កិច្ចប្រជុំគណៈកម្មាធិការនយោបាយ អន្តរសភាអាស៊ាន ពិភាក្សាពីការលើកកម្ពស់ សន្តិសុខមនុស្សជាតិ និងសង្គមឌីជីថល ក្នុងតំបន់អាស៊ាន

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន (AIPA) តាមរយៈប្រព័ន្ធវីដេអូ ភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់ទីក្រុង បាន់ដា បេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡឹម ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡឹម ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

សមាសភាពសមាជិកគណៈប្រតិភូគណៈកម្មាធិការនយោបាយអាយប៉ាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះដែរមាន ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា ឯកឧត្ដម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្ដម កែប ជុតិមា អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្ដម នឹម ច័ន្ទតារា លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា និងឯកឧត្ដម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាកម្ពុជា។

កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាននាពេលនេះ ដឹកនាំដោយ លោកជំទាវ Nik Hafimi Abdul Haadii សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃព្រុយណេដារូស្សាឡឹម និងជាប្រធានគណៈកម្មាធិការនយោបាយនៃអន្តរសភាអាស៊ាន (AIPA) លើកទី៤២ ដោយបានធ្វើការពិភាក្សាគ្នាលើរបៀបវារៈចំនួន៥ ដូចខាងក្រោម៖

១. របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកយោបាយអាយប៉ាលើកទី១២
២. សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី “ការលើកកម្ពស់ការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីធន់នឹងលំហអ៊ីនធឺណែតនៅក្នុងអាស៊ាន” (ស្នើដោយប៊្រុយណេ)
៣. សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី “ការលើកកម្ពស់ការសន្តិសុខមនុស្សជាតិ នៅក្នុងបរិយាប័ន្នឌីជីថល សម្រាប់អាស៊ាន” (ស្នើដោយម៉ាឡេស៊ី)
៤. សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី “ជំរុញការទូតសភា ដើម្បីឆ្ពោះទៅសគមន៍អាស៊ាន” (ស្នើដោយប្រទេសថៃ)
៥. សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី “ការគាំទ្ររបស់សភា លើស្ថានភាពនៅមីយ៉ាន់ម៉ា” (ស្នើដោយ ឥណ្ឌូនេស៊ី)

ឯកឧត្ដម ឈាង វុន បានផ្ដល់បទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំ ដោយបានលើកឡើងពីសារៈសំខាន់នៃការធ្វើឌីជីថលូបនីយកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនានាទាក់ទងទៅនឹងការធ្វើឌីជីថលូបនីយកម្ម ក្រោមក្របខណ្ឌនៃគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបទៅនឹងជីវភាពនៃការរីកចម្រើនក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ននេះ។

ឯកឧត្ដមប្រធានគណៈប្រតិភូបានមានប្រសាសន៍ទៀតថា គណៈប្រតិភូកម្ពុជាឯកភាពចំពោះការពិភាក្សាទៅលើរបៀបវារៈទាំង៤ខាងដើម។ ចំណែករបៀបវារៈចុងក្រោយគឺសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពី “ការគាំទ្ររបស់សភា លើស្ថានភាពនៅមីយ៉ាន់ម៉ា” ដែលស្នើឡើងដោយឥណ្ឌូនេស៊ី គណៈប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា ក៏ដូចជាគណៈប្រតិភូសមាជិកសភាអាយប៉ាមួយចំនួនផ្សេងទៀត មិនទាន់មានការឯកភាពគ្នាសម្រាប់ការពិភាក្សាទេ។

ឯកឧត្ដម ឈាង វុន បានលើកឡើងថា គណៈប្រតិភូសភាអាយប៉ាកម្ពុជាបានស្នើថា គួរបន្តទុកពេលវេលាជូនអាស៊ានដើម្បីអនុវត្តចំណុចដែលបានឯកភាពគ្នាជាឯកច្ឆ័ន្ទទាំង៥ នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កន្លងមក នៅឥណ្ឌូនេស៊ី។

ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចែករំលែកគោលនយោបាយឈ្នះ ឈ្នះរបស់កម្ពុជាប្រកបដោយជោគជ័យ ក្នុងការនាំមកនូវសន្តិភាព និងការផ្សះផ្សាយូរអង្វែង ដែលរួមចំណែកដល់ការអនុវត្តចំណុចឯកភាពទាំង៥ខាងលើ។

ឯកឧត្ដម ឈាង វុន បានបញ្ជាក់ថា សភាកម្ពុជាលើកទឹកចិត្តឲ្យមានកិច្ចសន្ទនាប្រកបដោយន័យស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធនានា និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាយប៉ា ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ និងបំណងប្រាថ្នារបស់អាស៊ាន។ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាននៅពេលនេះ បានឯកភាពគ្នាទៅលើរបៀបវារៈ តែ៤ប៉ុណ្ណោះ ចំណែករបៀបវារៈទី៥ (ចុងក្រោយ) គឺសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពី “ការគាំទ្ររបស់សភា លើស្ថានភាពនៅមីយ៉ាន់ម៉ា” អង្គប្រជុំមិនទាន់មានការឯកភាពលើកយកមកពិភាក្សានោះទេ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner