ប្រមុខកោះតៃវ៉ាន់៖ កោះនេះត្រូវតែខ្លាំង និងមានសាមគ្គីភាពជាងនេះ ក្រោយពេលអាមេរិកដកទ័ពពីអាហ្វហ្គានីស្ថាន

តៃវ៉ាន់​ត្រូវ​តែ​ខ្លាំង និង​មាន​សាមគ្គីភាព​ឱ្យ​កាន់​តែ​រឹង​មាំ​ជាង​នេះ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ដក​កង​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន។ នេះ​បើ​តាម​លើកឡើង​របស់​លោកស្រី Tsai Ing-wen លើកឡើង​ក្នុង​ការ​បង្ហោះ​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោកស្រី​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។

យោង​តាម​លោកស្រី ស្ថានភាព​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​នា​ពេល​ថ្មីៗ​នេះ ក៏​ជា​ប្រធាន​បទ​ក្នុង​កិច្ច​ពិភាក្សា​យ៉ាង​ច្រើន​នៅ​ដែនដី​កោះ​តៃវ៉ាន់​ផង​ដែរ។

លោកស្រី​បាន​សរសេរ​ថា «ជម្រើស​តែ​មួយ​គត់​របស់​តៃវ៉ាន់​គឺ ត្រូវ​ធ្វើ​ខ្លួន​ឯង​ឱ្យ​មាន​ភាព​ខ្លាំង​ជាង​មុន មាន​សាមគ្គីភាព​រឹងមាំ​ជាង​មុន និង​ត្រូវ​មាន​ឧត្ដមគតិ​ក្នុង​ការ​ការពារ​ខ្លួនឯង»។ លោក​ស្រី​បាន​បន្ថែម​ថា «យើង​ចង់​ធ្វើ​ឱ្យ​វត្តមាន​របស់​តៃវ៉ាន់​មាន​ន័យ​សម្រាប់​សហគមន៍​អន្តរជាតិ ចង់​សំដៅ​ថា តៃវ៉ាន់​ជា​ធាតុ​មួយ​មិន​ខ្វះបាន​សម្រាប់​សន្តិសុខ​រួម​របស់​សហគមន៍​អន្តរជាតិ»។

លើស​ពី​នេះ​ទៅ​ទៀត​ លោកស្រី​សង្កត់​ធ្ងន់​ថា «ការ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ការពារ​ពី​សំណាក​ប្រទេស​ដទៃ​មិនមែន​ជា​ជម្រើស​មួយ​សម្រាប់​យើង​នោះ​ទេ»។ «ការ​ពឹងផ្អែក​លើ​សមានចិត្ត​ម្ដងម្កាល ឬ ការ​បរិច្ចាគ ពី​សំណាក់​អ្នក​ដែល​មិន​មាន​បំណង​បោះបង់​ចោល​នូវ​គំនិត​ចង់​ប្រើ​កម្លាំង​ប្រឆាំង​នឹង​តៃវ៉ាន់ ក៏​មិនមែន​ជា​ជម្រើស​របស់​យើង​ដែរ»។ នេះ​បើ​តាម​ការ​បន្ត​របស់​លោកស្រី។

តៃវ៉ាន់​ជា​ដែនដី​មួយ​ ដែល​អាច​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​បាន​ប្រៀប​បី​ដូច​ជា​រដ្ឋ​ឯករាជ្យ​មួយ​អញ្ចឹង​។ យ៉ាងណាមិញ នៅ​លើ​ឆាក​អន្តរជាតិ រដ្ឋាភិបាល​ចិន​ដី​គោក​ចាត់​ទុក​ដែនដី​នេះ​ជា​ខេត្ត​មួយ​របស់​ខ្លួន ហើយ​ជា​រឿយៗ​គំរាម​កំហែង​ដល់​ប្រទេស​ណា​ក៏​ដោយ ដែល​ទទួល​ស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​មួយ។

ចំណែក​ឯ​ទំនាក់ទំនង​តៃវ៉ាន់ និង​អាមេរិក​វិញ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​សម្ព័ន្ធមិត្ត​ក្រៅ​ផ្លូវការ ដោយ​អាមេរិក​មាន​ច្បាប់​មួយ​ស្ដីពី «ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់» ដែល​ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមេរិក​លក់​អាវុធ​ទៅ​កាន់​ដែនដី​កោះ​តៃវ៉ាន់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner