុខ ជំនោរ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner