មនុស្សជាង ៥០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី ៣សីហា

អត្ថបទដោយ៖
ធី ដា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី៤សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៣សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន៣៧២ ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន៥៤៨នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន២១៥គ្រឿង និង ពិន័យជាប្រាក់ចំនួ ៣២លានរៀលផងដែរ។

ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ ប្រភេទ Delta ក្នុងសហគមន៍ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប។ រាជរដ្ឋាភិបាលកាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨នៅតំបន់ព្រំដែនកម្ពុជា និងថៃ រួមកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៩កក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២សីហា ឆ្នាំ២០២១។

ជាមួយគ្នានោះ រាជធានី ភ្នំពេញ និងខេត្តមួយចំនួន ត្រូវគេឃើញបានដាក់ចេញវិធានការរដ្ឋបាល និងបម្រាមគោចរផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner