អត្ថាធិប្បាយ៖ ឯករាជ្យ និងអធិបតេយ្យ គឺជាដួងព្រលឹងរបស់ជាតិ

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ សារព័ត៌មាន រួមទាំងបណ្តាញសង្គម បានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានធ្វើអត្ថាធិប្បាយជាច្រើនទៅលើសភាពការណ៍នៅអាហ្វហ្កានីស្ថាន ក្រោយពេលអាមេរិកទទួលបរាជ័យ ហើយពួកតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុល។ អ្នកខ្លះបានធ្វើការប្រៀបធៀបអំពីភាពបរាជ័យរបស់អាមេរិក និងការរត់ចោលសម្ព័ន្ធមិត្តរបស់ខ្លួននៅប្រទេសអាហ្វហ្កានីស្ថានទៅនឹងសភាពការណ៍នៅទីក្រុងសៃហ្កននៃប្រទេសវៀតណាម និងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ១៩៧៥។ នៅក្នុងការប្រៀបធៀបនេះ មានមតិភាគច្រើនបានធ្វើការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា ជាមហាអំណាចមួយដែលសម្ព័ន្ធមិនត្រូវទុកចិត្តពីព្រោះថា នៅពេលដែលអស់ផលប្រយោជន៍អាមេរិកនឹងដោះដៃចោលយករួចខ្លួន។ មតិខ្លះទៀតបានដាក់កំហុសទៅលើអាមេរិកថាជាដៃភ្លើង ជើងមាន់ ទៅដល់ទីណាទីនោះនឹងរលាយខ្ទេចខ្ទី មានតែមហាវិនាសកម្ម ការបំផ្លិចបំផ្លាញ និងសង្រ្គាមរុំារ៉ៃ។ មតិមួយចំនួនទៀតបានដាស់តឿនយុវជនជំនាន់ក្រោយ ជាពិសេសពួកបរទេសនិយមឲ្យធ្វើការសិក្សាស៊ីជម្រៅពីមេរៀនដ៏ជូរចត់នេះ ទាំងមេរៀននៅទីក្រុងសៃហ្កន នៅភ្នំពេញ និងចុងក្រោយនេះនៅទីក្រុងកាប៊ុល។ យើងមិនធ្វើការវែកញែកអំពីបញ្ហានេះទេ។

ចំពោះសភាពការណ៍អាហ្វហ្កានីស្ថាន គឺទុកឱ្យប្រជាជននៅ អាហ្វហ្កានីស្ថានដែលបានឆ្លងកាត់សង្រ្គាមអស់រយៈពេលប្រមាណ៤២ឆ្នាំ ជាអ្នកធ្វើការសម្រេចចិត្តចំពោះជោគវាសនាជាតិ មាតុភូមិរបស់ខ្លួនដោយខ្លួនឯងទៅចុះ។ ប៉ុន្តែប្រជាជនអាហ្វហ្កានីស្ថានក៏ត្រូវតែយល់ដឹងអំពីសោកនាដកម្មនៅក្នុងភ្នក់ភ្លើងសង្រ្គាម ហើយក៏ត្រូវយល់ថាវាបានចាប់ផ្តើមពីអ្វី? ចាប់តាំងពីក្រោយរដ្ឋប្រហារបង្ហូរឈាមឆ្នាំ១៩៧៨ និងការឡើងកាន់អំណាចនៃរបបកុម្មុយនីស្តដែលគាំទ្រដោយអតីតសាធារណរដ្ឋសង្គមនិយម សហភាពសូវៀតរហូតមកដល់ការកាន់អំណាចជាលើកទី១របស់ពួកតាលីបង់ ក្នុងអំឡុងទសវត្សឆ្នាំ១៩៩០ និងបន្ទាប់មក មានការឈ្លានពានរបស់អាមេរិកនៅដើមទសវត្សឆ្នាំ២០០០ ដោយលើកបន្តុបរបបមួយដែលស្និទ្ធនឹងខ្លួនឱ្យឡើងកាន់អំណាចរហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពួកតាលីបង់ក៏បានវាយផ្តួលរំលំ និងឡើងមកកាន់អំណាចជាលើកទី២។ កត្តាសំខាន់គឺអាហ្វហ្កានីស្ថានបានបាត់បង់ឯករាជ្យ និងអធិបតេយ្យជាតិរបស់ខ្លួនតាំងពីក្រោយរដ្ឋប្រហារឆ្នាំ១៩៧៨ រហូតមកដល់ថ្ងៃនេះ។ ប្រទេសមួយដែលបាត់បង់ឯករាជ្យ និងអធិបតេយ្យ ប្រជាជាតិមួយដែលលែងមានសិទ្ធិស្វ័យសម្រេចក្នុងការកំណត់ជោគវាសនារបស់ខ្លួន និងមាតុភូមិខ្លួនហើយនោះ តើមាននៅសល់អ្វីក្រៅពីមហាសោកនាដកម្ម និងគ្រោះមហន្តរាយ?

ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់រួចអស់ហើយនូវអ្វីដែលធ្លាប់បានកើតមាន និងកំពុងកើតមាននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នៅពេលដែលកម្ពុជាបាត់បង់ឯករាជ្យ និងអធិបតេយ្យជាតិកម្ពុជាបានក្លាយទៅជាឋាននរកនៃភ្លើងសង្រ្គាម ជាឋាននរកនៃរបបប្រល័យពូជសាសន៍។ រដ្ឋប្រហារ១៨មីនា ឆ្នាំ១៩៧០ គឺជាថ្ងៃដែលបនក្បត់ជាតិ លន់ នល់ សិរិមតៈ បានយកឯករាជ្យ និងអធិបតេយ្យ ដែលជាដួងព្រលឹងរបស់ជាតិកម្ពុជា ទៅលក់យ៉ាងថោកទាបបំផុតឱ្យពួកបរទេស។ បន្ទាប់ពីនោះ ភ្លើងសង្រ្គាមបានឆាបឆេះឡើងនៅកម្ពុជា។ តាមពិតទៅឯករាជ្យ និងអធិបតេយ្យជាតិកម្ពុជា បានទទួលរងការគំរាមកំហែងតាំងពីឆ្នាំ១៩៥៥មកម្ល៉េះ ដែលពេលនោះ ដោយភ័យខ្លាចការរីករាលដាលនៃលទ្ធិកុម្មុយនីស្តដែលមានឥទ្ធិពលនៅក្នុងតំបន់ និងពិភពលោក ពួកបរទេសបានធ្វើជាអាណិតអាសូរខ្លាចកម្ពុជាក្លាយទៅជាជនរងគ្រោះដោយសារការវាត់ទីនៃលទ្ធិកុម្មុយនីស្ត ភ័យព្រួយខ្លាចកម្ពុជាបាត់បង់ឯករាជ្យ និងអធិបតេយ្យជាតិ ហើយប្រឹងអូសទាញកម្ពុជាឱ្យចូលទៅក្នុងគន្លងពួកគេ។ ប៉ុន្តែអ្វីដែលជាការប៉ងប្រាថ្នានេះមិនបានសម្រេចទេ រហូតទាល់តែ១៥ឆ្នាំក្រោយមក គឺថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ គឺពួកបរទេសដែលភ័យខ្លាចកម្ពុជាបាត់បង់ឯករាជ្យ និងអធិបតេយ្យនេះឯងជាអ្នកជាន់ឈ្លីដោយផ្ទាល់នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។

ចាប់តាំងពីថ្ងៃរដ្ឋប្រហារឆ្នាំ១៩៧០ រហូតមកដល់ថ្ងៃនេះ មានរយៈពេល៥១ឆ្នាំហើយ កម្ពុជាបានឆ្លងកាត់នូវរបបសង្គមជាច្រើន ទាំងរបបសាធារណរដ្ឋខ្មែរ របបកម្ពុជាប្រជាធិបតេយ្យ របបសាធារណរដ្ឋប្រមានិតកម្ពុជា -រដ្ឋកម្ពុជា របបរាជានិយមទី២។ ប្រជាជនកម្ពុជាបានភ្លក្សគ្រប់រសជាតិនៃរបបសង្គមទាំងនោះ ហើយបានដកពិសោធន៍ជាមេរៀន មើលឃើញថា នៅពេលដែលប្រទេសរក្សាការពារបានឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី បានពេញលេញនោះទេទើបប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ ប្រជាជនក៏បានរស់នៅក្នុងភាពសុខដុមរមនា។ បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ដ៏ឆ្នើមបានធ្វើឲ្យកម្ពុជារក្សាបានគង់វង្សនូវខឿនឯករាជ្យ និងអធិបតេយ្យជាតិយ៉ាងពេញបរិបូណ៍ ហើយកម្ពុជាបានរស់នៅដោយស្មើសិទ្ធិ ស្មើភាពជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោកតាមរយៈការអនុវត្តគោលនយោបាយការបរទេស ”កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។

ប៉ុន្តែទោះយ៉ាងនេះក្តីក៏មិនមែនមានន័យថា ឯករាជ្យ និងអធិបតេយ្យជាតិកម្ពុជា មិនទទួលរងការគំរាមកំហែង និងការរំលោភបំពាននោះទេ។ ពួកគេបានសាកល្បងម្តងហើយម្តងទៀត ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់តាមគ្រប់មធ្យោបាយទាំងអស់ រាប់ទាំងការធ្វើបដិវត្តន៍ពណ៌ផងដែរ។ មានអ្នកនយោបាយខ្មែរនិយមបរទេសមួយក្តាប់តូច ដោយសារតែមហិច្ឆតាអំណាចសុទ្ធចិត្តលូនឱនក្បាលប៉ុនប៉ងយកឯករាជ្យ និងអធិបតេយ្យជាតិទៅបំផ្លាញចោល។ ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើនលើសលប់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតដាច់ខាត ព្រមទាំងបានធ្វើការផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ធ្វើឱ្យពួកនេះទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ និងលែងងើបក្បាលរួច។ មានករណីមួយទៀតដែលយើងត្រូវចាប់អារម្មណ៍ គឺមួយរយៈនេះ មានពួកបរទេសខ្លះបានមកធ្វើជាឈឺឆ្អាលជំនួសកម្ពុជា ភ័យខ្លាចកម្ពុជាបាត់បង់ឯករាជ្យ អធិបតេយ្យ ដោយចោទប្រកាន់ថា កម្ពុជាបានផ្តល់ទឹកដីឱ្យចិនមកដាក់ទីតាំងយោធា ហើយការឈឺឆ្អាលដែលមានបង្កប់ដោយរបៀបវារៈនយោបាយវាដូចគ្នាទៅនឹងស្ថានភាពកាលពីឆ្នាំ១៩៥៥អ៊ីចឹងដែរ។ កលល្បិចនយោបាយនេះ ពឹសពុលខ្លាំងណាស់ ប៉ុន្តែមេរៀនពីអតីតកាលនៅតែដិតជាប់ក្នុងអារម្មណ៍របស់ប្រជាជនកម្ពុជាគ្រប់ៗរូប ហើយមិនអនុញ្ញាតឱ្យវាវិលត្រឡប់មកវិញជាដាច់ខាត។ កម្ពុជាទសវត្សឆ្នាំទី៥០ ខុសគ្នាពីកម្ពុជាដើមសតវត្សន៍ទី២១ នៃយុគសម័យរបស់តេជោសែន។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាត្រូវរួមសាមគ្គី ប្រកៀកស្មារគ្នាយ៉ាងរឹងមាំ ការពារឱ្យបានឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ខ្លួន។ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី គឺជាដួងព្រលឹងរបស់ជាតិ និងមានតម្លៃលើសពីអាយុជិវិតរបស់យើងគ្រប់គ្នា ហើយដែលយើងត្រូវតែការពារឱ្យបានរឹងមាំតាមរយៈការពង្រឹងស្មារតីស្នេហាជាតិដ៏បរិសុទ្ធ មិនក្រាប មិនឱនក្បាល មិនលុតជង្គង់ មិនទទួលយកការគំរាមកំហែង មិនលក់ខ្លួនបម្រើបរទេសដែលធ្វើឲ្យបាត់បង់កិត្តិយស បាត់បង់សិទ្ធិស្វ័យសម្រេច និងបាត់បង់សេចក្តីថ្លៃថ្នូររបស់ជាតិ៕
ដោយ៖ ទស្សនាវដ្តីប្រជាជន

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner