កម្ពុជានឹងទទួលញញួរធ្វើជាប្រធានអង្គការអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២ នាថ្ងៃស្អែកនេះ

ភ្នំពេញៈ បន្ទាប់ពីចប់កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ កម្ពុជានឹងទទួលញញួរពីប្រទេសព្រុយណេ ដើម្បីធ្វើជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ បានប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេននៃលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសព្រុយណេ បានបញ្ជាក់ឲ្យដឹងថា លោកបានទទួលការស្នើសុំពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាតំណាងអញ្ជើញទៅទទួលញញួរពីប្រធានរដ្ឋសភានៃប្រទេសព្រុយណេ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ។ ឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់ថា ដោយសារតែបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ការអញ្ជើញទៅទទួលញញួរអាយប៉ាពីប្រធានរដ្ឋសភានៃប្រទេសព្រុយណេ គឺខាងសភាប្រទេសព្រុយណេ អនុញ្ញាតឱ្យតែឯកអគ្គរាជទូតទៅទទួលតែម្នាក់ឯងប៉ុណ្ណោះ។
ចំណែកឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា បន្ទាប់ពីទទួលញញួរពីប្រធានសភាព្រុយណេ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ គឺប្រទេសកម្ពុជានឹងក្លាយជាប្រធានអង្គការអន្តរសភាអាស៊ាន រហូតទៅដល់មហាសន្តិបាតលើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែកញ្ញា ឆ្នាំ២០២២។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចំាឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ។

មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥”។ ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិប្រទេសព្រុយណេដារូស្សាឡាម និងបានភ្ជាប់ទៅបណ្តាសភាសមាជិកអាយប៉ាយទំាង១០ គណៈប្រតិភូប្រទេសដែលជាដៃគូសន្ទនា និងគណៈប្រតិភូប្រទេសសង្កេតការណ៍មួយចំនួនទៀត បានចូលរួមផងដែរ។

ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ជាសកលពីរឆ្នាំហើយ ដែលស្ថាប័នសភាអាស៊ាននេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនតាមប្រព័ន្ធវីដេអូ។ អន្តរសភាអាស៊ានជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ជាសមាជិក។ អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះពេលនេះ ប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេននៃលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner