សាវតារលើជញ្ជាំង ភាគទី៨: ទស្សវិជ្ជាព្រះបាទជ័យវរ្ម័នទី៧

ប្រាសាទបាយ័ន គឺជាស្នាមព្រះហស្ថមួយ ក្នុងចំណោមស្នាមព្រះហស្តជាច្រើន របស់ព្រះបាទជ័យរវ្ម័នទី៧។ ប្រាសាទបាយ័ន គឺជាប្រាសាទភ្នំ កសាងឡើងដើម្បីឧទ្ទិសដល់ ព្រះពុទ្ធសាសនាមហាយាន្ត។ ប្រាសាទភ្នំ ជាប្រាសាទសម្រាប់រាជ្យ ជាប្រាសាទដែលចាប់ផ្ដើមមានឡើងក្នុងអរិយធម៌អង្គរ។

ចាប់តាំងពីរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧មក គ្រប់រាជ្រស្ដេចក្រោយៗទាំងអស់ ត្រូវកសាងប្រាសាទសម្រាប់ឧទ្ទិសដល់បុព្វការីជនគ្រប់ជំនាន់។

ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានកសាងបារាយណ៍ខាងជើង ដើម្បីយកទឹកប្រើប្រាស់ និងកសាងប្រាសាទភ្នំ ដើម្បីឧទ្ទិសដល់បុព្វការីជន និងដើម្បីរាជ្យ ឬសម្រាប់ដាក់សពខ្លួនឯង។ 

ថ្វីត្បិតតែព្រះអង្គបានបែរមកកាន់ពុទ្ធសានាមហាយាន្ត ដែលខុសពីឆ្ងាយពីព្រះបាទមុនៗក៏ដោយ ប៉ុន្តែព្រះអង្គនៅតែគោរពដល់គោលការណ៍នៃអរិយធម៌អង្គរដដែល។ ពោលគឺ ព្រះអង្គនៅតែមានព្រះទ័យទូលំទូលាយដល់ព្រាហ្មសាសនិកទាំងអស់។ 

គ្រប់សំណង់ ព្រះបាទជ័យវរ្ម័នទី៧ ទាំងអស់ សុទ្ធតែមានមុខបួន ទាំងប្រាង្គ និងខ្លោងទ្វារប្រាសាទ ដែលធ្វើឱ្យមានការសន្និដ្ឋានថា ជាព្រហ្មវិហារធម៌ទាំង៤ មាន៖ មេត្តា​ ករុណា មុទិតា និងឧបេក្ខា។

តាមរយៈក្រសែភ្នែកប្រឹមៗ របស់ព្រះព្រហ្មណ៍ទាំងអស់ គឺបានសេចក្ដីថា ជាការសញ្ជប់សញ្ជឹងគិត ដែលសមនឹងសិលាចារឹកសាយហ្វុង (សព្វថ្ងៃនៅប្រទេសថៃ) ដែលជាពំនោលរបស់ព្រះបាទជ័យវរ្ម័នទី៧ ពោលថា ”ទុក្ខសោករបស់ប្រជាជន គឺជាទុក្ខសោករបស់ព្រះមហាក្សត្រ។”

ព្រះអង្គក៏បានកសាងប្រាសាទជាច្រើនផ្សេងទៀត នៅក្នុងតំបន់អង្គរ ក្នុងនោះមាន៖

  • ប្រាសាទបាយ័ន            ឧទ្ទិសដល់បុព្វការីជន            
  • ប្រាសាទព្រះខ័ន            ឧទ្ទិសដល់បិតារបស់ទ្រង់
  • ប្រាសាទតាព្រហ្មណ៍        ឧទ្ទិសដល់ព្រះមាតារបស់ទ្រង់ 
  • ប្រាសាទបន្ទាយក្ដី           ឧទ្ទិសដល់បុព្វការីជន
  • ប្រាសាទបន្ទាយឆ្មារ         ឧទ្ទិសដល់បុត្ររបស់ព្រះអង្គ ដែលបានពលីជិវិតក្នុងសង្រ្គាមរំដោះទឹកដី 

ព្រះអង្គក៏បានកសាងប្រាសាទ នៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។ ក្រៅពីកសាងប្រាសាទ ព្រះអង្គក៏បានកសាងផ្លូវយ៉ាងវែង ចេញពីទីក្រុងអង្គរ ទៅទីក្រុងភីម៉ៃ ផ្នែកខាងលិច ផ្នែកខាងកើត រហូតទៅដល់ទឹលដីឡាវសព្វថ្ងៃ។

មិនតែប៉ុណ្ណោះ ព្រះអង្គបានកសាងទាំងផ្លូវលំ និងស្ពាន ជាច្រើនកន្លែង ហើយគ្រប់ផ្លូវទាំងអស់ សុទ្ធតែមានកសាងសាលាសំណាក់បន្ថែម សរុបចំនួន ១២១សាលាសំណាក់ នៅតាមបណ្ដោយ

ផ្លូវ ដើម្បីឱ្យប្រជាជនដែលធ្វើដំណើរទៅមក បានចូលសម្រាក ហើយគ្រប់សាលាសំណាក់ទាំងអស់ សុទ្ធតែមានឆ្មាំនៅថែរក្សាការពារ។ 

ព្រះអង្គក៏បានកសាងមន្ទីរពេទ្យ ចំនួន ១០២កន្លែង ទូទាំងប្រទេសថែមទៀត ដើម្បីកុំឱ្យអ្នកជំងឺធ្វើដំណើរទៅព្យាបាលឆ្ងាយ។

ព្រះបាទជ័វរ្ម័នទី៧ បានកសាងស្នាមព្រហស្តយ៉ាងច្រើនរាប់មិនអស់ នៅក្នុងរាជ្យរបស់ព្រះអង្គ។ ហេតុដូច្នេះហើយ បានជាធ្វើឱ្យអ្នកប្រាជ្ញ និងអ្នកប្រវត្តិសាស្ត្រជាច្រើន លើកតម្កើងព្រះអង្គ ថាជាមហាវីរក្សត្រក្នុងប្រវត្តិសាស្ត្រ នៃចក្រភពអង្គរដ៏រុងរឿង។

———

បរិយាយដោយ៖ សាស្រ្តាចារ្យ ថ្លាង សាឃឿន

ផលិតដោយ៖ ក្រុមការងារ លោក សុខ ជំនោរ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner