ប៉ូឡូញនឹងរំលាយវិន័យ នៃអង្គជំនុំជម្រះ របស់ចៅក្រម ដើម្បីបំពេញតាមការទាមទាររបស់សហភាពអឺរ៉ុប

វ៉ាសូវី៖ ​​ប្រមុខ​គណបក្ស​​ច្បាប់​និង​យុត្តិធម៌ ​​(PiS) ​ដែល​កំពុង​កាន់​អំណាច​​របស់​ប៉ូឡូញ​បាន​ប្រកាស​ថា​ ប៉ូឡូញ​នឹង​លុប​ចោល​ប្រព័ន្ធ​វិន័យ​សម្រាប់​ចៅក្រម​ដែល​តុលាការ​កំពូល​​សហភាព​អឺរ៉ុប​ចោទ​ថា​បាន​​រំលោភ​ច្បាប់​របស់​ប្លុកសហគមន៍​អ៊ឺរ៉ុប​ ​ដើម្បី​បន្ថយ​ទម្ងន់​នៃ​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញ​វត្ថុ​ប្រឆាំង​នឹង​ប្រទេស​នេះ​។​

​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ លោក​ Jaroslaw ​Kaczynski​ ​ឧបនាយក​រដ្ឋ​មន្ត្រី​ផង​ដែរ​នោះ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​រដ្ឋ​ថា​ ​ប្រធាន​បទ​នៃ​ជម្លោះ​នឹង​រលាយ​បាត់​ ក្រោយ​ពេល​ដែល​វិន័យ​នៃ​អង្គ​ជំនុំ​ជម្រះ​របស់​ចៅក្រម​ត្រូវ​បាន​លុប​ចោល​។​

​គណៈកម្មការ​អ៊ឺរ៉ុប​​​ដាក់​ថ្ងៃ​កំណត់​ទី​ ១៦ ​សីហា​ ដើម្បី​ឱ្យ​​ប៉ូឡូញ​រំសាយ​វិន័យ​នៃ​អង្គ​ជំនុំ​ជម្រះ​ ដែល​សហភាព​អឺរ៉ុប​និយាយ​ថា​ បង្កើត​ឡើង​​ដើម្បី​ដាក់​សម្ពាធ​ចៅក្រម​ ឬ​ដើម្បី​គ្រប់​គ្រង​នយោបាយ​លើ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ ហើយ​បំពាន​ច្បាប់​របស់​ប្លុក​។​

​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ PiS ប្រទេស​​ប៉ូឡូញ​បាន​ប៉ះ​ទង្គិច​ជាមួយ​សហភាព​អឺរ៉ុប​លើ​ផ្នែក​មួយ​ចំនួន​ដូច​ជា​ ឯករាជ្យ​ភាព​របស់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ និង​​សិទ្ធិ​របស់​ជន​ចំណាក​ស្រុក​ ស្ត្រី ​និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​ដើម​។​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ខ្លះ​និយាយ​ថា​ ការ​រំលាយ​វិន័យ​នៃ​អង្គ​ជំនុំ​ជម្រះ​ នឹង​នៅ​តែ​មិន​គ្រប់​គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​តុលាការ​កំពូល​​សហ​ភាព​អឺរ៉ុប​​​។

លោក​ Laurent ​Pech ​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​អឺរ៉ុប​នៅ​សាកល​វិទ្យាល័យ​ Middlesex ​ក្នុង​ទីក្រុង​ឡុងដ៍​បាន​និយាយ​ថា​៖​ «​ប្រសិន​បើ​ពួក​គេ​ចង់​គោរព​តាម​ច្បាប់​របស់​សហភាព​អឺរ៉ុប​វា​ពិត​ជា​សាមញ្ញ​ណាស់​ ដោយ​ពួក​គេ​ត្រូវ​តែ​កុំ​ធ្វើ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​​បាន​ធ្វើ​អស់​រយៈ​ពេល​ ៥ ​ឆ្នាំ​មក​នេះ​។​ បើ​មិន​អញ្ចឹង​ គ្មាន​វិធី​ណា​ផ្សេង​ទេ​»​។​ លោក​និយាយ​បែប​នេះ​ដោយ​សំដៅ​ទៅ​លើ​វិធានការ​ជា​បន្ត​បន្ទាប់​ដូច​ជា​ កំណែ​ទម្រង់​ទៅ​សាលា​ក្តី​ធម្មនុញ្ញ​ ដែល​នឹងកំ​ណត់​នៅ​ខែ​នេះ​ថា​តើ​រដ្ឋ​ធម្មនុញ្ញ​ប៉ូឡូញ​ មាន​អាទិភាព​ជាង​សន្ធិសញ្ញា​សហភាព​អឺរ៉ុប​ឬ​អត់​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner