លោក ហ៊ុន កុសល៖ភាគីលោក សម រង្ស៊ី មិនមានភាពស្មោះត្រង់ក្នុងការបង្ហាញការពិតរឿងបង្កើតគណបក្សបេះដូងជាតិ

ភ្នំពេញៈ លោក ហ៊ុន កុសល មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សរបស់លោក កឹម សុខា បានថ្លែងថា ជារឿងគួរឱ្យអាម៉ាស់បំផុត ដែលមេដឹកនាំនយោបាយជាន់ខ្ពស់ភាគីលោក សម រង្ស៊ី មិនមានភាពស្មោះត្រង់ក្នុងការបង្ហាញការពិតថា ខ្លួនពិតជាអ្នកនៅពីក្រោយនៃការបង្កើតគណបក្សបេះដូងជាតិ មែនឬអត់? បើដូច្នេះ តើពួកគេអាចធ្វើជាមេដឹកនាំនយោបាយសុចរិតសម្រាប់ពលរដ្ឋខ្មែរបន្តទៀតបានដោយរបៀបណា?។

លោក ហ៊ុន កុសល បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៨ ខែសីហា នេះថា លោកមានការសោកស្តាយជាពន់ពេក ចំពោះការទទួលខុសត្រូវរបស់លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ។ ការបង្កើតគណបក្សនយោបាយវាជាសិទ្ធិសរីភាពទេ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះ គឺត្រង់ថា លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ហើយបែរជាទៅគាំទ្រគណបក្សថ្មី (គណបក្សបេះដូងជាតិ) ដែលទើបតែបង្កើតឡើង។ ដូច្នេះចំណុចនេះ មានន័យថា លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ គឺបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍រួបរួមនៃគណបក្សសង្គ្រោះជាតិ ហើយសង្គ្រោះជាតិមិនតម្រូវឱ្យមន្ត្រីរបស់ខ្លួនដើរធ្វើកិច្ចការងាររប៉ាត់រប៉ាយម្តងបង្កើតចលនាបង្កើតគណបក្សសង្គ្រោះជាតិ ក្រៅប្រទេស ហៅកាត់ CNRP-O និងបង្កើតគណបក្សពេញទឹកពេញដីអ៊ីចឹងទេ។ ចំណុចនេះគឺ លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ មិនមានការទទួលខុសត្រូវទេ។ ហើយរឿងដែលកាន់តែមិនគួរឱ្យសរសើរបំផុតនោះ គឺពួកគាត់បង្កើតបក្សហើយ គាត់មិនមានភាពក្លាហាននៅក្នុងការទទួលខុសត្រូវលើទង្វើរបស់ខ្លួនឯងទៀត។

លោកបានបញ្ជាក់ថា “ភាគីលោក សម រង្ស៊ី មិនត្រឹមតែកំសាកនៅក្នុងការតទល់ជាមួយគណបក្សប្រជាជន ឬប្រឈមបញ្ហាជាមួយប្រជាពលរដ្ឋទេ គាត់កំសាកសូមបីរឿងទៅបង្កើតគណបក្សរបស់ខ្លួនឯងសោះ (គណបក្សបេះដូងជាតិ) គឺជាគណបក្សរបស់ភាគីលោក សម រង្ស៊ី ហើយ តែគាត់ខ្វះភាពក្លាហាននៅក្នុងការបង្ហាញសមត្ថភាព បង្ហាញជំហររបស់ខ្លួនឯងឲ្យបានច្បាស់លាស់។ គាត់ពិតជាកំសាកមិនមែនទែន។ ចំណុច អ្វីដែលខ្ញុំថា កំសាកត្រង់ថា បក្សដែលបង្កើតឡើងហើយ បើកាលណាយើងមិនហ៊ានចេញមុខទទួលខុសត្រូវតើទៅរកការគាំទ្រឯណា? ហើយវាជាការបំផ្លាញស្មារតីរួបរួមគណបក្សសង្គ្រោះជាតិធ្ងន់ធ្ងរមែនទែន កាលណាយើងចេញទៅបង្កើតបក្សថ្មីៗអ៊ីចឹងវាអត់ត្រឹមត្រូវទេ។ បើនិយាយពីសិទ្ធិវាជាសិទ្ធិហើយ បើនិយាយពីនយោបាយវាជារឿងមួយផ្សេងទៀត ជាពិសេសស្មារតីរបស់គណបក្សសង្គ្រោះជាតិ ទោះបីជាត្រូវបានរំលាយក៏ដោយ ប៉ុន្តែបើកាលណាមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនធ្វើរឿងផ្តេសផ្តាស មិនរត់ចោលគ្នា មិនទៅបង្កើតបក្ស វាជាការបង្ហាញនូវស្មារតីរួបរូមកម្រិតគួរឲ្យសរសើរ”។

លោក ហ៊ុន កុសល បានបន្តថា ពាក់ព័ន្ធនឹងទង្វើសុច្ចរិតនៅក្នុងនយោបាយនេះ យើងកុំរំពឹងថា ចាំខ្ញុំបានឡើងកាន់អំណាចចាំខ្ញុំធ្វើទង្វើសុច្ចរិត។ ការគិតរបៀបនេះ គឺជាកំហុសធ្ងន់ធ្ងរមែនទែន។ ដើម្បីក្លាយខ្លួនជាអ្នកនយោបាយដែលមានការទទួលខុសត្រូវខ្ពស់នៅក្នុងបញ្ហាជាតិ សុច្ចរិតភាពរបស់បុគ្គល គឺជារឿងចាំបាច់បំផុត។ ហើយសុចរិតភាពរបស់បុគ្គលនេះ មានកត្តារួមផ្សំច្រើន តែនៅក្នុងបច្ចេកទេស នៅក្នុងកម្រិតទទួលខុសត្រូវជាលក្ខណៈវិទ្យាសាស្ត្រ គឺការគោរពច្បាប់ ប៉ុន្តែដើម្បីឈានដល់ការគោរពច្បាប់ភាពចាំបាច់របស់មនុស្សគឺការបណ្តុះខ្លួនឯង ការរៀនដុះខាត់ខ្លួនឯងឱ្យទទួលខុសត្រូវ ជាពិសេសការធ្វើទង្វើសុចរិត។

ជាមួយគ្នានេះ លោក ហ៊ុន កុសល បានអំពាវនាវឱ្យលោក អេង ឆៃអ៊ាង ភាគីលោកសម រង្ស៊ី ក្លាហានទទួលខុសត្រូវ ក្លាហាននូវជំហរខ្លួនឯងពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ ឬទៅថ្ងៃអនាគតគេនឹងរុញចូលគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី នោះ។ ប៉ុន្តែបើគាត់មិនហានសារភាពទេថា គាត់នៅពីក្រោយគណបក្សបេះដូងជាតិ គាត់គួរតែក្លាហានបដិសេធផងដែរថា ខ្លួនលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ឬលោក សម រង្ស៊ី ថា គាត់មិនបាននៅពីក្រោយគណបក្សបេះដូងជាតិ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner